ពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តព្រះសីហនុ និងផ្សព្វផ្សាយផែនការសកម្មភាពជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ — ពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តព្រះសីហនុ និងផ្សព្វផ្សាយ ផែនការ សកម្មភាពជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩  នៅសាលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៣រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកអគ្គនាយិកាវិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ មានការចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្នងការ កងរាជអាវុធហត្ថ គណៈអភិបាល រដ្ឋបាលក្រុង ស្រុក  អធិការ មេប៉ុស្តិ៍ មេឃុំ ចៅសង្កាត់។

 លោកជំទាវ ហង់ លីណា មានប្រសាសន៍ថា  ការជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ ប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩  គឺសំដៅចងក្រងប្រមូលទិន្នន័យ ការវាយតម្លៃ ការវិភាគ និងការផ្សព្វផ្សាយប្រមូលទិន្នន័យប្រជាជននៅតាមក្រុង ស្រុក ឃុំ សង្កាត់។ ជំរឿនប្រជាជនទូទៅឆ្នាំ២០១៩នាពេលខាងមុខ ប្រើប្រាស់ថវិកាជាតិប្រកបដោយផ្លែផ្កា។ ជំរឿនប្រជាជនពាក់ព័ន្ធដល់ការចុះបញ្ជីមនុស្ស ការកត់ត្រាលក្ខណៈមនុស្សម្នាក់ៗ ក្នុងចំណោមមនុស្សទាំងអស់ ព្រមទាំងលក្ខណៈប្រជាសាស្ត្រសង្គម  សេដ្ឋកិច្ច វប្បធម៌ នៃប្រជាជន និងស្ថានភាពលំនៅឋាន សម្ភារប្រើប្រាស់នៅក្នុងគ្រួសារនីមួយៗ។លោកជំទាវបានបន្តទៀតថា ទិន្នន័យនៃការធ្វើជំរឿនជាតម្រូវការចាំបាច់ ក្នុងការធ្វើគោល នយោបាយ ផែនការអភិវឌ្ឍន៍ សម្រាប់វាយតម្លៃ សម្រេចគោលដៅប្រកបដោយចីរភាព និងជាសូចនាករសម្រាប់តាមដានត្រួតពិនិត្យភាពក្រីក្រ និងស្ថានភាពសេដ្ឋកិច្ច សង្គម នូវគោលដៅសហស្សវត្សរ៍របស់រាជរដ្ឋាភិបាល ជាគោលដៅប្រកបដោយចីរភាពដល់ ឆ្នាំ២០៣០ ឱ្យសម្រេចបានតាមគោលដៅ ផែនការសកម្មភាព។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ការធ្វើជំរឿនប្រជាជនទូទៅនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខ ដោយកំណត់យកមូលដ្ឋានភូមិ ជាគោលដៅក្នុងការចុះអនុវត្តន៍ជំរឿន ដើម្បីស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងខេត្តព្រះសីហនុ ដើម្បីសម្រេចកិច្ចការនេះ គណៈកម្មការនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ត្រូវតែបំពេញការ ងារដោយឆន្ទ: ក្រមសីលធម៌ ក្នុងការចុះធ្វើជំរឿនទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងយុទ្ធនាការ រយៈពេល១១ថ្ងៃ ដើម្បីប្រមូលទិន្នន័យមួយត្រឹមត្រូវ ជាក់លាក់ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់។

ឯកឧត្តមបន្តថា មន្ទីរផែនការជាសេនាធិការឱ្យរដ្ឋបាលខេត្ត ក្នុងការធ្វើជំរឿនប្រជាជន សម្រេចតាមគោលដៅ និងផែនការ សកម្មភាពនាពេលខាងមុខ  ពិសេសក្នុងការផ្តល់ ការងារបច្ចេកទេសដល់ក្រុមការងារចុះស្រង់ស្ថិតិ ជំរឿនប្រជាជនទូទៅឱ្យសម្រេចបាននូវ ការធ្វើជំរឿនប្រជាជននៅទូទាំងប្រទស  ពិសេសជំរឿននៅខេត្តព្រះសីហនុ ដើម្បីប្រមូល វិភាគទិន្នន័យ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ដោយផ្តោតលើការវាយ តម្លៃផែនការគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ដោយ ងូ សុមុនី