សម្ដេចតេជោផ្ដាំទៅសកម្មជនបក្សប្រឆាំងថា «ខ្មោចដែលវាងាប់ទៅវាមិនអាចរស់​ឡើងវិ​ញ​បានទេ សូមកុំព្យាយាមឱ្យព្រះអាទិត្យរះនៅម៉ោង១២អធ្រាត្រ»

AKP កណ្តាល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ — ក្នុងខណៈមួយរយៈចុងក្រោយនេះសកម្មជនអតីតគណបក្សសង្គ្រោះជាតិមួយចំនួន បា​ន​​ធ្វើការបំផុស​​ប្រមូលគ្នារៀបចំកម្លាំងរចនាសម្ព័ន្ធតាមស្រុក តាមឃុំ ភូមិ ឱ្យមកធ្វើការ​ឡើង​វិញ​​រហូតមានដល់ការសូកប៉ាន់ផងនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផ្ដាំថា«ខ្មោចដែលវាងាប់ទៅហើយ វាមិ​ន​អាចរស់ឡើងវិញបានទេ សូមកុំព្យាយាមឱ្យព្រះអាទិត្យរះ នៅម៉ោង១២អធ្រាត្រ»។
ក្នុងពិធី​​ជួ​បសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ១៥ ៦០៦ នាក់មក​ពី​រោងចក្រ សហគ្រាសចំនួន ២២ នៅ ខេត្តកណ្ដាល និ​ង​ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ៤រោច ខែ​​មិគសិរ ឆ្នាំច សំ​រឹ​​ទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិស្រះពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ព​ញា​ឮ ខេត្តកណ្តាល សម្ដេចតេជោ ថ្លែងថា វិសោធនកម្ម មាត្រា៤៥ ថ្មី(ស្ទួន) នៃ​ច្បាប់ ស្តីពី គណបក្សនយោបាយ ដែលបានបើកផ្លូវឱ្យមន្ត្រីបក្សប្រឆាំង​មួយចំនួន​បាន​ឆ្លង​ផុ​ត​​បម្រាមហាមធ្វើនយោបាយនោះ បាន​ផ្ដល់សិទ្ធិឱ្យនាយករដ្ឋមន្ត្រី តាមសំណើរបស់​រដ្ឋ​មន្ត្រី​ក្រ​​សួ​ងមហាផ្ទៃ ស្នើទៅព្រះមហាក្សត្រត្រូវបានព្រឹទ្ធសភាអនុម័តរួចស្រេចទៅហើយ បន្ទាប់​មក​នឹង​ត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ នៅពេលដែលក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យរួចហើយ នឹង​ដា​ក់​ថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខា។

សម្ដេចបន្តថា ខ្ញុំសូមបញ្ជាក់សាជាថ្មីចំពោះ​មនុ​ស្ស​ល្ង​ង់មួយចំនួនដែលមិនយល់ ច្បាប់នេះគឺធ្វើតម្រូវសម្រាប់បណ្ដាបក្សនយោបាយ​ទាំងអស់​នៅពេលខាងមុខ មិនមែនតម្រូវ មនុស្សមួយក្រុមណានោះជាក់លាក់ទេ។ ពិតហើយមនុស្ស​មួ​យ​ចំនួនដែលកំពុងជាប់បម្រាមនេះ មិនមែនច្បាប់នេះចេញទៅរួចខ្លួនជាស្វ័យប្រវត្តិនោះទេ គឺ​អ្ន​ក​ឯងត្រូវធ្វើការសុំម្ដងម្នាក់ មិនមែនធ្វើការសុំជាកញ្ចប់នោះទេ អ្នកឯងជ្រើសរើសទៅ អ្នក​ឯ​ង​​អាច​ស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើក​សំណើមកនា​យ​ក​​​រដ្ឋ​ម​ន្ត្រី បន្ទាប់មកនាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ ហើយព្រះមហាក្សត្រ​ចេញ​ព្រះ​​រាជក្រឹត្យលើកលែងបម្រាមនោះ ដែលនេះគឺជាជម្រើសទីមួយ។ ជម្រើសទីពីរ អ្នកអាច​លើ​ក​សំណើ​ផ្ទាល់មកនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីនិងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើ​ម្បី​ពិនិត្យថា តើវាគ្រប់លក្ខណៈសម្បត្តិដើម្បីទទួលបាននូវការលើកលែងឬអត់ ហើយចាំ​ស្នើ​ត្រ​ឡប់មកនាយករដ្ឋមន្ត្រីវិញ បន្ទាប់មកនាយករដ្ឋមន្ត្រីនឹងធ្វើសំណើថ្វាយព្រះមហាក្សត្រ ដើ​ម្បី​សុំលើកបម្រាមនោះ។ ជម្រើសទីបី អ្នកអាចធ្វើលិខិតត្រង់ថ្វាយព្រះមហាក្សត្រ ដើម្បី​ស្នើ​សុំ​លើក​លែង ព្រះមហាក្សត្រតាមទម្លាប់ធម្មតាគឺបញ្ជូនមកឱ្យនាយករដ្ឋមន្ត្រីមានយោបល់ នាយ​ក​រដ្ឋមន្ត្រីនិងផ្ដល់នូវសំណើនោះ ទៅឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យ ថាតើមានគ្រប់លក្ខណៈ​ស​ម្បត្តិ​ឬយ៉ាងណា ហើយលិខិតនោះជាលិខិតទទួលយកបានឬអត់ រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ​ពិ​និ​ត្យរួចហើយ ក៏បញ្ជូនត្រឡប់មកនាយករដ្ឋមន្ត្រីវិញ នាយករដ្ឋមន្ត្រីក៏នឹងស្នើទៅថ្វាយ​ព្រះ​ម​ហា​ក្សត្រវិញ ថាលើកលែងបានដោយភ្ជាប់ទៅជាមួយនូវព្រះរាជាក្រឹត្យលើកបម្រាមនោះ។


