រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីក្រុងពាលីបើកកម្មវិធីបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២០១៨ — ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ មន្ត្រីសភាពាណិជ្ជកម្មខេត្ត រៀបចំពិធីបួងសួងសុំសេចក្តីសុខនៅមុខរូបសំណាកតោ២ និងធ្វើពិធីក្រុងពាលី បើកកម្មវិធីបុណ្យឆ្លងឆ្នាំសកល២០១៨-២០១៩ នៅឆ្នេរឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។ លោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យ ដឹងថា ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ ប្រារព្ធធ្វើនៅឆ្នេរឯករាជ្យ  ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលមានស្តង់ពិព័រណ៍ចំនួន២៥០ស្តង់ ដាក់តាំងបង្ហាញនូវផលិតផលខ្មែរ និងម្ហូបអាហារ ក្រៅពីនោះក៏មានការប្រគំតន្ត្រី និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។ក្នុងឱកាសនោះ ខេត្តនឹងមានបាញ់កាំជ្រួចដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល នៅថ្ងៃបើកកម្មវីធី និងថ្ងៃឆ្លងឆ្នាំសកលទី៣១ ខែធ្នូខាងមុខ ឱ្យកាន់តែសប្បាយរីករាយ និងបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ដែលមានវិស័យពាណិជ្ជកម្ម ឧស្សា ហកម្ម កសិកម្ម និងទេសចរណ៍ដ៏សម្បូរបែប នឹងនាំមកនូវព្រឹត្តិការណ៍សប្បាយៗ ជាច្រើន ទៀតជូនភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀតនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ នាពេលខាងមុខ៕

ដោយ ងូ សុមុនី