ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាឯកច្ឆ័ន្ទលើសេចក្តីស្នើវិសោធនកម្មច្បាប់មាត្រា៤៥ថ្មី(ស្ទួន)ស្តីពីគណបក្សនយោបាយថាគឺស្របតាមធម្មនុញ្ញភាព

AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ — ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសយល់ស្របជាឯកច្ឆ័ន្ទ ចំពោះច្បាប់ស្តីពីវិសោធនកម្មមាត្រា​៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយដោយអះអាងថា គឺស្របតាមធម្មនុញ្ញភាព។ ក្នុងកិច្ចប្រជុំពេញអង្គ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលដឹក នាំដោយ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេច សំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញ ភាពស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ ស្តីពីគណបក្សនយោបាយ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។  ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆ័ន្ទ ដោយចំនួន៨សំឡេង នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល ដោយលើកឡើងថា ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ស្របតាម ធម្មនុញ្ញភាព។សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋសភា បានប្រកាសជាសាធារណៈ ពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវផ្តល់សិទ្ធិឱ្យនាយករដ្ឋមន្ត្រី ផ្តល់ សម្បទានដល់អ្នកនយោបាយ១១៨រូប ដែលជាសមាជិករបស់អតីតគណបក្ស​សង្គ្រោះ​ជាតិ ដែលតុលាការហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ ឱ្យមានសិទ្ធិធ្វើ នយោបាយឡើង វិញ បន្ទាប់ពីតំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីច្បាប់ស្តីពីវិសោធ នក ម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ៕

ដោយ ប៊ុនរិទ្ធ