ស​ម្ដេ​​ចថ្លែងបញ្ជាក់ថា សូមកុំភាន់ច្រឡំថាលើកលែងឈ្មោះមួយកញ្ចប់តែម្ដង គឺមិនអាចទៅរួចទេ ម្នាក់ម្ដងៗ ទៅតាមលក្ខណៈសម្បត្តិនៃមនុស្សម្នាក់ៗតែប៉ុណ្ណោះ។ សម្ដេចថ្លែងបន្តថា យើងឮ ​ព័ត៌​​មាន​​ថាគេមិនសុំ បាទបើមិនសុំខ្ញុំអរគុណ ព្រោះអ្នកត្រូវដឹងថា អ្នកដែលមិនសុំ ក៏អ្នកមិន​បាន​ចូល​រួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ដែរ ព្រោះពួកអ្នកឯង​នឹង​រួចផុត​បម្រាមនៅឆ្នាំ២០២២ ប៉ុន្តែបើអ្នកនៅជាប់បម្រាម អ្នកហ៊ានធ្វើនយោបាយ អ្នកនិង​ទទួ​ល​ទោ​ស​បន្ថែមទៀត អ្នកគិតមើលទៅ។ ខ្ញុំមិនបង្ខំអ្នកទេ តែច្បាប់បានបើកហើយ។ អ្នករើសទៅ បើអ្នកជាអ្នកយុទ្ធសាស្ត្រពិតប្រាកដ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា ពី​មុន​នេះ​​បាន​ស្នើ​សុំ​ ប៉ុន្តែសាលដីកាតុលាការកំពូលដែលចេញហើយគឺបិទផ្លូវតវ៉ា ឥឡូវយើងបើក​ច្រ​ក​ហើយ អ្ន​កចង់ចេញក៏ចេញ អ្នកចង់ចូលក៏ចូល ខ្ញុំអត់បង្ខំទេ ផ្ទុយទៅវិញខ្ញុំអរគុណអ្នក​ទៅ​វិ​​ញ បើអ្នកមិនសុំ ហើយបើគ្មានពួកអ្នកទេ ក៏មានគណ​បក្ស​នយោបាយ​ចំនួន២០ ឬលើស​ពី​នេះ​ គេកំពុងតែធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសដែរ អត់ពួកអ្នកក៏វាមិនងាប់​ខ្មែរ​នោះ​ដែរ​​។ អ្នកមិនអាចសម្លាប់រដ្ឋាភិបាលភ្នំពេញទៅតាមអ្វីដែលអ្នកចង់បាននោះទេ តាមអ្វីដែល​ហៅ​​ថាការគាបសង្កត់ពីខាងក្រៅនោះទេ អ្នកមិនអាចសម្លាប់បានទេ។ អ្នករង់ចាំមើលទៅ ហើ​យ​ខ្ញុំហ៊ាននិយាយថាចាំសេះដុះស្នែង។ ដំណាក់កាលនេះកម្ពុជាកំពុងតែធ្វើការអភិវឌ្ឍខ្លួន ពិត​ហើយយើងមិនធ្វើជាសត្រូវជាមួយអ្នកណាទេ ក៏ប៉ុន្តែយើងក៏មិនយកអធិបតេយ្យរបស់យើង ទៅ​ដូរជាមួយជំនួយណាមួយនោះដែរ​នេះជារឿងដែលខ្ញុំសូមជម្រាបឱ្យបានច្បាស់។

