FFC ចេញថ្លែងការណ៍ឆ្លើយតបចំពោះការចោទប្រកាន់របស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិថាជាការបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ

AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ — សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅកាន់​មតិ​សាធារណជនជាតិ និងអន្តរជាតិចំពោះ​ការចោទប្រកាន់នៅក្នុងរយៈពេលប៉ន្មានថ្ងៃនេះ បាន​ផ្សាយនៅក្នុងសារព័ត៌មានជាតិ និងអន្តរជាតិបានលើកឡើងអំពីការចោទប្រកាន់ដដែលៗ ដោយគ្មានភស្តុតាង និងមានចរិតលក្ខណៈនយោបាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិ (Human Right Watches)។  

នៅក្នុងសេចក្តីប្រកាស ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ បាន ស្រាយបំភ្លឺជូនសាធារណជន ជាតិ និងអន្តរជាតិនូវ៣ចំណុចសំខាន់ៗ រួមមាន៖ ១-សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា ដែល ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គឺជាសមាជិកល្អរបស់សហព័ន្ធ កីឡា បាល់ទាត់តំបន់អាស៊ាន, អាស៊ី និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ ២-សហព័ន្ធ កីឡាបាល់ទាត់កម្ពុជាបាន និងកំពុងដំណើរអភិវឌ្ឍន៍កីឡាបាល់ទាត់កម្ពុជា ដែលមានការរួម ចំណែកពីសហព័ន្ធកីឡាបាល់ទាត់ជាមិត្ត ដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា ឆ្ពោះ ទៅទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ និងពានរង្វាន់​បន្ត​បន្ទាប់។

បន្ថែមពីលើនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហព័ន្ធនេះក៏បានយកចិត្តទុកដាក់ទៅលើការងារ សង្គមដូចជា ការលេងកីឡាបាល់ទាត់ ដើម្បីបញ្ចៀសអំពើអបាយមុខផ្សេងៗ ដូចជាគ្រឿង ញៀន ការមិនគោរពច្បាប់ចរាចរ ការចៀសវាងអំពីជំងឺឆ្លងនានា ដូចជាអេដស៍ អាវុធមិនទាន់ ផ្ទុះ និងការការពារបរិស្ថានជាដើម។ ៣-លោក Keisuke Honda គឺជាកីឡាករលំដាប់ពិភព លោក ដែលលេងក្នុងពានរង្វាន់ FIFA World Cup ៣ជំនាន់ ហើយក៏ជាកីឡាករតែម្នាក់គត់ ដែលស្ថិតនៅក្នុងទ្វីបអាស៊ីដែលទទួលបានការគោរពស្រឡាញ់ពីអ្នកស្នេហាបាល់ទាត់លើ ពិភពលោក។ លោក Keisuke Honda បានស្ម័គ្រចិត្តចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា បាល់ទាត់កម្ពុជា ក្នុងគោលដៅអភិវឌ្ឍន៍កីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅកម្រិតតំបន់ និងទ្វីប អាស៊ី។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបញ្ជាក់ជូនជាថ្មីថា ការចោទប្រកាន់ ដោយ គ្មានភស្តុតាង និងមានចរិតនយោបាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watches)នេះមិនត្រឹមតែបន្ទុចបង្អាក់ការរួមចំណែកដ៏ថ្លៃថ្លារបស់លោក Keisuke Honda ក្នុងការអភិវឌ្ឍកីឡាបាល់ទាត់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្ទុចបង្អាក់ដល់ការអភិវឌ្ឍវិស័យ កីឡាបាល់ទាត់នៅក្នុងតំបន់ទ្វីបអាស៊ី និងអន្តរជាតិទៀតផង។

ជាមួយគ្នានេះ សហព័ន្ធបាល់ទាត់កម្ពុជាសូមអំពាវនាវជាឱឡារិកជូនសាធារណជន ជាតិ និងអន្តរជាតិមេត្តាបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍបាល់ទាត់កម្ពុជា ដើម្បីនាំមកនូវ កិត្តិយសជូនប្រជាជាតិ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ ហេង ណាលីន