ប្រដាល់គុនខ្មែរ Khmer Fight ប្រកួតក្នុងកម្រិតខ្សែក្រវាត់ពិភពលោក ដើម្បីអបអរពិធីសម្ពោធ វិមានឈ្នះ ឈ្នះ នៅថ្ងៃទី២៨-៣១ ខែធ្នូ ២០១៨

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ — ដោយទទួលបានអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាន ត្រៀម​ខ្លួនរួចជាស្រេច ដើម្បីរៀបចំកីឡាសំខាន់ៗចំនួន១២ប្រភេទ ដើម្បីចូលរួមអបអរសាទរ ពិធីសម្ពោធផ្លូវការវិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្ធរៀបចំចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនៅតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងនោះ ការ ប្រកួតកីឡាគុនខ្មែរ Khmer Fight គឺជាការប្រកួតកម្រិតខ្សែក្រវាត់ពិភពលោក ដែលមាន កីឡាករមកពីបណ្តាប្រទេសជាច្រើន ខណៈប្រភេទកីឡាប្រពៃណីដូចជាកីឡាអុកចត្រង្គ ចំបាប់បុរាណខ្មែរក៏ត្រូវបានប្រកួតក្នុងទ្រង់ទ្រាយធំដែរ ដោយបានប្រកាសឱ្យមានការចូលរួម នៅទូទាំងប្រទេស។    
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ ថា នៅក្នុងការរៀបចំប្រកួតកីឡា និងសកម្មភាពកីឡាជាលក្ខណៈសម្តែងសម្រាប់ អបអរវិមាន ឈ្នះ ឈ្នះនេះទទួលបានការអនុញ្ញាតពីគណៈកម្មាធិការៀបចំបុណ្យជាតិ និងអន្តរជាតិ។ ដូច្នេះ ពិធីបុណ្យនេះត្រូវបានអនុញ្ញាតពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មការអន្តរក្រសួងផ្តល់ជូនឱ្យឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធានអនុ​គណៈ​កម្មការរៀបចំមុខងារជាច្រើន ក្នុងនោះក៏មានការរៀបចំកីឡាផងដែរ។ ឯកឧត្តមបាន បន្ថែមថា “ពិធីបុណ្យនេះ គឺជាពិធីបុណ្យដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ដែលជាខួបលើកទី២០ ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ដែលបានបញ្ចប់សង្រ្គាមស៊ីវិលនៅ កម្ពុជា (១៩៩៨-២០១៨)។ ដូច្នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំការប្រកួតកីឡា ឱ្យមានស្តង់ដារ និងទាក់ទាញខ្លាំង ដែលប្រភេទកីឡាគុនខ្មែរ Khmer Fight នឹងត្រូវ ប្រកួត ជាលក្ខណៈខ្សែក្រវាត់ពិភពលោកផង និងជាស្តង់ដាររបស់គុនខ្មែរផង ដើម្បីផ្សព្វផ្សាយផង ដែលមាន កីឡារមកពីក្រៅប្រទេសនានា ដែលមានក្បាច់គុនហ្នឹង។”


ឯកឧត្តមបន្ថែមទៀតថា ក្រៅពីនេះ ក៏នឹងមានប្រភេទកីឡា អត្តសញ្ញាណជាតិ ដូចជា ចំបាប់បុរាណ និងអុកចត្រង្គជាដើម។ ទន្ទឹមនេះ ក៏មានការជិះកង់កម្សាន្ត, កីឡាប្រណាំងកង់ ៨៥គីឡូម៉ែត្រ និង៣៥គីឡូម៉ែត្រ, វាយកូនគោល, ការប្រកួតបុរសខ្លាំង (ឬលើកទម្ងន់), ប្រណាំង​រទេះគោ និងសេះ, រត់កម្សាន្ត៣គីឡូម៉ែត្រ-៥គីឡូម៉ែត្រ និង១០ គីឡូម៉ែត្រ, យុទ្ធគុន ចម្រុះ និងកីឡាកាយវប្បកម្ម ដោយប្រភេទកីឡាទាំងអស់នេះ ​នឹងត្រូវប្រកួតនៅពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ និងកីឡាវាយកូនគោល នៅទីលាន Garden City៕

ដោយ ហេង ណាលីន