ឯកឧត្តម អ៊ឹង ហឿន ចូលរួមក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី២

AKP សៀមរាប ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ — ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី២ ឆ្នាំ២០១៨ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន កាលពីព្រឹកថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅឯសាលាក្រុងសៀមរាប ក្រោម អធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។ 

វេទិកានេះដែរក៏មានការអញ្ជើញឱ្យមកចូលរួមពីសំណាក់អាជ្ញាធរជាតិអប្សរា ថ្នាក់ ដឹកនាំមន្ទីរ អង្គភាពនានានៃអាជ្ញធរខេត្ត តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីក្រុង ស្រុកចំនួនបីគឺ ស្រុកអង្គរធំ ស្រុកប្រាសាទបាគង និងក្រុង សៀមរាបដែលមាន ចំនួនសរុបប្រមាណ៨១៣នាក់។

ការប្រារព្ធធ្វើវេទិកានេះឡើង គឺក្នុងគោលបំណងផ្តល់ឱកាសជូនដល់បងប្អូន ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ បានឈ្វេងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈមនានាដែលបានកើតមានឡើងកន្លងមក។ វេទិកានេះនឹង ផ្តល់ឱកាសក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ និងតម្រូវការ ជាក់ស្តែងក្នុងមូលដ្ឋាន។

នៅក្នុងអង្គវេទិកានោះដែរ គេសង្កេតឃើញមានការចោទសួរដោយផ្ទាល់មាត់ និងជា លាយលក្ខណ៍អក្សរដាក់ក្នុងប្រអប់ និងមានការបកស្រាយបំភ្លឺឱ្យគ្នាទៅវិញ ទៅមកពីសំណាក់ ប្រជាពលរដ្ឋនិងអាជ្ញាធរមានការពាក់ព័ន្ធ ហើយរាល់សំណួរនិងចម្លើយទាំងនោះ បានផ្តោតទៅលើបញ្ហាដីធ្លី អគ្គិសនី ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ដីបុរាណដ្ឋាន ការសុំដាក់ភ្លើងសញ្ញាចរាចរណ៍តាមផ្លូវមួយចំនួនក្នុងក្រុង ការដាក់កុងទ័រនៅតាមបន្ទប់ជួល និងការសុំឆ្វៀលដីបុរាណដ្ឋាន។

មានមតិបូកសរុប និងបិទវេទិកានោះ ឯកឧត្តម អ៊ឹង ហឿន បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធដែលជាវាគ្មិនទាំងអស់ ដែលបានចំណាយ ពេលចូលរួម ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានធ្វើឱ្យយើងទាំងអស់គ្នា បានយល់កាន់តែច្បាប់រាល់ការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ស្រុក និងដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម អ៊ឹង ហឿន ក៏បានថ្លែងបញ្ជាក់ផងដែរថា អង្គវេទិកាសូមរក្សាសិទ្ធិ រក្សាទុកនូវសំណួរនិងកង្វល់ ដែលអង្គវេទិកានាពេលនេះពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរនិងកង្វល់ទាំងនោះទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុម ប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតបនិងជម្រាបជូនដំណឹង ជាលាយលក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ៕

ដោយ ហង្ស សៀក