នាយឧត្តមសេនីយ៍ នេត សាវឿន ចុះត្រួតពិនិត្យសន្តិសុខ នៅទីតាំងពហុកីឡដា្ឋនជាតិ​ សម្រាប់ការហាត់សម មុនប្រារព្ធទិវា៧មករា ខួប៤០ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ទីតាំងពហុ កីឡដ្ឋានជាតិអូឡាំពិក ដែលជាកន្លែងត្រៀមប្រារព្ធទិវា៧មករា និងខួប៤០ឆ្នាំ នៃ ថ្ងៃរំដោះ ប្រទេសកម្ពុជាឱ្យរួចផុតពីអតីតរបបកាប់សម្លាប់មនុស្សខ្មែរក្រហម កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

 ការចុះត្រួតពិនិត្យនេះធ្វើឡើង ក្រោយកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបុណ្យខួបលើកទី៤០ឆ្នាំ នៃ ទិវាជ័យជម្នះ ៧មករា និងពិធីសម្ពោធវិមាន អនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដែលបានរៀបចំយ៉ាងម៉ត់ចត់ កាលពីចុងសប្តាហ៍មុន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។


ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឱ្យកងកម្លាំង​មានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់តាមគ្រប់ចំណុចទាំងអស់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងដើម្បីសម្រួលការកកស្ទះចរាចរណ៍ផងដែរក្នុងតំបន់បរិវេណនានា ដែលស្ថិត នៅក្បែរបរិវេណពហុកីឡដ្ឋានជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានសំណូមពរឱ្យរដ្ឋ បាលរាជធានីភ្នំពេញធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យមានការយោគយល់ពីការបិទផ្លូវក្នុង ថ្ងៃប្រារព្ធពិធីផងដែរ។


គួរបញ្ជាក់ថា ការរៀបចំទិវាជ័យជម្នះ៧មករា និងខួប៤០ឆ្នាំនេះ ធ្វើឡើងនៅថ្ងៃ ទី០៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនឹងមានអ្នកចូល រួមអបអរសាទរ ប្រមាណជាង ៣ម៉ឺននាក់៕

ដោយ ចាន់ សុធីវង្ស