ក្លិបសន្ធរម៉ុក ឈ្នះមេដាយមាសទាំងពីរវិញ្ញាសាកីឡាគុនដាវ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ — កីឡាករ កីឡាការិនីមកពីក្លិបសន្ធរម៉ុក បានយកឈ្នះមេដាយ មាសទាំងពីរវិញ្ញាសា នៃ ព្រឹត្តិការណ៍ កីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ ដែលបានបញ្ចប់ ដោយជោគជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីលានសាលាវេស្ទើន។  លោក សុខ អាង អគ្គលេខាធិការ សហព័ន្ធកីឡាគុនដាវកម្ពុជាបានឱ្យដឹងថា ការ ប្រកួតជើងឯកថ្នាក់ជាតិនេះមានចំនួន២វិញ្ញាសាដែលដាក់ឱ្យប្រកួត ដោយក្លិបសន្ធរម៉ុកបាន យកឈ្នះមេដាយ មាសទាំងពីរវិញ្ញាសា ដែលឯកត្តជនដាវកាប់នារី មេដាយមាសបានទៅ​កីឡាការិនី សន និច មកពីក្លិបសន្ធរម៉ុក, មេដាយប្រាក់ កីឡា ការិនី យី លីហ្សា មកពីក្លិបហូ​សាណា, មេដាយសំរឹទ្ធិ កីឡាការិនី ឆាយ លីនលី មកពី ក្លិបសន្ធរម៉ុក, មេដាយ សំរឹទ្ធិស្ទួន កីឡាការិនី វ៉ាន់ វិត្រា មកពីក្លិបអ៊ីត្រា។ ចំពោះវិញ្ញាសាឯកត្តជនដាវធំបុរស មេដាយមាស បានទៅកីឡករ សាវឿន ស័កនុ មកពីក្លិបសន្ធរម៉ុក, មេដាយប្រាក់ កីឡាករ ជន ចំរ៉ុង មកពីក្លិប ហូសាណា, មេដាយសំរឹទ្ធិ កីឡាករ សំ សិទ្ធិបញ្ញា មកពីក្លិបសន្ធរម៉ុក និងសំរឹទ្ធិស្ទួន កីឡាករ មាស គីម ឡេង មកពីក្លិបហូសាណា។
ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជាបានមានប្រសាសន៍ថា តាម​រយៈព្រឹត្តិការណ៍នេះ នឹងទទួលបានជាប្រយោជន៍ថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ឱ្យកាន់​តែ រីកចម្រើន ដោយកាលពីកន្លងមកកីឡាគុនដាវធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និង​សំរឹទ្ធិ ជាបន្តបន្ទាប់ក្នុងកម្រិតអាស៊ាន ប៉ុន្តែទ្វីបអាស៊ីមិនទាន់ធ្លាប់ទទួលបាននៅឡើយ ដោយ យើង ត្រូវការខិតខំបន្ថែមទៀត ដើម្បីឈានដល់ដណ្តើមបានមេដាយទ្វីបអាស៊ី នាពេល ខាងមុខ ជាពិសេសសហព័ន្ធក៏បានរៀបចំផែនការរបស់ខ្លួនផងដែរ សម្រាប់ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម នាឆ្នាំ២០២៣។
លោក ពៅ ហុក ប្រធានផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន Star Balm ដែលបំពាក់​មេដាយជូនដល់ម្ចាស់ជ័យលាភីបានបញ្ជាក់ដែរថា Star Balm តែងតែបានចូលរួម​ឧបត្ថម្ភ​គាំទ្រដល់ព្រឹត្តិការណ៍កីឡានានា ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជាឱ្យ​កាន់តែ​រីកចម្រើនជាមួយនឹងការផ្សព្វផ្សាយឱ្យកីឡាករបានឈ្វេងយល់ពីសារប្រយោជន៍នៃការប្រើប្រាស់ផលិតផល Star Balm សម្រាប់លាបរឹតសន្លាក់ និងសាច់ដុំ មុនពេលលេង និងក្រោយ​ពេលលេងកីឡា៕

ដោយ ហេង ណាលីន