សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យចម្រើនព្រះជន្មាយុ ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុគម្រប់៩៤ ឈានចូល៩៥ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ — នៅព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០​១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុ​ជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោ​កស្រី ជាកូន ចៅ ចៅទួត​ទាំង​អស់របស់មហាឧបាសិកា ប៊ុន ស៊ាងលី បានមូល​មតិ​គ្នា​ជា​ឯក​ច្ឆន្ទនិមន្ត សម្តេចព្រះមហា​សុមេ​ធា​ធិបតី នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃ នាយក នៃព្រះរាជា​ណា​ចក្រកម្ពុជា សម្តេចព្រះសង្ឃ​នាយក​រង សម្តេចព្រះរាជាគណៈចំនួន​៧​អង្គសូត្រមន្តបុណ្យ​ចម្រើន​ព្រះជន្មាយុ និងសង្ឃទាន ជូនមហា​ឧបាសិ​កា ប៊ុន ស៊ាងលី ក្នុងជន្មាយុ​គម្រប់​៩៤​ឈា​ន​ចូល៩៥ឆ្នាំ។នៅក្នុងពិធីតាមបែបសាសនានោះ សម្តេច​តេ​ជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិ​ត បានអញ្ជើញបូជាទៀនធូបផ្កាភ្ញីទឹកអប់​ប្រេង​ម្សៅ ថ្វាយ​ព្រះពុទ្ធរូប និងប្រារព្ធ​ធ្វើ​បទន​ម​សិ​កាព្រះរតនត្រ័យ ជាកិច្ចរម្លឹកដល់​គុណព្រះរតនត្រ័យ តាម​ប្រពៃណីព្រះពុទ្ធសាសនា​ដ៏រុង​រឿ​ង​នៃយើង ពិសេសរម្លឹក​ដល់​គុណបុណ្យនៃព្រះ​សម្មា​សម្ពុទ្ធ​ព្រះ​បរម​គ្រូ ដែលព្រះអង្គបាន​ត្រា​ស់​​ដឹង​​នូវអនុត្តរសម្មាសម្ពោធិញាណ និងព្រះធម្មវិន័យដ៏វិសេស​វិសាល​បន្សល់​​ទុក​ឱ្យ​មនុស្ស​ជំ​នាន់​ក្រោយ ដែល​ជាពុទ្ធសាសនិកជន​គោរព​ប្រតិ​បត្តិជារៀងដរាប​ រហូតមក​ដល់​​បច្ចុប្បន្ន។

