អាជ្ញាធរខេត្តសៀមរាប​រំពឹងថា ក្នុងឱកាស​បុណ្យ​ឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ ខេត្តនឹងទទួលបានភ្ញៀវទេសចរច្រើនជាងបណ្តាឆ្នាំមុនៗ

AKP សៀមរាប ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ — អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបអះអាងថា ខេត្ត​សៀមរាប​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ទទួល​ភ្ញៀវ​ទេស​ចរនៅ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នំា​សកលឆ្នំា២០១៨ ចូលឆ្នាំ២០១៩ ទាំងការ​តុបតែងភ្លើង​លម្អ និងកម្លំាងការពារសន្តិសុខ ហើយឆ្នាំនេះអាជ្ញាធរខេត្តសៀមរាប​រំពឹងថា និងទទួលបានភ្ញៀវទេសចរច្រើនជាងបណ្តាឆ្នាំមុនៗ។
លោក លី សំរិទ្ធ អភិបាលរងខេត្ត​ និង​ជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបាន​ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះថា ជារាងរាល់ឆ្នាំនៅក្នុងឱកាសឆ្លងឆ្នាំសកលខេត្ត​សៀមរាប​គឺ​ជា​ទិសដៅទេសចរណ៍​​មួយ​ដ៏សំខាន់​ដែល​អ្នកទេស​ចរជាតិ និងអន្តរជាតិ​ រាប់ម៉ឺននាក់បានមក​ប្រ​មូល​ផ្តុំ​ជួបជុំគ្នា​សប្បាយរីករាយ ដោយសារតែខេត្តសៀមរាប មានសក្តានុពទេសចរណ៍ច្រើន ដែលអាចឱ្យអ្នកទេសចរកម្សាន្តបានទាំងថ្ងៃ និងយប់ ប្រកបដោយភាពសប្បាយរីករាយ។
លោកបន្តថា រហូតមកដល់ថ្ងៃទី២៨នេះអាជ្ញាធរខេត្ត​សៀមរាប​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ទទួល​ភ្ញៀវ​ទេស​ចរនៅ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នំា​សកលឆ្នំា២០១៨ចូលឆ្នាំ២០១៩ ទាំងការ​តុបតែងភ្លើង​លម្អនិងកម្លំាងការពារសន្តិសុខ ដើម្បី​ធានាសុវត្ថិភាព​ជូន​ភ្ញៀវទេសចរជាតិនិងអន្តជាតិដែលបាន​មកកម្សាន្តនៅខេត្តសៀមរាប​ ជាពិសេសនៅ​តំបន់​ផាប់ស្ទ្រីត (PUB STREET) ដែល​ជាកន្លែង​ប្រមូល​ផ្តុំ​មនុស្សច្រើន គឺអាជ្ញាធរបាន​ដាក់​ពង្រាយសមត្ថកិច្ចជាច្រើននៅទីនោះ និងមាន​ការមេរ៉ាសុវត្ថិភាព​ថតពីលើ ដើម្បីត្រួតពិនិត្យមើលពីសន្តិសុខ សុវត្ថិភាពឱ្យបានកាន់តែល្អប្រសើរផងដែរ។


លោក លី សំរិទ្ធ បាន​រំពឹង​ទុកថា នេះអាជ្ញាធរខេត្តសៀមរាប​រំពឹងថា និងទទួលបានភ្ញៀវទេសចរច្រើនជាងបណ្តាឆ្នាំមុនៗ ដោយសារខេត្តសៀមរាប​មាន​កន្លែងកម្សាន្តច្រើន មាន​សុវត្ថិភាពល្អ ជាពិសេសពេលថ្ងៃអ្នកទេសចរអាច​ដើរកម្សាន្តនៅតាម​រមណីយដ្ឋាននានា និងប្រាសាទបុរាណ ហើយពេលយប់អាចមកជួបជុំគ្នានៅផប់ស្ទ្រិត នៅតាម​សណ្ឋាគារ និងនៅតាមកន្លែងកម្សាន្តជាច្រើនទៀតដែលមាននៅក្នុងក្រុងសៀមរាប​។

លោក​បាន​បញ្ជាក់ថា សម្រាប់សេវាស្នាក់នៅ ​សេវាម្ហូប​អាហារ អជ្ញា​ធរ​បាន​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទីផ្សារ​ និង​រមណីយដ្ឋាន​មិន​ឱ្យ​ឡើង​ថ្លៃ​ហួសហេតុ​ពេក​នោះ​ទេ​ ហើយ​ម្ហូបអា​ហារ​ទំាង​អស់​ត្រូវតែ​មាន​សុវត្ថិភាព​ទំាង​អនាម័យ​ និង​គុណ​ភាព ជាពិសេសគឺ​ត្រូវ​បង្ហាញ​មុខ​ម្ហូប​ខ្មែរ​ឱ្យ បាន​ច្រើន​ដើម្បី​ឱ្យ​ភ្ញៀវ​ទេស​ចរបរទេសគេ​បាន​ឃើញ​និង បាន​ស្គាល់​រស់​ជាតិ​។

សម្រាប់ខេត្តសៀមរាបសម្រាប់ថ្ងៃធម្មតា និងថ្ងៃពិធីបុណ្យជាតិ និងអន្តរជាតិធំៗ សម្រាប់សេវាស្នាក់នៅ ​សេវាម្ហូប​អាហារ គឺមានការឡើងថ្លៃហួសហេតុទេ ព្រោះថា បើអាជីវករហានឡើងថ្លៃមិនអាចទទួលយកបានអាជ្ញាធរមានវិធានការ ហើយភ្ញៀវទេសចរ ក៏គេឈប់មកកម្សាន្តនៅទីនេះទៀតដែរ ដូច្នេះហើយបាន​ជាកន្លងមកមិនដែលមាន​បញ្ហានេះទេ៕

ដោយ ឃុត សៅ