សម្តេចប្រធានរដ្ឋសភា៖ បច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យាទំនើប ចាំបាច់ត្រូវយល់ ត្រូវចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍ នៃការរីកចម្រើនក្នុងវិស័យ​បច្ចេកវិទ្យា

AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកទីវត្តអារាមមិនគ្រាន់តែជាទី សក្ការៈ សម្រាប់គោរពបូជា តាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាល បណ្តុះបណ្តាល នូវចំណេះដឹង បញ្ញាញាណ តម្លៃ សីលធម៌ និងស្មារតី រួមរស់សាមគ្គីគ្នា តាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។ នៅក្នុងឱកាសបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ នៅព្រឹក​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលសន្និសីទចតុម្មុខ សម្តេចប្រធាន រដ្ឋសភាបាន បញ្ជាក់ថា ក្នុងន័យនេះវត្តអារាម គឺទីឋានដ៏មានសុវត្ថិភាព និងប្រកបដោយភាពសុខសាន្ត បំផុតសម្រាប់ប្រជាជនរបស់យើងមកស្នាក់នៅរៀនសូត្រ ទាំងផ្លូវលោក និងផ្លូវធម៌។

សម្តេចបន្តថា រហូតមកដល់ពេលនេះមានរយៈពេល ៤០ឆ្នាំហើយ ដែលរាជរដ្ឋា ភិបាលកម្ពុជាបានផ្ដល់​ឱកាសយ៉ាងពេញលេញ​ឱ្យប្រជាជនកម្ពុជា គោរពជំនឿ សាសនាឡើង វិញ ទៅតាមអ្វីដែលជាចំណង់ចំណូលចិត្ត របស់ខ្លួន។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវក្ដី រីករាយដោយបានឃើញនូវកម្លាំងមហាសាមគ្គីធម៌ដ៏ល្អប្រសើរ របស់ព្រះសង្ឃទាំងពីរគណៈ និងពុទ្ធសាសនិកជនរួមសាមគ្គីគ្នា ក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្ដេចព្រះមហាសង្ឃរាជ និង​សម្តេចព្រះសង្ឃនាយកទាំងពីរគណៈ និងការគោរព សិទ្ធិសេរីភាពគ្នា ទៅវិញទៅមករវាងព្រះពុទ្ធសាសនា និងសាសនាដទៃៗទៀត។

សម្តេចបានរម្លឹកថា ទន្ទឹមនឹងការរីកចម្រើន ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីចៀសវាងនូវបាតុភាពផ្សេងៗ ដែលជះឥទ្ធិពលមិនល្អដល់ សង្គមជាតិ និងសាសនា ពិសេសព្រះពុទ្ធសាសនា ដែលជាកម្លាំងដឹកនាំចរិយាធម៌ក្នុងសង្គម។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា បច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យាទំនើប ម្ល៉ោះហើយវិស័យពុទ្ធសាសនា ចាំបាច់ត្រូវយល់ឱ្យច្បាស់ ស្គាល់កាលៈទេសៈឱ្យច្បាស់ ហើយចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍ នៃការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាមួយនេះ។ បើយើងចេះទាញប្រយោជន៍ពីសម័យវិទ្យាសាស្រ្តមួយនេះ នោះនឹងនាំប្រយោជន៍ ដល់មូលដ្ឋានគ្រឹះរបស់ព្រះពុទ្ធសាសនា បើផ្ទុយពីនេះវិញ វានឹងនាំផលវិបាកដល់ វិស័យព្រះពុទ្ធសាសនាផង និងសង្គមជាតិទាំងមូលផង។

សម្តេចព្រះរាជតំណាងសង្ឃឹមថា សមាជិកានៃអង្គមហាសន្និបាតទាំងអស់ នឹងចូលរួមសហការគ្នាពិភាក្សា ចែករំលែកផ្លាស់ប្តូរយោបល់ ផ្តល់ចំណេះដឹង បទពិសោធន៍ របកគំហើញ និងចក្ខុវិស័យ រកឱ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីឱ្យអនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧នេះ សម្រេចបាននូវគម្រោងផែនការ និងគោលការណ៍រួម សមតាមគោលបំណង និងសំណូមពរ ដែលមហាសន្និបាតចង់បាន ទៅតាមប្រធានបទ ដែលបានកំណត់ក្នុង ទិសដៅពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំព្រះសង្ឃ ការងារគ្រប់គ្រងវត្តអារាម ការងារពុទ្ធិក សិក្សា ការងារផ្សព្វផ្សាយព្រះធម៌ព្រះវិន័យ ក៏ដូចជា ការចូលរួមចំណែកអនុវត្តន៍កម្មវិធីនយោបាយយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បាននាំយកនូវព្រះរាជទ្រព្យប្រោសព្រះរាជទានរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនូវទឹកប្រាក់ចំនួន ៥០០០ដុល្លារសហរដ្ឋអាមេរិក ប្រគេនសម្តេចព្រះសង្ឃរាជសម្រាប់ដំណើរការរៀបចំអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៧នេះផងដែរ។

តាមរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្នទីវត្តអារាមក្នុងវិស័យពុទ្ធចក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានវត្តចំនួន ៤៨៧២វត្ត មានព្រះសង្ឃចំនួន ៦១៩៩៩អង្គ។ ជាមួយគ្នានេះដែរ ព្រះវិហារអ៊ិស្លាម គ្រិស្តសាសនា និងសាសនាដទៃទៀត ក៏បានកើតឡើងព្រោងព្រាតជាបន្តបន្ទាប់។ អ្វីដែលសំខាន់ជាងនេះ គឺយើងមានសុខុដុមនីយកម្មសាសនានៅទូទាំងប្រទេស។

សូមបញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ ដែលបានប្រារព្ធបើកនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានេះ  ក៏មានការយាង និមន្ត និងអញ្ជើញចូលរួមជាកិត្តិយសផងដែរ ពីសំណាក់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ ព្រះមេគណ ព្រះអនុគណ ព្រះគ្រូចៅអធិការ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំមន្រ្តីរាជការ បុគ្គលិកតាមក្រសួង ស្ថាប័នរាជធានី ខេត្ត តំណាងអង្គទូតនានា ថ្នាក់ដឹកនាំនិងបរិស័ទនៃអ៊ិស្លាមសាសនា គ្រឹស្តសាសនា និងសាសនាដទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិអន្តរជាតិសរុបប្រមាណ៨០០អង្គ/នាក់៕

ដោយ ប៉ាល់ សុង