ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដឹកនាំកិច្ចប្រជុំស្តីពីរបាយការណ៍វឌ្ឍនភាព ឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំកពិកម្ពុជាបានដឹកនាំកិច្ចប្រជុំ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាជាតិទាំងអស់ នៅព្រឹក​ថ្ងៃអង្គារទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្តីពីរបាយ​ការណ៍វឌ្ឍភាពត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។  ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា កន្លងមកនេះស្ថាប័នពាក់ព័ន្ធ​បានធ្វើ​កិច្ចការជាច្រើន ដោយបានបង្ហាញនូវផែនការមេកីឡាស៊ីហ្គេម ដោយបានដាក់ចេញនូវផែន​ការបណ្តុះបណ្តាលចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនីថ្នាលដល់សហព័ន្ធកីឡាជាតិនានា ដើម្បីធ្វើយ៉ាងណាដណ្តើមឱ្យបានមេដាយមាសនៅឆ្នាំ ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា សហព័ន្ធមួយចំនួននៅមិនទាន់រៀបចំផែនការរបស់ខ្លួននៅឡើយ ដែលនេះ ជាបញ្ហាប្រឈម ដែលត្រូវត្រួតពិនិត្យ។ ឯកឧត្តមបន្ដថា បច្ចុប្បន្នយើងអាចស្វែងរកការជួយឧបត្ថម្ភគាំទ្របាន ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដូចជាដៃគូ និងជាមិត្តភ័ក្ត្ររបស់យើង ក្នុងអាស៊ាន សិង្ហបុរី ម៉ាឡេស៊ីជាដើម ហើយក្រៅពីនោះ នៅក្នុងទ្វីបអាស៊ី​ក៏យើងអាចស្នើសុំលើផ្នែកបណ្តុះ បណ្តាលបានដូចគ្នា ដូចជាប្រទសចិន ជប៉ុន កូរ៉េ និងទ្វីបអឺរ៉ុប ដូចជាបារំាង រុស្ស៊ី ក៏គេចាំជួយយើងដែរ។ ប៉ុន្តែសំខាន់អាស្រ័យលើសហព័ន្ធកីឡាជាតិនីមួយៗរៀបចំផែនការ ស្នើ សុំពីបណ្តាប្រទេសជាមិត្ត។ឯកឧត្តមបានបន្ដទៀតថា ដូច្នេះការជួបគ្នានៅថ្ងៃនេះ គឺដើម្បីបន្តធ្វើកិច្ចការនេះនិងត្រូវធ្វើឱ្យ ហើយនៅត្រឹមខែមករា ឆ្នាំ២០១៩ខាងមុខ ស្តីពីផែនការរបស់សហព័ន្ធកីឡាជាតិនីមួយៗ​ថា​តើសហព័ន្ធនីមួយៗ ត្រូវការការបណ្តុះបណ្តាលអ្វីខ្លះ ហើយត្រូវបណ្តុះបណ្តាលនៅក្នុងស្រុក ឬនៅក្រៅស្រុក ដើម្បីផលិតបាននូវធនធានមនុស្ស។ ជាពិសេសគឺធ្វើយ៉ាងណាឱ្យកីឡាករ កីឡាការិនីតាមប្រភេទកីឡារបស់ខ្លួនឈ្នះមេដាយមាសដែល មិនមែនមេដាយមាសសុំ គេទេ៕

ដោយ ហេង ណាលីន