កម្មវិធីរាត្រីសប្បុរសធម៌ រៃអង្គាសថវិកាបានចំនួនជាង៣ម៉ឺនដុល្លារ សម្រាប់ផ្តល់ជូនមន្ទីរពេទ្យ​កុមារអង្គរខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ — ដើម្បីចូលរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារ ក្លិបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប សហការជាមួយមន្ទីរពេទ្យកុមារអង្គរ បានរៀបចំកម្មវិធីរាត្រីសប្បុរសធម៌មួយ នៅសណ្ឋាគារ មេម័រ ផាលេស រីសត និងស្ប៉ា ដើម្បីរៃអង្គាសថវិកាឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរ ហើយ ពិធីនេះ រៃអង្គាសថវិកាបានចំនួនជាង៣ម៉ឺនដុល្លារ។
លោក ហ្វីលីប កៅ ប្រធានក្លិបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បានថ្លែងនៅក្នុងកម្មវិធី​រាត្រី​សប្បុរសធម៌កាលពីរាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះថា ជារៀងរាល់ខែប្រតិបត្តិករ​ទេសចរណ៍ទាំងអស់នៅក្នុងខេត្តសៀមរាបតែងតែជួបប្រជុំគ្នា ដើម្បីជជែកពិភាក្សាគ្នាពី វិស័យ ទេសចរណ៍ និងដោះស្រាយបញ្ហាដែលបានជួបប្រទះផ្សេងៗ ប៉ុន្តែសម្រាប់ខែធ្នូ ឆ្នាំ២០១៨នេះ ក្លិបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប សហការជាមួយមន្ទីរពេទ្យកុមារអង្គរ បានរៀបចំ​កម្មវិធីរាត្រីសប្បុរសធម៌មួយ នៅសណ្ឋាគារមេម័រ ផាលេស រីសត និងស្ប៉ា ដើម្បីរៃអង្គាស​ថវិកាឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរ ហើយពិធីនេះរៃអង្គាសថវិកាបានចំនួន៣៥.៥៤០ម៉ឺន​ដុល្លារ។


លោក ទេព ណាវី អនុប្រធានមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបបានថ្លែង អំណរគុណ​ចំពោះការចូលរួមគាំទ្រដល់មន្ទីរពេទ្យនេះឱ្យមានដំណើរការក្នុងការជួយព្យាបាលដល់កុមារ កម្ពុជាគោលបំណង ផ្តល់ការព្យាបាលប្រកបដោយគុណភាពដល់កុមារ និងជាមជ្ឈមណ្ឌល​សម្រាប់ការបណ្តុះបណ្តាលដល់បុគ្គលិកផងដែរ។ លោកបានបន្តថា ចាប់តាំងពីដំណើរ​ការ​រហូតមកដល់សព្វថ្ងៃនេះមន្ទីរពេទ្យកុមារអង្គរបានទទួលការជួយឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងជាតិនិងអន្តរជាតិ។ ទន្ទឹមនេះ ជារៀងរាល់ថ្ងៃមន្ទីរពេទ្យទទួលកាព្យាបាលកុមារ​ប្រមាណ​៥០០នាក់ដោយមានគិតកម្រៃឡើយ មន្ទីរពេទ្យជួយដល់កុមារលើសេវាសង្គ្រោះបន្ទាន់ ការវះ​កាត់បេះដួង និងជំងឺទូទៅ ព្រមទាំងបន្ទប់សម្រាប់អ្នកជំងឺសម្រាកផងដែរ។​បន្ថែមពីនេះ​មន្ទីរ​ពេទ្យបានជួយបណ្តុះបណ្តាលបុគ្គលិករបស់មន្ទីរពេទ្យផ្ទាល់ដោយ ក្នុងការពង្រឹងសមត្ថភាព​ជំនាញវិស័យសុខាភិបាល។

លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨នេះ មន្ទីរពេទ្យកុមារអង្គរបានចំណាយថវិកា​ចំនួន៦.៥​លានដុល្លារសម្រាប់បម្រើសេវាសុខាភិបាលនៅក្នុងមន្ទីរពេទ្យនេះ ហើយថវិការទាំងនេះបាន​មក​ពីប្រភពចំនួន៣សំខាន់ គឺមកក្រៅប្រទេស ពីរដ្ឋាភិបាលកម្ពុជា និងពីសប្បុរស់ជនក្នុង​ស្រុក។ លោកបានបន្ថែមថា មន្ទីរពេទ្យកុមារត្រូវការជួយឧបត្ថម្ភពីសប្បុរស ជននានាជាបន្ត ​ទៀតដើម្បីឱ្យដំណើរការជួយសង្គ្រោះអាយុជីវិតកុមាររបស់មន្ទីរពេទ្យនេះអាចទៅមុខទៀត បានដោយជោគជ័យនៅក្នុងឆ្នាំ២០១៩។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា កម្មវិធីរាត្រីសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរ គឺជាសកម្មភាពដ៏ល្អប្រសើរបំផុត សម្រាប់ជួយដល់កុមារដែលមានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ​កុមារនេះ។លោកអភិបាលរងបានបន្តថា បើទោះនៅខេត្តសៀមរាបមានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពជាច្រើនក្តី ប៉ុន្តែវិសាលភាព និងបរិមាណមិនគ្រប់គ្រាន់ ក្នុង ការបម្រើសេវាសុខភាពឱ្យបានល្អប្រសើរនៅឡើយ ដែលទាមទារឱ្យមានការបំពេញ​បន្ថែម​ពីផ្នែកឯកជន និងដៃគូនានា ដើម្បីជំរុញឱ្យសេវាសុខាភិបាលកាន់តែល្អថែមទៀត។ ជាមួយ​គ្នានេះដែរ មន្ទីរពេទ្យកុមារធំៗចំនួនពីរ បានកំពុងប្រតិបត្តិការរបស់ខ្លួន ដោយមិនគិតកំរៃ ក្នុងការជួយសង្គ្រោះអាយុជីវិតកុមាររាប់ម៉ឺននាក់ ក្នុងនោះមានមន្ទីរពេទ្យកុមារអង្គរ​និងមន្ទីរ​ពេទ្យ​គន្ធបុប្ផា។ លោកបានបន្ថែមថា សកម្មភាពសប្បុរសធម៌ក្នុងរាត្រីនេះ ជាការរួមចំណែក​យ៉ាងធំធេងដល់ការងារមនុស្សធម៌ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សពិសេសគឺកុមារដែលជាទំពាំងស្នងឬស្សីសម្រាប់បន្តវេនអភិវឌ្ឍន៍សង្គមជាតិនាពេលអនាគត។
លោកអភិបាលរងខេត្ដក៏បានអំពាវនាវឱ្យសប្បុរសជន ដែលមានទ្រព្យសម្បត្តិច្រើនចូលរួមធ្វើ​សកម្ម​ភាពមនុស្សធម៌បែបនេះឱ្យបានកាន់តែច្រើន។

ដោយ ឃុត សៅ