វិស័យទេសចរណ៍វត្តអារាមកំពុងតែទាក់ទាញភ្ញៀវទេសចរបរទេសឱ្យស្គាល់ និងសិក្សាឈ្វេងយល់កាន់តែច្បាស់ពីព្រះពុទ្ធសាសនា

AKP សៀមរាប ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ — ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាបអះអាងថា វិស័យទេសចរណ៍វត្តអារាម កំពុងតែទាក់ទាញភ្ញៀវទេសចរបរទេសឱ្យស្គាល់ និងឈ្វេងយល់បានកាន់តែច្បាស់ពី ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រៅពីបានទស្សនាប្រាសាទបុរាណ និងរមណីយ ដ្ឋាននានានៅក្នុងខេត្តសៀមរាប​ ដោយអ្នកទេសចរបរទេសមួយចំនួនបានចូលទៅក្នុងវត្ត​និមន្តព្រះសង្ឃប្រោះព្រំ ទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។

លោក វណ្ណ ប៊ុនណា ប្រធាន​មន្ទីរធម្មការ និង​សាសនាខេត្តសៀមរាប​ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០១៨នេះថា បន្ទាប់ពីក្រសួងទេសចរណ៍សហការជាមួយក្រសួង ធម្មការ និងសាសនា បានបំផុសឱ្យមានវត្តអារាមទេសចរណ៍រួចមក បច្ចុប្បន្ននេះមាន ភ្ញៀវទេសចរបរទេស ជាបន្តបន្ទាប់បានមកទស្សនា និងឈ្វេងយល់ពីវិស័យព្រះពុទ្ធសាសនា នៅតាមបណ្តាវត្តអារាមសំខាន់ៗនៅក្នុងក្រុងសៀមរាប ក្នុងនោះវត្តស្វាយរមៀត ដែលជា វត្តបុរាណមួយ ក្នុងចំណោមវត្តបុរាណជាច្រើននៅក្នុងខេត្តសៀមរាប គឺឃើញថា មានភ្ញៀវ ទេសចរចូលមកទស្សនាច្រើនគួរសម ហើយវត្តនេះនឹងកំពុងក្លាយជាគោលដៅ ទេសចរណ៍ សម្រាប់ភ្ញៀវទេសចរបរទេសដែលចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនា។

លោកបានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប​មាន​គម្រោងស្នើដាក់វត្តចំនួន៥នៅក្នុងក្រុងសៀមរាប​ជាវត្តអារាមទេសចរណ៍ ក្នុងមានវត្តព្រះ ព្រហ្មរ័ត្ន វត្តរាជបូណ៌ វត្តដំណាក់ វត្តថ្មី និងវត្តស្វារមៀត ប៉ុន្តែគម្រោងនេះមិនបាន​សម្រេចនៅឡើងទេ ដោយក្រុមមន្រ្តីជំនាញកំពុងតែធ្វើការពិភាក្សាគ្នា។

ព្រះតេជគុណ វិមុលសំវ ភទ្ទកោ នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត មានសង្ឃដីកាថា វត្តបារាយណ៍នទី រតនារាម ហៅវត្តស្វាយរមៀតដោយសារទីតាំងអារាមនេះ បានសាងសង់ឡើងនៅលើខ្នងទំនប់បុរាណអាងបារាយណ៍ទឹកថ្លា និងមាននៅជុំវិញវត្តមាន សក្តានុពលទេសចរណ៍ស្រាប់ផងនោះ បានធ្វើឱ្យអ្នកទេសចរមកទស្សនានៅវត្តនេះ មិនដែលដាច់គឺក្នុង១ខែៗមានភ្ញៀវទេសចរបរទេសប្រមាណជា១៥០ទៅ២០០នាក់បានចូលមកទស្សនានៅក្នុងទីវត្តអារាមនេះ។

ព្រះតេជគុណមានសង្ឃដីកាបន្តថា ភ្ញៀវទេសចរដែលមកទស្សនានៅទីអារាមនេះ គឺបានឱ្យព្រះសង្ឃប្រោះព្រំ ចងអំបោះដៃ ទៅតាមជំនឿសាសនា និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរដែលកត្តាទាំងនេះកំពុងតែបង្ហាញថា វិស័យទេសចរណ៍វត្តអារាមកំពុងតែ ទាក់ទាញភ្ញៀវទេសចរបរទេសឱ្យស្គាល់ និងឈ្វេងយល់បានកាន់តែច្បាស់ ពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា ដោយសារភ្ញៀវទេសចរចាប់ អារម្មណ៍ និងភូមិសាស្រ្តមូលដ្ឋាន នៃទីអារាមមួយនេះ វត្តនេះនិងក្លាយជាគោលដៅ ទេសចរណ៍នៃវត្តអារាមពិតប្រាកដ។

លោក Eliav Barr អ្នកទេសចរជនជាតិអាម៉េរិកដែលបានទៅទស្សនា និងឱ្យព្រះសង្ឃ ប្រោះព្រំនៅវត្តស្វាយមៀតនេះ បាន​មានប្រសាសន៍ថា ពេលមកដល់ប្រទេសកម្ពុជា លោកចង់ ដឹងពីវប្បធម៌ទំនៀមទម្លាប់ និងការគោរពសាសនារបស់ប្រជាពលរដ្ឋខ្មែរ ដូច្នេះបានជាបន្ទាប់ ពីទស្សនាប្រាសាទលោកសម្រេចចិត្តមកទស្សនាវត្តស្វាយរមៀតនេះ ដើម្បីបានឈ្វេងយល់ ច្បាស់ពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋខ្មែរ។

សូមបញ្ជាក់ថា កន្លងមកនេះក្រសួងទេសចរណ៍សហការជាមួយក្រសួងធម្មការ និងសាសនា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA)រួមជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ រៀបចំទីវត្តអារាម ដែលមានភាពលេចធ្លោជាងគេ ពិសេសនៅតាមតំបន់គោលដៅទេសចរណ៍ សំខាន់ៗឱ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់សក្តានុពល ទេសចរណ៍ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ពិសេសដើម្បីពង្រីកកិច្ចអភិរក្ស និងអភិវឌ្ឍន៍៕ ‘ដោយ ឃុត សៅ