អភិបាលខេត្តបន្ទាយមានជ័យៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែន​ធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពមានការអភិវឌ្ឍគ្រប់ទីកន្លែង

AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ –អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន បវរ បានថ្លែងថាដោយសារនយោបាយ​ឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅគ្រប់ទីកន្លែងប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្តជីវភាពកាន់​តែប្រសើរឡើងជាលំដាប់

ការថ្លែងយ៉ាងដូច្នេះក្នុងឱកាស ឯកឧត្តម សួន បវរ បានអញ្ជើញចូលរួមសម្ពោធដាក់ ឱ្យប្រើប្រាស់សាលាធម្មភា១ខ្នងមានទំហំទទឹង១៨ម៉ែត្រ បណ្តោយ៣០ម៉ែត្រ នៅវត្តសុវណ្ណ គិរីហៅ​(វត្តថ្មរមៀល)ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨

ឯកឧត្តមបានមានប្រសាសន៍ទៀតថា កាលពីអតីតកាលប្រទេសជាតិ​យើងស្ថិតនៅក្នុង​សង្គ្រាម ទាំង​ព្រះសង្ឃ ទាំង​ប្រជាពលរដ្ឋ គ្មាន​សិទ្ធិសេរីភាព គោរព​ប្រតិបត្តិ​សាសនា អ្វី​ទាំងអស់ ប៉ុន្តែ​ពេល​បច្ចុប្បន្ន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ មាន​សិទ្ធិសេរីភាព មានឱកាស​គោរព ប្រតិបត្តិ​សាសនាផ្សេងៗ មានឱកាសទទួលបាន​ការអប់រំ ការកសាង​អំពើ​ល្អ ថែរក្សា​វប្បធម៌ និងអត្តសញ្ញាណជាតិ

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា សមិទ្ធផលសាលាធម្មសភាថ្មី១នេះដែលបាន កើតឡើងក្នុងវត្ត ស្ថិតនៅជាប់ជើងភ្នំនៃតំបន់ជនបទដាច់ស្រយាលក្បែរព្រំដែនប្រទេសថៃ នេះពុំទាន់មានព្រះវិហារសមរម្យនៅឡើយទេ គឺ​កើត​មកពី​ទឹកចិត្តការ ចូលរួមសាមគ្គីគ្នា​ពី​ប្រជាពលរដ្ឋ សប្បុរសជន ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​ប្រទេស និង​ដើម្បី​ប្រជាពល រដ្ឋ​រស់នៅក្នុង​សន្តិភាព សេរីភាព​សីលធម៌ គុណធម៌ គោរព​ប្រតិបត្តិ នៅក្នុង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។​

អភិបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ទៀតថា យើង​មាន​អ្វីៗដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​សុខសន្តិភាពដែល​យើង​រក្សាបាន សិទ្ធិសេរីភាព ដែល​យើង​មានហើយ យើង​មាន​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​បង្រួបបង្រួម​ជាតិ ដឹកនាំ​ប្រទេសមានការ​អភិវឌ្ឍលើ​គ្រប់ វិស័យប្រមុខ​រាជរដ្ឋាភិបាលប្រឹងប្រែងជំរុញអភិវឌ្ឍន៍​នេះ គ្មាន​ចង់បាន​អ្វី​ក្រៅពី​ចង់ឃើញ​ប្រជាពលរដ្ឋមាន​ជីវភាពធូរធាសម្បូរសប្បាយនោះទេ​។​
 

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម សួន បវរ និងលោកជំទាវ មានសទ្ធាជ្រះថ្លាបានចូលរួម ប្រគេនស៊ីម៉ង់ត៍ ១០តោន ដែក ២តោន ដើម្បីបុកគ្រឹះផ្តើមកសាងព្រះ​វិហារក្នុងវត្តនេះបន្ត ទៀត ជាមួយគ្នានោះឯកឧត្តមក៏បានប្រគេនស៊ីម៉ង១០តោន ដល់វត្តត្របែក ឃុំបុស្បូវស្រុក ព្រះនេត្រព្រះ និងចូលរួមបច្ច័យ២លានរៀល ក្នុងកម្មវិធីបុណ្យនេះ និងបានផ្តល់អំណោយមួយ ចំនួនទៀតដល់ប្រជាពលរដ្ឋសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីនេះផងដែរ៕

ដោយ ឈុន សារ៉ាត