ស្រូវប្រាំង៣២០ហិកតា ដែលខ្វះទឹកក្នុងស្រុកមង្គលបូរី ត្រូវបានបូមទឹកជួយ​សង្គ្រោះ

AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ — ស្រូវប្រាំងជាង៣២០ហិកតារបស់ប្រជាកសិករនៅក្នុងឃុំគោកបល្ល័ង្គ និងឃុំសំបួរក្នុង​ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដែលជួបបញ្ហាខ្វះទឹកកំពុងត្រូវបានក្រុមការងារមន្ទីរធន​ធានទឹក និងឧតុនិយមចុះអន្តរាគមន៍ជួយបូមទឹកសង្គ្រោះជាបន្ទាន់។


ក្នុងឱកាសដឹកនាំក្រុមការងារចុះបូមទឹកជួយសង្គ្រោះដំណាំស្រូវប្រាំងនៅក្នុងមូលដ្ឋានដែលជួបការរងគ្រោះខាងលើនេះ កាលពីព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធាន ទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់​ថា ក្រុមការងារបាននាំយកម៉ាស៊ីនបូម ទឹកខ្នាតមធ្យមសរុប​ចំនួន៤គ្រឿងដើម្បីដំណើរការបូមទឹកពីស្ទឹងមង្គលបូរីក្នុងការអន្តរាគមន៍ សង្គ្រោះដំណាំស្រូវ​​ប្រាំងដែលកំពុងខ្វះទឹកប្រមាណ ៣២០ហិកតា នៅក្នុងឃុំគោកបល្ល័ង្គ និងឃុំសំបួរ ស្រុកមង្គលបូរីនេះដើម្បីជួយដល់កសិករយើងឱ្យពួកគាត់ប្រមូលផល ស្រូវបាននា ពេលខាង​មុខនេះ ។


លោកបានឱ្យដឹងទៀតថា ការអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវខាងលើនេះធ្វើ​ឡើងនៅលើ២ទីតាំងដោយក្នុងនោះទីតាំងទី១. ប្រើប្រាស់ម៉ាស៊ីនចំនួន៣គ្រឿងនៅចំណុច ភូមិតាសល់ឃុំគោកបល្ល័ង្គ​ រីឯទីតាំងទី២. ប្រើប្រាស់ម៉ាស៊ីនចំនួន១ គ្រឿង នៅចំណុចភូមិឆ្នើមមាស ឃុំសំបួរ។

លោក យឹម ប៊ុនរ៉ុម បានប្រាប់ឱ្យដឹងដែរថា ពិនិត្យជារួមផែនការបង្កបង្កើនផល ស្រូវប្រាំងនៅក្នុងខេត្តបន្ទាយមានជ័យ គឺមានចំនួន ២២.០០០ហិកតា ប៉ុន្តែដោយសារឆ្នាំនេះ តម្លៃស្រូវបានខ្ពស់បងប្អូនប្រជាកសិករបានសម្រុកដាំដុះយ៉ាងគំហុកដែលមកដល់ពេលនេះ​សម្រេចបានលើផ្ទៃដីរហូតដល់ ៤៥.៨៨១ហិកតា ហើយផ្ទៃដីមួយចំនួន ក៏កំពុងតែធ្វើការ ភ្ជួររាស់ ត្រៀមនឹងសាបព្រោះបន្ថែមទៀតផងដែរ។ បញ្ហាទាំងនេះ បានធ្វើឱ្យមានការ ប្រឈមនឹងកង្វះខាតទឹកខ្លាំងនាពេលខាងមុខមិនត្រឹមតែទឹកសម្រាប់ការ​ងារបង្កបង្កើន ផលប៉ុណ្ណោះទេ សូម្បីតែទឹកប្រើប្រាស់ក៏អាចប្រឈមផងដែរនៅតំបន់ខ្លះ។​​

លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យដឹងបន្ថែមទៀតថា ចាប់តាំងពីពាក់កណ្តាលខែតុលាមកមន្ទីរជំនាញបានចេញសេចក្តីជូនដំណឹង រួចមកហើយ អំពីសក្តានុពលទឹកសម្រាប់បង្កបង្កើនផលស្រូវប្រាំង ហើយអាជ្ញាធរខេត្ត ក៏ដូចជាស្រុក ឃុំពាក់ព័ន្ធក៏បានជួយផ្សព្វផ្សាយអំពីបញ្ហានេះឱ្យបានដល់ប្រជាពលរដ្ឋដែរ ប៉ុន្តែបងប្អូននៅតែបន្តធ្វើយ៉ាងគំហុក ទើបធ្វើឱ្យមានការប្រឈមដូចនាពេលនេះ។

ប៉ុន្តែលោកបានអះអាងថា​ ក្រុមការងារជំនាញនៅតែបន្តសហការជាមួយអាជ្ញាធរ ដែនដីក្នុងការចុះជួយបូមទឹកសង្គ្រោះ​លើដំណាំស្រូវប្រាំង ដែលកសិករយើងធ្វើបាន ហើយនៅតំបន់ខ្លះកំពុងជួបបញ្ហាខ្វះទឹកឱ្យអស់​លទ្ធភាពនៅលើមូលដ្ឋានមានប្រភព ទឹកនោះ៕

ដោយ ឈុន សារ៉ាត