រាជរដ្ឋាភិបាល​កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រមុខ សមិទ្ធផលសង្គមលើគ្រប់វិស័យត្រូវបានស្ថាបនាឡើង មានការ​រីក​ចំរើនយ៉ាង​ឆាប់រហ័សចាប់​តាំង​ពីទីក្រុងរហូតដល់ជនបទ ពិសេសភាពសំបូររុងរឿង និងភាព​សប្បា​យរីករាយ របស់បងប្អូនប្រជា​ពលរដ្ឋនៅគ្រប់ទិសទីទាំងអស់ ក្នុងប្រទេសកម្ពុជា។ ជា​មួ​យ​​និង​ភាពរីចម្រើនខាផ្នែកពុទ្ធចក្រ ផ្នែកអា​ណា​​ចក្រ​ត្រូវបានស្ថាបនា មានការរីក​ចម្រើនស្ទើរ​គ្រប់​ច្រ​កល្ហកក្នុង​ប្រទេសកម្ពុជា ពោលគឺរហូតមក​ដល់​​បច្ចុប្បន្ននេះ វត្តអារាម​នៅ​ទូទាំងប្រទេស​មាន​​ចំនួន ៤ពាន់​៧៥៥​​វត្ត មានព្រះសង្ឃចំនួន ៥៩​ពាន់​៥១៦​អង្គ ក្នុងនោះគណៈមហានិកាយ​មាន​​​៤ពាន់​៥៥១​វត្ត និង​​មានព្រះសង្ឃចំនួន ៥៤ពាន់៧៦២​អង្គ។ ចំពោះពុទ្ធិក​សិក្សាមាន​គ្រឹះ​ស្ថានសិក្សា​នៅទូទាំង​ប្រ​ទេស មានចំនួន១ពាន់៣២១សាលា ក្នុង​នោះ​​រួមមាន​សាលា​ធម្ម​វិន័យ ពុទ្ធិ​កបឋមសិក្សា ពុទ្ធិកមធ្យម​សិក្សា​បឋម​ភូមិ ពុទ្ធិកមធ្យមសិក្សា​ទុតិយ​ភូមិ និង​ពុទ្ធិក​ឧត្តម​សិក្សា ​ដែលមានសមណសិស្ស និស្សិត និង​សិស្ស និស្សិត កំពុង​សិក្សាចំនួន ៣៣​ពាន់​៣២៥​អង្គ​-​នាក់​។នៅក្នុងពិធីបុណ្យតាមបែបសាសនានោះដែរ សម្តេចព្រះសង្ឃនាយក សម្តេច​ព្រះសង្ឃ​នា​​យក​រង សម្តេចព្រះរាជាគណៈទាំងប្រាំពីរអង្គ បាននិមន្តស្រោចសុគន្ធវារីជូន​មហាឧបា​សិ​កា​ ប៊ុន ស៊ាងលី ដើម្បីជាកិច្ចនៃការជម្រះនូវបាបកម្មទាំងឡាយ និងនាំមកនូវសិរីសួស្តីជ័យ​មង្គ​ល​វិបុលសុខគ្រប់ប្រការ ចូលកើតមានដល់មហាឧបាសិកា ដែលត្រូវជាអ្នកម្តាយ ជីដូន ជី​ដូ​ន​ទួ​ត​ ប្រកបដោយព្រហ្មវិហារធម៌ សណ្តោសប្រោសប្រណី ចិញ្ចឹមបីចាប់បុត្រធិតា ចាប់តាំងពី​ចេ​ញ​​ពីផ្ទៃមាតារហូតដល់ធំដឹងក្តី បីបាច់ អប់រំ និង​ក្លាយជាមហាគ្រួសារដ៏ធំក្នុងសង្គម ដែលក្រាល​ជ្រោង​ដោយសុខសន្តិភាព និងការអភិវឌ្ឍរីក ចម្រើននៃសម័យកាលដ៏រុងរឿងយើងនេះ។ នៅ​ក្នុង​ឱកាសដ៏វិសេសវិសាលនោះដែរ កូន ចៅ ចៅទួត និង​ញាតមិត្តក្រុមគ្រូសារទាំងអស់ បាន​អញ្ជើ​ញស្រោចសុគន្ធវារីជូនអ្នកម្តាយ ជីដូន ជីដូនទួត ប្រកប ដោយសេចក្តី​គោរពកតញ្ញូតាធម៌​ដ៏ខ្ព​ង់ខ្ពស់បំផុត ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុ៩៤ ឈានចូល៩៥ឆ្នាំ។ កូន ចៅ ចៅ​​​​ទួត​ទាំងអស់ សូមសមតែងនូវសេចក្តីគោរពស្រឡាញ់រកពាក្យអ្វីមក​ប្រៀបផ្ទឹមពុំបាន និង​សូ​ម​​ខុមាលទោសចំពោះអ្នកមានគុណដ៏វិសេសវិសាលបំផុតនេះ សូមមហាឧបា សិកា មានសុខ​ភា​ព​ល្អបរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរជារយឆ្នាំ ដើម្បីបន្តស្ថិត នៅជាម្លប់ ដ៏ត្រ​ជា​ក់​ដល់កូនចៅចៅទួតទាំងអស់ ជ្រកកោណជាយូរអង្វែងតរៀងទៅ។

សូមបញ្ជាក់ដែរថា ក្នុង​មួ​យ​ជន្មាយុរបស់មហាឧបាសិកា ប៊ុន ស៊ាងលី មហាឧបាសិកាបាន បូជានូវកម្លាំងកាយពល និង​ប​ញ្ញាញាណ ក្នុងការចិញ្ចឹមបីបាច់បុត្រធីតារបស់មហាឧបាសិកា ចាប់តាំងពីប្រ​សូត្រ​ពី​ផ្ទៃ​រហូ​ត​ធំដឹងក្តី មានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងសង្គម និងក្លាយជា គ្រួសារដែលប្រជាពលរដ្ឋ​កម្ពុ​ជា​ទូ​​ទៅ​គោរពស្រឡាញ់ និងជាគ្រួសារមួយ ដែលតែងតែមាន ព្រហ្មវិហាធម៌​សណ្តោសប្រោស​ប្រ​ណី​ ដល់មនុស្សផងទាំងពួង តាមរយៈកាយវិកាយ និងកិច្ចការមនុស្សធម៌ធ្វើបុណ្យចែកទាន និង​ក​សាងនូវសមិទ្ធផលសង្គមជាច្រើន រាប់មិនអស់ ចាប់តាំងពីទីក្រុងរហូតដល់ទីជនបទ​ឆ្ងាយ​ដា​ច់​ស្រយាល ដោយមិនប្រកាន់នូវវណ្ណៈ ពណ៌សប្បុរ និងនិន្នាការអ្វីទាំងអស់។ នៅក្នុងពិធី​តាម​បែ​បសាសនានោះដែរ មហាឧបាសិកា ប៊ុន ស៊ាងលី បានប្រារព្ធពិធី​ដោះលែងសត្វចាប​ឱ្យ​មាន​សេរី​​ភាព រួចផុតទុក្ខទោសផងទាំងពួង និងដើម្បី​នាំមកនូវសេចក្តីសុខក្សេមក្សាន្ត ត្រជាក់ត្រជុំ​ថ្កុំថ្កើន កើតមានដល់ក្រុមគ្រូសារទាំង មូលចាប់តាំងពី​ពេល​នេះតរៀងទៅ៕

ដោយ ជឹម ណារី