អគ្គស្នងការនគរបាលជាតិដឹកនាំកិច្ចប្រជុំផែនការការពារសន្តិសុខក្នុងពិធីបុណ្យជាតិសំខាន់ៗនាពេលខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបើក កិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបលើទី៤០ នៃទិវាជ័យជម្នះ៧មករា និងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះខាងមុខ​នេះ។

 ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានណែនាំឱ្យ​កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ក្នុងការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលកំពូល និងប្រជាពលរដ្ឋដែលអញ្ជើញទៅចូលរួមកម្សាន្តសប្បាយ និងមានការបាញ់​កាំជ្រួចធំមិនធ្លាប់មានពីមុនមក នៅក្នុងថ្ងៃពិធីបុណ្យខួបលើទី៤០ ចំនួន៣ថ្ងៃ ដែលប្រារព្ធធ្វើ​ឡើងនៅវិមានឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ឯកឧត្ដមបានជំរុញ​ដល់​កម្លាំងគ្រប់ផ្នែក ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ននៅពេលយប់ព្រោះថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាពលរដ្ឋអញ្ជើញមកទស្សនាកម្មវិធីសិល្បៈប្រគុំតន្រ្តីផ្សេងៗ ជាពិសេសក៏មានការបាញ់ កាំជ្រួចតាមលក្ខណៈទំនើបអាចចេញជារូបភាពផ្សេងៗប្រមាណរយៈពេល៤៥នាទីផងដែរ។ ឯកឧត្តមនាយឧត្តមសេនីយ៍បន្តថា ដោយឡែកសម្រាប់ពិធីបុណ្យខួបលើកទី៤០ នៃទិវាថ្ងៃ ៧មករា (១៩៧៩-២០១៩) នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ មករា ឆ្នាំ២០១៩ ខាងមុខនេះ នៅពហុ​កីទ្ប​​ដ្ឋាន​ជាតិអូឡាំពិកដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាងបីម៉ឺននាក់ដែលកងកម្លាំង ទាំងអស់ត្រូវយកចិត្តទុកដាក់ នៅតាមចំណុចអគារខ្ពស់ៗដែលនៅព័ទ្ធជុំវិញទីតាំងប្រារព្ធពិធី។ជាមួយគ្នានេះ ចំពោះបញ្ហាចរាចរណ៍ ត្រូវរៀបចំប្រព័ន្ធបង្វែទិស និងតាមតំបន់ផ្លូវតូចៗ​កាត់ទទឹង ព្រមទាំងផ្លូវព័ទ្ធជុំវិញដើម្បីសម្រួលដល់ការកកស្ទះ ក្នុងនោះសំណូមពរឱ្យ​រដ្ឋបាល​រាជធានីធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋឱ្យ​មានការយោគយល់ពីការបិទផ្លូវក្នុងថ្ងៃប្រារព្ធ​ពិធី​ផងដែរ។ ក្រៅពីនោះ អាជ្ញាធរក៏ត្រូវជូនដំណឹងដល់ម្ចាស់ស្ថានីយប្រេង ក៏ដូចជាសំណង់​អគារចំនួន៨ ដែលកំពុងសាងសង់នៅព័ទ្ធជុំវិញទីតាំងប្រារព្ធពិធីត្រូវផ្អាកការ​សាងសង់​ផងដែរ។

សូមរម្លឹកថា វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយ ត្រូវសម្ពោធជាផ្លូវការចំនួនបីថ្ងៃគឺចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នំា២០១៨ខាងមុខនេះ ខណៈចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោ បាយឈ្នះ ឈ្នះ ផងដែរ៕

ដោយ ចាន់ សុធីវង្ស