អភិបាលរងខេត្តពោធិ៍សាត់ ចូលរួមសិក្ខាសាលា ឆ្លុះបញ្ចាំងការអនុវត្តផែនការគ្រប់គ្រងប្រព័ន្ធជលផលតាមវាលស្រែ

AKP ពោធិ៍សាត់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ — អង្គការអភិវឌ្ឍន៍នារីខ្មែរ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានរួមសហការគ្នារៀបចំសិក្ខាសាលា ឆ្លុះបញ្ចាំងការអនុវត្តផែនការគ្រប់គ្រងប្រព័ន្ធជល ផលតាមវាលស្រែ ដែលជាគម្រោងធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតនៅកម្ពុជាដំណាក់កាលទី២។

សិក្ខាសាលានេះបានប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ  គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត  ដោយមានការចូលរួមពីសំណាក់ លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកស្រីតំណាងម្ចាស់គម្រោង តំណាងយូអេសអេអាយឌី តំណាងរដ្ឋបាល ជលផលថ្នាក់ជាតិ។

លោកស្រី ឡូវ សំណាន នាយិកាអង្គការអភិវឌ្ឍន៍នារីខ្មែរ បានឱ្យដឹងថា សិក្ខាសាលា រយៈពេល២ថ្ងៃនេះ មានគោលបំណងចែករំលែកបទពិសោធន៍ល្អៗក្នុងការអនុវត្តផែនការ គ្រប់គ្រង ឆ្លុះបញ្ចាំងកែលម្អស្រះជម្រកត្រីសហគមន៍ និងបង្កើនកិច្ចសហការជាមួយ ស្ថាប័នពាក់ព័ន្ធផ្សេងៗក្នុងការ គ្រប់គ្រងធនធានជលផលនិងលើកទិសដៅអនុវត្តន៍ឆ្នាំ២០១៩ បន្ថែមទៀត។

លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តបានលើកឡើងថា ដើម្បីជួយសម្រួលការ ទទួលទានត្រីនិងបង្កើតឱ្យត្រីសម្បូរឡើងវិញនោះត្រូវលុបបំបាត់ឧបករណ៍ខុសច្បាប់និងរួមគ្នាចិញ្ចឹមត្រីតាមវាលស្រែ បឹងបួរ ត្រពាំង ស្រះ ប្រឡាយ ស្ទឹងនិងចូលរួមរក្សាការពារ តំបន់អភិរក្សពូជត្រី៕

ដោយ ណៅ ធឿន