ឯកឧត្តម ជាម យៀប បដិសេធចំពោះដែលថា សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ គឺ​​​​​​​​​​​​​​​​​​​​​​ជាការកៀបសង្កត់ពីមជ្ឈដ្នានខាងក្រៅ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ — ក្នុងនាមក្រុមអ្នកតំណាងរាស្ត្រហត្ថលេខីទាំង ៨៧រូប ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប សូមធ្វើការបដិសេធទាំងស្រុងមិនទទួលយកនូវអ្វីដែលថា កម្ពុជារៀបចំធ្វើវិសោធនកម្មមាត្រា ៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ  គឺជាការកៀបសង្កត់ពីមជ្ឈដ្ឋានខាង ក្រៅនោះឡើយ។

 នៅក្នុងសម័យប្រជុំពេញអង្គលើកទី២ ព្រឹទ្ធសភា នីតិកាលទី៦ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភត្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៥ ខែធ្នូនេះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានបញ្ជាក់ថា សេចក្តីស្នើវិសោធន កម្មមាត្រា ៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ តាក់តែងឡើងដោយត្រឹមត្រូវ ស្របតាមមាត្រា ៨ វាក្យខណ្ឌទី១ មាត្រា២៧ ក្នុងជំពូកទី២ មាត្រា ៩១ថ្មី  វាក្យខណ្ឌទី១ ក្នុងជំពូកទី៧ និងមាត្រា ១១៣ថ្មី វាក្យខណ្ឌទី១ ក្នុងជំពូជទី៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា។ មិនមែនដូចមជ្ឈដ្ឋានពីខាងក្រៅមួយចំនួនបានលើកឡើងថា ការដែលកម្ពុជា ធ្វើច្បាប់នេះឡើង គឺជាការកៀបសង្កត់ពីមជ្ឈដ្ឋានខាងក្រៅនោះទេ គឺការរៀបចំសេចក្តីស្នើ ច្បាប់នេះឡើង ដើម្បីពង្រឹងការផ្សះផ្សាជាតិ ពង្រឹងនូវនីតិរដ្ឋ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា មិនមែនសម្រាប់បុគ្គលណា ក្រុមណា ឬគណបក្សណាមួយនោះឡើយ ហើយ ស្មារតីវិសោធនកម្មនៃសេចក្តីស្នើច្បាប់នេះ គឺទទួលបានគោរពអនុវត្តន៍ទៅតាមអ្វី ដែលមានចែងនៅក្នុងច្បាប់។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភាបាន លើកឡើងថា  សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្ស នយោបាយនេះ ក្នុងគោលបំណងបើកច្រកឱ្យអ្នកនយោបាយឱ្យលោកមានសិទ្ធិធ្វើ នយោបាយ មាននីតិសម្បទាឡើងវិញ ក្រោមការផ្តល់នីតិសម្បទាដោយព្រះមហាក្សត្រ តាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី និងការស្នើឡើងរបស់ក្រសួងមហាផ្ទៃផងដែរ។ ការផ្តល់សិទ្ធិនយោបាយនេះ គឺសុំកុំឱ្យបកស្រាយច្រឡំ គឺទីមួយគឺផ្តល់សិទ្ធិ ឱ្យអ្នកដែល ស្រឡាញ់ជាតិ ស្នេហាជាតិ ហើយគោរពច្បាប់ គោរពសាលដីកាកំពូលដែលបានកំណត់ មិនធ្វើអ្វីមួយនាំឱ្យប៉ះពាល់ដល់សង្គមជាតិ ឬសន្តិសុខជាតិ។

ឯកឧត្តមបញ្ជាក់ថា វិសោធនកម្មច្បាប់នេះ ដើម្បីបើកច្រកឱ្យជនស្នេហា ជាតិទាំងនោះ បើកគណបក្ស ឬធ្វើនយោបាយឡើងវិញនៅគណបក្សផ្សេង មិនមែនគណបក្ស ដែលមាន កំហុស ហើយត្រូវបានតុលាការកំពូលរំសាយចោលនោះកើតឡើងវិញនោះទេ គឺគ្មានទេ គឺផ្តល់តែបុគ្គលអ្នកនយោបាយតែប៉ុណ្ណោះ។ សេចក្តីស្នើច្បាប់នេះ ក៏ជាគោលបំណងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នលោកចង់មានគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងការពង្រឹង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

ទោះបីយ៉ាងណាសេចក្តីស្នើច្បាប់នេះត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ នីតិកាលទី៦ ពិនិត្យឱ្យយោបល់គាំទ្រទាំងស្រុងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយសំឡេង ៥៦ លើ៥៦ មុននឹងបញ្ជូនថ្វាយព្រះមហាក្សត្រឡាយ ព្រះហស្តលេខាជាធរ មានជាចុងក្រោយ៕

ដោយ ប៉ាល់ សុង