ជប៉ុនចុះកិច្ចសន្យាផ្តល់ជំនួយទឹកប្រាក់ ៦៩២.៥២២ដុល្លារអាម៉េរិក សម្រាប់គម្រោងអភិវឌ្ឍន៍របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួនពីរនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ — ក្រោមគម្រោងជំនួយឥតសំណងសម្រាប់សន្តិសុខមនុស្សជាតិថ្នាក់មូលដ្ឋាន «គូសាណូណិ» រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយថវិកាចំនួន ៦៩២.៥២២ដុលារអាម៉េរិក សម្រាប់​គម្រោងអភិវឌ្ឍន៍របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួនពីរនៅកម្ពុជា។ កិច្ច សន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅស្ថាន ទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រវាងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ជាមួយលោក TEZUKA Koji នាយករងការិយាល័យអាស៊ីអាគ្នេយ៍ នៃអង្គការក្រៅរដ្ឋាភិបាល Heart of Gold និងលោកស្រី MINAMI Yumiko នាយិកាអង្គការ FIDR។ 

ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្លែងថា គម្រោងទីមួយសម្រាប់អង្គការ Heart of Gold រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ ៣៩៦.០០០ដុល្លារអាម៉េ​រិក សម្រាប់ការកែទម្រង់កម្មវិធីសិក្សា បណ្តុះបណ្តាលធនធានមនុស្ស ថែរក្សាអគារ ព្រមទាំងដើ​ម្បីឱ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្លា​យ​ជាវិទ្យាស្ថានគរុកោសល្យ៤ឆ្នាំ ក្នុងមុខវិជ្ជាអប់​រំកាយ។ គម្រោងទីពីរសម្រាប់អង្គការ FIDR រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ ២៩៧.០០០ដុល្លារអាម៉េរិក សម្រាប់ការលើកកម្ពស់ ផលិតភាពនៃការដាំដុះស្រូវ ការធ្វើពិពិធកម្មនៃកសិកម្ម ការកែលម្អចំណីអាហារ ការបង្កើត បណ្តាញនៃប្រជាជន ដែលរស់នៅក្នុងតំបន់ និងការពង្រឹងសហប្រតិបត្តិការក្នុងវិស័យ កសិកម្មនៅក្នុងស្រុកបី នៃខេត្តកំពង់ឆ្នាំង។

ឯកឧត្តមឯកអគ្គរាជទូតរំពឹងថា តាមរយៈគម្រោងនេះប្រជាជន ដែលរស់នៅក្នុងតំបន់ អាចកែលម្អជីវភាពរស់នៅរបស់ពួកគេ ទទួលបានអាហារគ្រប់គ្រាន់ និងមានជីវជាតិថែរក្សាសុខភាពបានល្អ។ លោកស្រី MINAMI Yumiko នាយិកាអង្គការ FIDR តាងនាមឱ្យបុគ្គលិករបស់មូល និធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិទាំងអស់ ព្រមទាំងដៃគូពាក់ព័ន្ធ របស់គម្រោង និងប្រជាកសិករចំនួន ៤៨.០០០នាក់ ដែលរស់នៅក្នុងឃុំគោលដៅរបស់ គម្រោងទាំង៩ និងភូមិចំនួន៦៣ ក្នុងខេត្តកំពង់ឆ្នាំង សូមសម្តែងនូវការអរគុណដ៏ជ្រាលជ្រៅ បំផុតជូនចំពោះឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ព្រមទាំងមន្ត្រីទាំងអស់ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងបុគ្គលិកផ្នែកសហប្រតិបត្តិការអង្គការក្រៅរដ្ឋាភិបាល នៃក្រសួងការបរទេសជប៉ុន ដែលបន្តគាំទ្រដល់គម្រោងនេះ។ លោកស្រីប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែងធ្វើកិច្ចការទាំងនេះ ដើម្បីសម្រេចឱ្យ បាននូវសមិទ្ធផល និងផ្តល់ជាប្រយោជន៍យ៉ាងច្រើនសម្រាប់សហគមន៍។

តាមឯកសារ របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា គម្រោងជំនួយឥតសំណងគូសាណូណិ របស់ រដ្ឋាភិបាលជប៉ុនបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុងអំឡុង ឆ្នាំ១៩៩១។ លោកស្រីបន្តថា «គូសាណូណិ» មានន័យថាជា «មូលដ្ឋាន» តាំងពីគម្រោងនេះបាន ចាប់ផ្តើមមក ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានផ្តល់នូវជំនួយឥតសំណងទៅដល់ថ្នាក់មូលដ្ឋាន ជាង៥៨០គម្រោង។ ក្នុងឆ្នាំ២០០៣ ឈ្មោះរបស់គម្រោងនេះត្រូវបានប្តូរទៅជា «គម្រោង សន្តិសុខមនុស្សជាតិថ្នាក់មូលដ្ឋាន» ដើម្បីឆ្លុះបញ្ចាំងពីការកើនឡើងនៃការយក ចិត្តទុកដាក់ទៅផ្នែក សន្តិសុខមនុស្សជាតិ។ គម្រោងនេះក្នុងគោលដៅការអប់រំកម្រិតមូលដ្ឋាន , សុខាភិបាល និងការថែទាំវេជ្ជសាស្ត្រ , កសិកម្ម និងប្រព័ន្ធធារាស្ត្រ , ការកែលម្អស្ពាន និងផ្លូវថ្នល់ , ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុខុមាលភាពសង្គម៕

ដោយ ប៉ាល់ សុង