មន្ទីរពិសោធន៍ជីវសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រ ទទួលបានវិញ្ញាបនបត្រ ISO 15189 ដំបូងគេនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ — វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាគ្រឹះស្ថានមិនរក​ប្រាក់ចំណេញនៅកម្ពុជាដែលបង្កើត ឡើងនៅឆ្នាំ១៩​៥៣ ដើម្បីចូលរួមក្នុងការធ្វើរោគវិនិច្ឆ័យ ការស្រាវជ្រាវ និង​ការការពារជំងឺឆ្លង។ នៅខែធ្នូ ឆ្នាំ២០១៨នេះ មន្ទីរពិសោ​ធន៍ជីវសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រ ទទួលបានបវិញ្ញា​បន​បត្រ ISO 15189 ដំបូងគេបង្អស់នៅកម្ពុជា ពីគណៈកម្មាធិការវាយតម្លៃទទួល ស្គាល់គុណភាព របស់ប្រទេសបារាំង (COfrac) ថាជាមន្ទីរពិសោ​ធន៍ជីវសាស្ត្រមួយ បានអនុវត្តន៍ល្អតាមគោល ការណ៍ស្តង់ដារគុណភាព ក្នុងការធ្វើតេស្តវិភាគត្រឹមត្រូវតាមស្តង់ដារវេជ្ជសាស្ត្រ និង​​ទាន់ពេលវេលាតាមតម្រូវការ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថា​នប៉ាស្ទ័រ​ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០​១៨ បានបង្ហាញថា ដោយពិនិត្យឃើញពីការងារល្អរបស់មន្ទីរពិសោ​ធន៍ជីវសាស្ត្រ ក្រោមការគ្រប់គ្រងរបស់លោកនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា  បានដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រកម្រិតស្តង់ដារ ISO 15189: 2012 ទៅគណៈកម្មាធិការវាយ តម្លៃទទួលស្គាល់គុណភាពរបស់ប្រទេសបារាំង(COfrac) នៅខែធ្នូ ឆ្នាំ២០១៧។

បន្ទាប់ពីការធ្វើសវនកម្ម នៅក្នុងខែឧសភា ឆ្នាំ២០១៨ គណៈកម្មាធិការវាយតម្លៃទទួល ស្គាល់គុណភាពរបស់ប្រទេសបារាំងបានសន្និដ្ឋានថា  មន្ទីរពិសោ​ធន៍ជីវសាស្ត្រ នៃវិទ្យាស្ថាន ប៉ាស្ទ័ររបស់កម្ពុជា បានបំពេញគ្រប់លក្ខខណ្ឌស្របតាមតម្រូវការស្តង់ដារ ហើយបានសម្រេច ផ្តល់នូវការទទួលស្គាល់គុណភាព លើវិសាលភាពជាក់លាក់ នៃគ្លីនិកជីវសាស្ត្រដូចជា ជីវគីមី លោហិតសាស្ត្រ សេរ៉ូមសាស្ត្ររកជំងឺឆ្លង បាក់តេរីសាស្ត្រ និងការធ្វើរោគវិនិច្ឆ័យរកមេ រោគរបេង ជាមួយGenXpert។ ជាងនេះទៅទៀតការទទួលស្គាល់ គុណភាពស្របតាម បទដ្ឋានអន្តរជាតិ ISO  15189 បានបង្ហាញពីសមត្ថ​ភាពបច្ចេកទេស នៃមន្ទីរពិសោធន៍ និងប្រតិបត្តិការត្រឹមត្រូវមួយនៅក្នុងមន្ទីរពិសោធន៍មួយនេះ ក្រោមប្រព័ន្ធគ្រប់គ្រងមួយ ដ៏សមស្រប៕

ដោយ ប៉ាល់ សុង