ឯកឧត្ដម ថោង លីម​ ដឹកនាំ​កិច្ច​ប្រជុំ ដើម្បីពង្រឹងសន្តិសុខ​ សណ្តាប់​ធ្នាប់​នៅខេត្តជាប់សមុទ្រ

AKP ​ព្រះសីហនុ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ — នាព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨  ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ថោង លីម​ អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀប​រៀប​រយ​សង្គម​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រមានខេត្តកំពត​ និងខេត្តកែប បាន​ដឹកនាំកិច្ចប្រជុំ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានការចូលរួមពីថ្នាក់ដឹកនាំស្នងការ ស្នងការ​រង​ ខេត្ត​ព្រះសីហនុ​ ខេត្តកែប និង​ខេត្ត​កំពត​។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍លើកឡើងអំពីសភាពការណ៍សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈក្នុ​ង​រយៈពេល​៣ ខែ​កន្លង​មក​នេះ​ និង​បញ្ហា​ប្រឈម​នានា​ ដែល​កើត​មាន​ឡើង​មាន​ជាអាទិ៍​បញ្ហា​សណ្តាប់​ធ្នាប់​ចរាចរណ៍​ ​ការ​កកស្ទះ​ កំណើន​នៃ​ការ​ប្រើប្រាស់​យាន​យន្ត​ ផ្លូវ​ចង្អៀត​ ​មិន​គោរព​ច្បាប់​ចរាចរណ៍​ជាដើម។

ឯកឧត្ដម​នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បាន​មានប្រសាសន៍​ កោតសរសើរកម្លាំងសមត្ថកិច្ចខិតខំបំពេញការងារបានល្អ ថ្វីត្បិតតែនៅមាន ចំណុចខ្វះខាតមួយចំនួន យើងត្រូវកែលម្អ បំពេញបន្ថែម និងបានជំរុញឱ្យកម្លាំង សមត្ថកិច្ច បន្តផ្សព្វផ្សាយផែនការរបស់ថ្នាក់លើឱ្យដល់​មូលដ្ឋាន ពេល​ដែល​មូលដ្ឋាន​អនុវត្ត​ន៍តាម​ផែន​ការ​របស់​ថ្នាក់​លើ​បាន​ជោគជ័យ​ ធ្វើឱ្យ​ភូមិ​ឃុំ​ មានមានសុវត្ថិភាពក្នុង​ខេត្ត​ទាំង​មូល​ នឹង​ទទួល​បាន​សុវត្ថិភាពល្អ។ឯកឧត្ដម​អគ្គស្នងការរងនគរបាលជាតិបន្តថា ពិសេសត្រូវអនុវត្តន៍នូវគោលនយោបាយ ៩ចំណុចរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ និងកាត់បន្ថយនូវបទល្មើសក្នុងមូលដ្ឋាន បង្កើតភាពសុខសាន្តជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសកាត់បន្ថយនូវការស្ទះ ចរាចរណ៍បានថែមទៀតផង៕

ដោយ ងូ សុមុនី