អភិបាលខេត្តព្រះសីហនុ ដឹកនាំកម្លាំងចម្រុះ និងមន្ទីរ អង្គភាពចុះពិនិត្យការដ្ឋានសំណង់នៅតាមផ្លូវ ២៨មិថុនា

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ –ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាគណៈបញ្ជាការឯកភាពខេត្ត មានប្រសាសន៍ឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)ដឹងថា រដ្ឋបាលខេត្តប្រើប្រាស់គោលនយោបាយទន់ភ្លន់ គឺធ្វើការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ឱ្យមានការចូលរួមសហការជាមួយនឹងអាជ្ញាធរក្រុង ខេត្ត ដើម្បីធានាសុវត្ថិភាព បរិស្ថាន អនាម័យទីក្រុងទេសចរ ណ៍ និងចាត់វិធានការតាមផ្លូវច្បាប់

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បែបនេះ ក្នុងខណ:ដែលឯកឧត្តមបានដឹកនាំកម្លាំងចម្រុះ និងមន្ទីរ អង្គភាពជំនាញចុះពិនិត្យការដ្ឋានសំណង់ផ្លូវ ២៨មិថុនា ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃអាទិត្យ ១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨  
   

ឯកឧត្តម យន្ត មីន បានបន្តថា កន្លងមករដ្ឋបាលខេត្តបានធ្វើការជូនដំណឹង និងធ្វើការផ្សព្វផ្សាយឱ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ ត្រូវទុកដាក់សម្ភារសំណង់ក្នុងការដ្ឋាន ហ៊ុមព័ទ្ធការដ្ឋាន និងការយកចិញ្ចើមផ្លូវសាធារណដាក់សម្ភារសំណង់ជាដើម ។ រដ្ឋបាលខេត្តចាត់វិធានការច្បាប់ចំនួនពីរ  ទី១-ការអប់រំ ណែនាំ, ទី២វិធានការរដ្ឋបាល គឺផាកពិន័យ ឬផ្អាកការដ្ឋានសំណង់ណាដែលមិនបានចូលរួមសហការតាមការណែនាំ របស់រដ្ឋបាលខេត្តព្រះសីហនុ   

ទន្ទឹមនឹងនោះឯកឧត្តម យន្ត មីន កបានធ្វើការដាស់តឿនដល់មេភូមិ ចៅសង្កាត់ ដែលជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវទទួលខុសត្រូវធ្វើការណែនាំដល់ម្ចាស់ការដ្ឋានសំណង់នានា ប្រសិនបើមិនសហការ ត្រូវរាយការណ៍មករដ្ឋបាលក្រុង ខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន អនាម័យ និងចូលរួមការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋ និងម្ចាស់ការដ្ឋានសំណង់នានា ត្រូវចូលរួមសហការសម្អាតបរិស្ថាន អនាម័យនៅតាមកាដ្ឋាន លំនៅឋានរៀង ៗខ្លួន ដើម្បីលើកកម្ពស់សោភណភាពទីក្រុងទេសចរណ៍នាទិសនិរតី ៕

ដោយ ងូ សុមុនី