ឯកឧត្តម ជ័យ ចាប លើកទឹកចិត្តឱ្យសិស្សគុនតេក្វាន់ដូ សាលាវ៉េស្ទឡាញន៍ ត្រូវខិតខំដើម្បីប្រជែងមេដាយស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម ជ័យ ចាប ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង និងជាប្រធានសមាគម តេក្វាន់ដូ រាជធានីភ្នំពេញបានលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីតេក្វាន់ដូWTF របស់សាលា រៀន វ៉េស្ទឡាញន៍និងណត្សឡាញន៍ឱ្យខិតខំហ្វឹកហាត់ឱ្យបានឈានដល់កម្រិតខ្សែក្រវាត់ខ្មៅ ដើម្បី ទទួលបានឱកាសលេងតំណាងឱ្យជាតិ ក្នុងការប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍ កីឡាស៊ី ហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជាទទួលបានសិទ្ធិ​ធ្វើជាម្ចាស់​ផ្ទះនោះ។ ឯកឧត្តមបានលើកឡើងបែបនេះ នៅក្នុងពិធីប្រឡងដំឡើងខ្សែក្រវាត់កីឡា​តេក្វាន់ដូ​នៃ សាលារៀន វ៉េស្ទ​ឡាញន៍ សាខាច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។   ឯកឧត្តមបានអះអាងថា កន្លងមក កីឡាករ កីឡាការិនីតេក្វាន់ដូមកពីសាលារៀន វ៉េស្ទ​ឡាញន៍ និងណត្សឡាញន៍ធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិជាច្រើននៅក្នុង ការប្រកួតតេក្វាន់ដូដណ្តើមពានរង្វាន់សមាគមរាជធានីភ្នំពេញថ្មីៗនេះ ដោយទទួលបាននូវ លទ្ធផលល្អយ៉ាងត្រចេះត្រចង់ណាស់លើសគេតែម្តង។ដូច្នេះហើយឯកឧត្តមបានលើកទឹកចិត្តឱ្យសិស្សគុនទាំងអស់នេះខិតខំហ្វឹកហាត់ឱ្យ​បានខ្លាំងក្លាឈានដល់ខ្សែក្រវាត់ខ្មៅ ព្រោះការ​ប្រកួតអន្តរជាតិគឺត្រូវការកម្រិតខ្សែក្រវាត់ខ្មៅ។

ឯកឧត្តមបញ្ជាក់ថា កីឡាករ-កីឡាការិនីនៅទីនេះអាចទទួលបាន ឱកាសចូលរួមក្នុង​ក្រុមជម្រើសជាតិ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលនៅសល់ពេលជាង៤ឆ្នាំទៀតប៉ុណ្ណោះ។

លោក តែ ឡាយ ប្រធាននាយកអប់រំ និងធនធានមនុស្ស នៃក្រុមហ៊ុន វេសឡាញ  អេឌ្យូ​ខេសិនគ្រុប ខូ អិលធីឌី បានគូសបញ្ជាក់ថា តាំងពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៨ នេះ វេសឡាញ អេឌ្យូខេសិនគ្រុបមានមោទនភាពដោយទទួលបានការគាំទ្រពីមាតា បិតា អាណាព្យាបាលសិស្ស ទាំងផ្នែកសេវាកម្ម និងគុណភាព ផ្អែកលើ ចក្ខុវិស័យ និងគោល​ការណ៍ជាក់លាក់ប្រកបដោយសក្តានុពល។ លោកបន្ដថា វិស័យកីឡាក៏ត្រូវបានយកចិត្តទុក ដាក់ និងលើកកម្ពស់ផងដែរ ដូចជាប្រភេទ កីឡាវាយកូនឃ្លីលើតុ តេក្វាន់ដូ បាល់ទាត់ និងកីឡារាំជាដើម។

សូមបញ្ជាក់ថា សិស្សគុនតេក្វាន់ដូមានចំនួន១៥០នាក់មកពី១០សាខា នៃសាលារៀន វ៉េស្ទឡាញន៍ និងណត្សឡាញន៍ ដែលត្រូវចូលរួមប្រឡងដំឡើងខ្សែក្រវាត់ ដែលជាលទ្ធផល​ជ័យលាភីបានជាប់ចំនួន១៣២នាក់ តាមកម្រិតខ្សែក្រវាត់ចំនួន៥ ហើយក្នុងនោះកីឡាករ កីឡា​ការិនីដែលប្រឡងជាប់ខ្សែក្រវាត់ពីសទៅលឿងមាន ចំនួនច្រើនជាងគេរហូត​ដល់៨៩​នាក់៕

ដោយ ហេង ណាលីន