សម្ដេច​តេ​​ជោថ្លែងឱ្យដឹងដែរថា មួយរយៈចុងក្រោយនេះមានការប្រមូលគ្នា រៀបចំកម្លាំងរចនា​ស​ម្ព័​ន្ធ​តាមស្រុក តាមឃុំ ភូមិ ឱ្យមកធ្វើការឡើងវិញ សម្ដេចថ្លែងថា សូមកុំសង្ឃឹម នូវអ្វីដែល​គ្មា​​ន​ស​ង្ឃឹ​មនោះ។ អ្នកកំពុងបំផ្លាញអនាគតរបស់អ្នក ទាំងឡាយតាមរយៈវិធីបោកប្រាស់ រហូត​ម​ក​ដល់ឥឡូវនេះមានការសូកប៉ាន់ទៅទៀត។ រងចាំមើលមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​បា​ន​ចូ​ល​រួមជាមួយគណបក្សប្រជាជន និងបន្តរហូតដល់ឆ្នាំ២០២២ ហើយបន្តឈរឈ្មោះនៅក្នុ​ង​គ​ណ​បក្សប្រជាជនតទៅទៀត។ មន្ត្រីក្រុមប្រឹក្សាខេត្ត ស្រុក ដែលចូលរួមជាមួយគណបក្ស​ប្រ​ជា​​​ជន ក៏នឹងត្រូវឈរឈ្មោះជាបន្តទៀតជាសមាជិកក្រុមប្រឹក្សាខេត្ត ស្រុក សម្រាប់ការបោះ​ឆ្នោ​ត​​​​នៅខែឧសភា ឆ្នាំ២០១៩ខាងមុខតទៅទៀត។ សម្ដេចបញ្ជាក់ថា ខ្ញុំធានាគ្រប់យ៉ាង​ស​ម្រា​ប់​ក្រ​ប​​ខ័ណ្ឌឃុំ សង្កាត់ និងមាន រហូតដល់ឆ្នាំ២០២២ ហើយអ្នកដែលធ្វើកិច្ចការល្អ នឹងបន្តឈរ​ឈ្មោះ​​​ក្រោយឆ្នាំ២០២២តទៅទៀត ដើម្បីបម្រើប្រជាជន។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាឃុំ សង្កា​ត់​ ដែលមានបច្ចុប្បន្នបន្តតំណែងរហូតដល់ ការបោះឆ្នោតឆ្នាំ២០២២ ហើយសូមបញ្ជាក់ថា ក្រុ​ម​ប្រឹក្សាឃុំ សង្កាត់ ទាំងអស់និងក្លាយទៅជាអង្គបោះឆ្នោតនៃក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត និង​ក្រុមប្រឹក្សារាជធានី។ ជាងនេះទៀតយើងនឹងពង្រីកបន្ថែមនូវអាសនៈ នៅក្រុមប្រឹក្សាស្រុក ខ​ណ្ឌ ក្រុង និងខេត្ត ឱ្យកើនចំនួនឡើងផងដែរ។ ដូច្នេះសុំកុំដេកយល់សុបិនទាំងថ្ងៃត្រង់ ថានិង​បា​ន​វិលត្រឡប់មកធ្វើជាមេឃុំឡើងវិញ សូមកុំយល់សុបិនឱ្យសោះ។ ជាងនេះទៀតក៏គ្មានការ​បោះ​​​ឆ្នោតសភាឡើងវិញនោះដែរ ការបោះឆ្នោតសភាត្រូវរង់ចាំរហូតទៅដល់ខែកក្កដា ឆ្នាំ២០​២៣​៕

ដោយ ជឹម ណារី