សម្តេចប្រធានរដ្ឋសភា៖ អាណត្តិការទូតថ្មីនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងកម្ពុជា-ចិន នឹងកាន់តែប្រសើរឡើងថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម  វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ដែលទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងសវនាការ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។


ក្នុងជំនួបនោះសម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា ទំនាក់ទំនងមិត្តភាព ជាប្រពៃណី រវាងកម្ពុជា-ចិន មានការរីកចម្រើនពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ។ នាពេលបច្ចុប្បន្ន ក្រោមកិច្ចប្រឹងប្រែងរួម នៃប្រមុខដឹកនាំ នៃប្រទេសទាំងពីរបានបង្កើនកម្រិត ទំនាក់ទំនងជាបន្តបន្ទាប់ និងកាន់តែល្អប្រសើរឡើង ជាពិសេសគឺ “ កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ” តាំងពីឆ្នាំ២០១០ រហូតមក ដែលឥឡូវនេះកំពុង ផ្តល់ផ្លែផ្កាជាក់ស្តែង លើគ្រប់វិស័យ ដល់សង្គមជាតិទាំងពីរ។

សម្តេចប្រធានរដ្ឋសភាបានចាត់ទុក បេសកកម្មការទូតថ្មី របស់ ឯកឧត្តម វ៉ាង វិនធៀន ពិតជាមានសារៈសំខាន់ ដើម្បីជាស្ពានក្នុងការបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ដ៏ប្រពៃថ្លៃថ្លាដែល មានស្រាប់នេះ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនេះ សម្តេចបានកោតសរសើរនិងពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតចិន អតីតឯក អគ្គរដ្ឋទូតចិនមុនៗប្រចាំកម្ពុជា ក្នុងកិច្ចការទំនាក់ទំនងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តថា សម្រាប់រដ្ឋសភាកម្ពុជា នីតិកាល ទី៦នេះ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈកិច្ច សហប្រតិបត្តិការ ទ្វេភាគី ពហុភាគី ជាពិសេស គឺបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ សភាតំណាងទូទាំង ប្រទេសចិន ដើម្បីបន្តគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភានានា និងលើកទឹកចិត្ត ដល់និរន្តរភាព នៃកិច្ចសហប្រតិបត្តិការរបស់ បក្ស រដ្ឋ និងរដ្ឋសភា ប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន មានជំនឿយ៉ាងមុតមាំថា ក្នុង អាណត្តិការទូតថ្មីនេះ លោកនឹងបន្តសហការជាមួយបណ្តា ក្រសួង មន្ទីរ ស្ថាប័ននានា នៃព្រះរាជាណាចក្រ កម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យស្មារតី មិត្តភាព សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការវាងកម្ពុជា-ចិន នេះកាន់តែល្អប្រសើរ និងស៊ីជម្រៅថែមទៀត។ រដ្ឋសភា កម្ពុជា ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហការពេញលេញ ដើម្បីឱ្យបេសកកម្មការទូត របស់ឯកឧត្តម នៅកម្ពុជាទទួលបានជោគជ័យ ។

ឯកឧត្តម វ៉ាង វិនធៀន បានលើកឡើងថា ទំនាក់ទំនងកម្ពុជា ជាទំនាក់ទំនងអ្នក ជិតខាង    ជាទំនាក់ទំនងបងប្អូន មិត្តភក្តិយ៉ាងជិតស្និទ្ធ គោរពយោគយល់ និងបានគំាទ្រគ្នា ទៅវិញទៅមក។ ប្រទេសចិនបានគំាទ្រដល់ការសម្រេចចិត្តរបស់កម្ពុជា គោរពបូរណភាព ទឹកដី និងឯករាជ្យភាពរបស់កម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបន្តថា លោកធ្លាប់បាន មកទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០០០។    រយៈពេល១៨ឆ្នាំកន្លងមកនេះ លោកបានសង្កេត ឃើញថា កម្ពុជាមានការអភិ​វឌ្ឍគួរឱ្យកត់សម្គាល់ ក្រោមម្លប់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រមទំាងសភា ដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាព។ សន្តិភាព និងការអភិវឌ្ឍ បែបនេះ បានឆ្លុះបញ្ចំាងឱ្យឃើញនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតំាង សមាជិករដ្ឋសភានី តិកាលទី៦ ដែលជាការសម្រេចចិត្តរបស់ពលរដ្ឋ។ ឯកឧត្តម វ៉ាង វិនធៀន បានអះអាងថា ប្រទេសចិនបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាតទៅទៀតតាមលទ្ធភាព។

ឯកឧត្តមក៏បានសន្យាថា ក្នុងអាណត្តិ្កការទូតរបស់លោកនៅកម្ពុជានឹង បន្តខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ចិនកាន់តែល្អប្រសើរឡើងថែមទៀត៕

ដោយ ប៉ាល់ សុង