អាជ្ញាធររាជធានីភ្នំពេញ ជំរុញឱ្យប្រធានពន្ធនាគារ បន្តយកចិត្តទុកដាក់ អប់រំហ្វឹកហ្វឺនណែនាំ កែប្រែ ទណ្ឌិតក្នុងពន្ធនាគារ ឱ្យក្លាយទៅជាមនុស្សល្អ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានជំរុញឱ្យមន្រ្តី និងថ្នាក់ដឹក នាំពន្ធនាគារ បន្តយកចិត្តទុកដាក់ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការអប់រំហ្វឹកហ្វឺន ណែនាំ កែប្រែ និងផ្តល់​វិជ្ជាជីវៈដល់ទណ្ឌិតក្នុងពន្ធនាគារ ឱ្យក្លាយទៅជាមនុស្សល្អ ដើម្បីឱ្យពួកគេធ្វើសមាហរណកម្ម​ខ្លួន​ទៅក្នុងគ្រួសារ និងសង្គមវិញ ។

ការលើកឡើងបែបនេះធ្វើឡើង កាលពីថ្ងៃសុក្រ ៦រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១៨ ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានមន្ទីរ ពន្ធនាគាររាជធានី​ភ្នំពេញ ដែលត្រូវតាំងតាំងលោក ឈីម ធីដា ជាប្រធាន និងផ្ទេរលោក ពេជ្រ យ៉ុន ឱ្យទៅ​បម្រើការងារ នៅក្រសួងមហាផ្ទៃវិញ។

ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុក​ដាក់ខ្ពស់លើកិច្ចការងារពន្ធនាគារ ដែលនេះគឺបានបង្ហាញឱ្យឃើញពីកិច្ចខំប្រឹងប្រែង របស់​អង្គភាព ក្នុងការគ្រប់គ្រងជនជាប់ឃុំ និងទណ្ឌិតឱ្យធានាសន្តិសុខ សុវត្ថិភាព និងគោល ការណ៍មនុស្សធម៌ ស្របតាមតួនាទីភារកិច្ចដូចមានចែងក្នុងច្បាប់ ស្តីពី ពន្ធនាគារ និងប្រកាស ស្តីពីការគ្រប់គ្រងពន្ធនាគារ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីអប់រំហ្វឹកហ្វឺន ណែនាំឱ្យ ទណ្ឌិតក្នុងពន្ធនាគារក្លាយជាមនុស្សថ្មីក្នុងសង្គមជាតិ។ ឯកឧត្តមបានបន្ដថា បច្ចុប្បន្នជន​ដែល​​ជាប់ឃុំ និងកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគាររាជធានីភ្នំពេញ មានចំនួន២២៦នាក់ ស្រី៣០​នាក់ ក្នុងនោះមានបទល្មើសមជ្ឈឹមចំនួន ៣៥នាក់ ស្រី៣នាក់ បទ ល្មើស ចំនួន១៩៤​នាក់ ស្រី២៧នាក់ ។ ឯកឧត្ដមបានបន្ដថា សម្រាប់ពិធីប្រកាសតែងតាំងមុខដំណែងនៅថ្ងៃនេះ ធ្វើឡើងជាធម្មតានៅក្នុងដំណើរការមុខងារសាធារណៈ សម្រាប់ជាមន្រ្តីរាជការស៊ីវិល ដែល​តែង​តែមានការតែងតាំង ប្តូរភារកិច្ច សម្រួលភារកិច្ច និងចូលនិវត្តន៍ទៅតាមនីតិវិធី​ដែលបាន​កំណត់ ។

ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្នើឱ្យ​ប្រធានពន្ធនាគាររាជធានីភ្នំពេញថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវខិតខំបង្កើនសមត្ថកិច្ចគ្រប់គ្រងឱ្យបានជាប់ជាប្រចាំ ដូច​ជា ត្រូវពង្រឹងនូវការងារយាមកាមពន្ធនាគារ ២៤ម៉ោងលើ២៤ម៉ោង ត្រូវយកចិត្តទុក​ដាក់​លើការងារសន្តិសុខ ទាំងក្នុងនិងក្រៅបរិវេនពន្ធនាគារ ដើម្បីចាត់វិធានការតឹងរ៉ឹង ចំពោះ​ចំណុច​ខ្វះចន្លោះ ក៏ដូចជាការឆែកឆេររឹបអូសការយកសម្ភារៈហាមឃាត់ នាំចូលទៅក្នុងពន្ធនា​គារ ដោយទណ្ឌិត ដែលជាការបង្ករឱកាសមធ្យោបាយរបស់ទណ្ឌិត និងទប់ស្កាត់បទ​ល្មើសផ្សេងៗក្នុងពន្ធនាគារកុំឱ្យកើតមាន។ ឯកឧត្ដមក៏បានជំរុញឱ្យមន្រ្តីពន្ធនាគារទាំងអស់ អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងមិនប្រព្រឹត្តអំពើពុករលួយ មានក្រមសីលធម៌ និងមានវិន័យជាអនុរក្សពន្ធនាគារ ដើម្បីជួយឲ្យពួកគេធ្វើការកែប្រែខ្លួន ក្លាយជាពលរដ្ឋល្អពិតប្រាកដ និងមិនត្រូវធ្វើខ្លួនជាចៅហ្វាយនាយរបស់ទណ្ឌិតឡើយ។

សូមបញ្ជាក់ថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈឹម ធីតា ប្រធានពន្ធនាគារ ខេត្ត​ស្ទឹងត្រែង ត្រូវបានផ្ទេរមកកាន់មុខតំណែងជាប្រធានពន្ធនាគារ រាជធានីភ្នំពេញ ជំនួសលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ពេជ្រ យ៉ុន ដែលត្រូវឡើងទៅ កាន់មុខដំណែងថ្មី ជាអនុ​ប្រធាន​នាយកដ្ឋានបណ្តុះបណ្តាល វិជ្ជាជីវៈ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ។ ចំណែកលោកវរៈអគ្គានុរក្ស ថ្នាក់លេខ១ឈុន ដារ៉ា ត្រូវកាន់មុខតំណែង ជាប្រធានពន្ធ​នាគារថ្មី ខេត្តស្ទឹងត្រែង ៕

ដោយ សួស សំរិត