ក្រុមអត្តពលិកកីឡាសាកលវិទ្យាល័យអាស៊ាន នៅមីយ៉ាន់ម៉ា វិលត្រឡប់មកដល់មាតុ ប្រទេសវិញ

AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ — ក្រុមប្រតិភូ កីឡាករ កីឡាការិនី ដែលបានចូលរួមប្រជែងមេដាយនៅក្នុងព្រឹត្តិ ការណ៍កីឡា សាកលវិទ្យាល័យអាស៊ានលើកទី១៩ ឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា បានវិលត្រឡប់មក ដល់មាតុប្រទេសរបស់ខ្លួនវិញហើយ ដោយកាលពីយប់ថ្ងៃទី២០ ខែធ្នូម្សិលមិញ គឺមាន២​ប្រភេទកីឡា គឺប៉េតង់ និងវាយកូនឃ្លីលើតុ និងនៅព្រឹកថ្ងៃសុក្រនេះ មាន ២ប្រភេទកីឡា គឺការ៉ាតេ និងវ៉ូវីណាម ដែលត្រូវប្រកួតចុងក្រោយ។

 ក្នុងចំណោម៦ប្រភេទកីឡា ដែលក្រសួង​អប់រំ យុវជន និងកីឡាបញ្ជូនទៅចូលរួមប្រជែងមេដាយនេះ គឺមានតែ៤ប្រភេទកីឡាប៉ុណ្ណោះ​ដែលឈ្នះមេដាយ ក្នុងនោះកម្ពុជាឈ្នះមេដាយមាស៥គ្រឿង, ប្រាក់១០គ្រឿង និងមេដាយ សំរឹទ្ធិ១២គ្រឿង ដោយឈរនៅចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោម១១ប្រទេសក្នុង​អាស៊ាន។ ចំពោះមេដាយមាសដណ្តើមបានប្រភេទកីឡាវ៉ូវីណាម៤វិញ្ញាសាដណ្តើមបានដោយកីឡាករ ទិន ឌិន វិញ្ញាសា៥១គីឡូក្រាម, កីឡាករ ជិន ពិសិដ្ន និងម៉េត សុភក្រ្តា វិញ្ញាសាមេគុណកាំបិត​ធំ, កីឡាករ ផាន ហូហ៊ីម វិញ្ញាសា ៥៤គីឡូក្រាម និងកីឡាករ ទិន ភាព វិញ្ញាសា ៥៧ គីឡូក្រាម។​

ក្រៅពីមេដាយមាស វ៉ូវីណាមបានយក ឈ្នះមេដាយប្រាក់៥ និងសំរឹទ្ធ៨វិញ្ញាសា​ផ្សេង​ទៀត។ ចំណែកប្រភេទកីឡាប៉េតង់ឈ្នះមេដាយមាស១​លើវិញ្ញាសាចម្រុះប្រុស២នាក់​ស្រីម្នាក់មានកីឡាករ ស៊ីន-វង កីឡាករ អៀត និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងមេដាយ​ប្រាក់៤​ និងសំរឹទ្ធិ១វិញ្ញាសា។ កីឡាវាយកូនឃ្លីលើតុឈ្នះមេដាយប្រាក់១គ្រឿង ខណៈប្រភេទ​កីឡាការ៉ាតេឈ្នះសំរឹទ្ធិចំនួន៣វិញ្ញាសា។ រីឯប្រភេទកីឡាហែលទឹក និងអត្តពលកម្មគ្មាន មេដាយសំរឹទ្ធិណាមួយឡើយ។

ក្នុងឋានៈជាប្រភេទកីឡាដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិច្រើនជាងគេ, អ៊ូ រតនា អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាថ្លែងថា នេះគឺជាលើកទី១ ដែលប្រភេទកីឡាវ៉ូវីណាមត្រូវបានក្រសួង អប់រំអនុញ្ញាតឱ្យចូលរួមប្រកួត នៅ​មីយ៉ាន់ម៉ា ដោយឈ្នះមេដាយមាស៤ ប្រាក់៥ និងសំរឹទ្ធិ៨វិញ្ញាសា ដោយវ៉ូវី ណាម​កម្ពុជា​ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងចំណោម៦ប្រទេស ក្រោមម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ត្រឹមតែ១មេ ដាយមាសប៉ុណ្ណោះ ដែលឈរនៅចំណាត់ថ្នាក់លេខ១។ លោកបានសម្តែងការដឹងគុណ ចំពោះ​ក្រសួង អប់រំ យុវជន និងកីឡា ដែលបានផ្តល់ឱកាសជូនដល់ប្រភេទកីឡាវ៉ូវីណាម ជាមួយនឹងការខិតខំអស់ពីចិត្តរបស់ អត្តពលិកទាំងអស់ក្រោមការលើកចិត្តទុកដាក់ពីលោក ឧកញ៉ា រ័ត្ន សាខន ប្រធានសហព័ន្ធវ៉ូវីណាមកម្ពុជា៕

ដោយ ហេង ណាលីន