រដ្ឋមន្រ្តី​ក្រសួង​អប់រំ អះអាងថា អត្រាសិស្សមិនចេះអានអក្ស ចាប់ថ្នាក់ទី៥ចុះក្រោម នៅមាន​កម្រិតខ្ពស់បើធៀបជាមួយប្រទេសនៅក្នុងតំបន់

AKP សៀមរាប ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ — រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា បន្ទាប់បាន​ចុះសិក្សាដោយផ្ទាល់នៅតាម​សាលារៀន ឃើញថា អត្រាសិស្សមិនចេះអានអក្សចាប់ថ្នាក់ទី៥ចុះក្រោម គឺនៅមានកម្រិត​ខ្ពស់បើធៀបជាមួយប្រទេសនៅក្នុងតំបន់។ ប៉ុន្តែបន្ទាប់ពីក្រសួង​បាន​បំប៉នគ្រូបង្រៀនថ្នាក់ទី១​និងថ្នាក់ទី២ ស្តីពីការប្រើបា្រស់កញ្ចប់សម្ភារអំណានថ្នាក់ដំបូងនៅក្នុងរយៈពេល២ឆ្នាំមកនេះ អត្រាសិស្សចេះអានអក្សរក៏មាន​ការល្អប្រសើរជាងមុន។  ថ្លែងបើកសិក្ខាសាលាបំប៉នគ្រូបង្រៀនថ្នាក់ទី១ និងថ្នាក់ទី២ ស្តីពីការប្រើបា្រស់កញ្ចប់សម្ភារ អំណានថ្នាក់ដំបូង នៅសាលាបឋមសិក្សាទៀបាញ់គំរូ ស្ថិតនៅស្រុកពួក ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ ឯក​ឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡាបាន​មានប្រសាសន៍ថា នៅក្នុងការប្រឡង​ជាមួយបណ្តា​ប្រទេសនានានៅក្នុងតំបន់កន្លងមកនេះ ឃើញថា ផ្នែក​គណិតវិទ្យាសិស្សកម្ពុជាធ្វើបាន​ល្អ ប៉ុន្តែ​សម្រាប់អំណានវិញ​យើង​នៅ​ទាបជាងគេនៅឡើយ ដែលបញ្ហានេះ​ក្រសួងអប់រំបាន​ខិត​ខំធ្វើកំណែទម្រង់ ជាពិសេសការកំណែទម្រង់គ្របង្រៀន ដោយបានដាក់ឱ្យប្រើបា្រស់​កញ្ចប់​សម្ភារអំណានថ្នាក់ដំបូង ដែលរួមមានសៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស ប័ណ្ណអក្សរ រូបភាព និងសៀវភៅរឿងខ្លីៗ។ឯកឧត្តមបានបញ្ជាក់ថា សម្ភារទាំងនេះត្រូវ​បានបំប៉ន​ជូន​លោកគ្រូ អ្នកគ្រូដែលបង្រៀនថ្នាក់ទី១ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរឡើងនូវគុណវុឌ្ឍិរបស់គ្រូបង្រៀន ជាពិសេសបច្ចេកទេសក្នុងការបង្រៀន និងរៀន ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ។

ឯកឧត្តមបានបន្ដថា បន្ទាប់ពីក្រសួង​អប់រំបាន​ផ្តល់នូវវិធីសាស្រ្តីថ្មីៗក្នុងការបង្រៀន និងផ្តល់​សៀវភៅគោលសម្រាប់អានឃើញថា សិស្សគឺមាន​ការឆាប់ចេះអាន​ជាងមុនគួរ​ឱ្យកត់​សម្គាល់។ ទន្ទឹមនឹងមាន​សម្ភារជំនួយដ៏សម្បូបែបនេះ ឯក​ឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់លើការអនុវត្ត វិធីសាស្រ្ត​បង្រៀនឱ្យបានសមស្របរួមមាន ការបង្រៀនសិស្សឱ្យចេះអានទៅតាមសមាសភាគទាំង៥ គឺការស្គាល់សូរ ការស្គាល់តួអក្សរ ការចេះអានពាក្យ ការចេះអានស្ទាត់ និងការអានយល់ន័យ ជាពិសេសដើម្បីបង្រៀនសិស្សឱ្យចេះអាន គ្រូត្រូវមានវិធីក្នុងការបង្រៀនដូចជា អំណានបុគ្គល អំណានដៃគូ អំណានជាក្រុម ឬអំណានចូលរួម និងអំណានលឺជាដើម៕

ដោយ ឃុត សៅ