ឯកឧត្តម ជាវ តាយ ចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ពានចំនួនពីរកន្លែងក្នុងស្រុកឈូក

AKP កំពត ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតអមដំណើរដោយថ្នាក់ដឹក នាំនៃមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យឈ្វេងយល់ទីតាំងនៃគម្រោងសាងសង់ ស្ពានចំនួន២កន្លែងផ្សេងគ្នា ដែលស្ថិតក្នុងឃុំចំនួន២ នៃស្រុកឈូក ខេត្តកំពត កាលពីថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។ 

គម្រោងនៃការសាងសង់ស្ពានទាំងពីរនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីជាការឆ្លើយតបតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបការលំ បាកក្នុងការធ្វើដំណើរឆ្លងកាត់ដើម្បីដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារក៏ដូចជាកូនចៅប្រជាពលរដ្ឋធ្វើដំណើរទៅកាន់សាលារៀន ពិសេសក្នុងរដូវវស្សាតែម្តង។ គម្រោងស្ពានដែលត្រូវ សាងសង់ទាំងពីរខាងលើនេះរួមមាន៖១.ស្ពានអូរកាច់ចង្កេះ មានប្រវែង២១ម៉ែត្រ គ្រោង ចំណាយថវិកាសាងសង់ប្រមាណ ៦ពាន់ដុល្លារ ស្ថិតនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ២.ស្ពានកោះស្លា មានប្រវែង ៩៤ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ ប្រមាណ ៣ម៉ឺនដុល្លារ ដែលតភ្ជាប់ពីភូមិវាលក្រសាំង ឃុំតាកែន ទៅកាន់ភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបាន គូសបញ្ជាក់ថា បញ្ហាផ្លូវ ស្ពាន និងសាលារៀនក៏ជាចំណែកមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលក្រោម ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែមានការយកចិត្តទុកដាក់ជាប្រចាំ។ ដូចនេះ ហើយការចុះមកពិនិត្យពីស្ថានភាពនៃការសាងសង់ស្ពាននាពេលនេះ គឺ ដោយផ្អែក លើសំណូមពរនិងតម្រូវការជាចម្បងរបស់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរ ក្នុងមូលដ្ឋាន ស្ពាននេះក្នុងនាមអាជ្ញាធរខេត្ត លោក នឹងខិតខំជំរុញធ្វើការកសាងស្ពានទាំង២ខាងលើនេះឱ្យ ហើយរួចរាល់ជាស្ថាពរនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ខាងមុខនេះ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរ ការនៃការសាងសង់ស្ពាននេះ ប្រកបទៅដោយភាពរលូននិងឆាប់រហ័ស។ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត រួមនិងមន្ត្រីអមដំណើរក៏បានចុះទៅពិនិត្យ ទីតាំងនិងអាគារសិក្សាថ្មីនៃសាលា វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ត្រពាំងបី ស្ថិតក្នុងឃុំត្រពាំងបី ស្រុកឈូក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជានិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាពេលខាងមុខនេះ៕

ដោយ ប្រាក់ លាង