ជំនួយឥតសំណងរបស់ជប៉ុន ត្រូវបានសាលារាជធានីភ្នំពេញយកមកប្រើប្រាស់ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូជំហានទី៤

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ — គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ដែលជាគម្រោង ហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈអង្គការចៃកា មានទឹកប្រាក់ប្រមាណ៣០លាន ដុល្លារអាម៉េរិក ហើយគម្រោងទាំងនេះ មានទាំងការដាក់បណ្តាញលូមេ សាងសង់អាង ស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹក និងការដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៃស្ថានីយបូមទឹកជាដើម។

នេះបើតាមការបង្ហាញឱ្យដឹង ក្នុងកិច្ចប្រជុំដំបូងនៃគម្រោងការពារទឹកជំនន់ និងកែលម្អ ប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ កាលពីថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក សាំ ពិសិដ្ឋ  ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា  គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាម៉េរិក ដែលជាជំនួយឥត សំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។ គម្រោងនេះនឹងអនុវត្តន៍នៅមួយចំនួនដូចជា៖ ១.នៅខណ្ឌទួលគោកដាក់បណ្តាញលូមេ ប្រវែង ៨.២គីឡូម៉ែត្រ។ ២- ខណ្ឌដូនពេញ ដាក់បណ្តាញលូមេ ប្រវែង ៤.៤គីឡូម៉ែត្រ។ ៣-សាង សង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា CDC។ ៤-ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវ បង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និង៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង។ 

ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញនាពេលកន្លងមកនេះក៏បានធ្លាប់បានឱ្យដឹងហើយដែរថា គម្រោងជំហ៊ានទី៤នៃ ការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូនេះ បានផ្តោតទៅលើការងារ សំខាន់ៗមួយចំនួនដូចជា ការរំដោះទឹកចេញពីផ្នែកខាងជើងវត្តភ្នំនៅក្នុងតំបន់ផ្លូវអមផ្លូវ និងផ្លូវ១៤៧ ដោយចាប់ពីវត្តភ្នំរហូតទៅដល់ រង្វង់មូលគួចកាណុង មានផ្ទៃប្រមាណ ជិត៧០ហិកតា ដែលនឹងត្រូវរៀបចំនិងគិតគូរ ឱ្យមានជាស្ថានីយបូមទឹកមួយកន្លែង ដែលស្ថានីយបូមទឹកនេះ ជាស្ថានីយទី៥ ស្របតាមមាត់ទន្លេ មានទីតាំងនៅទល់មុខសួន ច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (CDC)។ នៅក្នុងស្ថានីយបូមទឹកនេះ នឹងរៀបចំឱ្យមាន អាងស្តុកទឹកក្រោមដី ដែលមានសមត្ថភាពអាចស្តុកទឹកប្រមាណ៦.០០០ម៉ែត្រគុប មុននឹងធ្វើការបូមទម្លាក់ទឹកភ្លៀង ពីអាងស្តុកទឹកចូលទៅក្នុងទន្លេ។

បន្ថែមពីការរៀបចំស្ថានីយបូមទឹកនេះ នឹងមានការដំឡើងជាម៉ាស៊ីនចាប់យក សំរាមដោយស្វ័យប្រវត្តិ ដែលកិច្ចការនេះជាចំណែកមួយនៃ គម្រោងជំហ៊ានទី៤ ហើយគម្រោងនេះ នឹងយកទៅបំពាក់នៅគ្រប់ស្ថានីយទាំង៤ នៅជាប់មាត់ទន្លេ គឺស្ថានីយបូមទឹកផ្សារចាស់ ស្ថានីយព្រះគម្លង់ ស្ថានីយផ្សារកណ្តាល និងស្ថានីយចតុម្មុខ ដែលជាស្ថានីយស្ថាបនារួចហើយ តាំងពីគម្រោងជំហ៊ានទី២មកម្ល៉េះ ។

ទន្ទឹមនឹងនេះអត្ថប្រយោជន៍នៃការសម្រួលផ្ទៃទឹក នៅក្នុងតំបន់ទួលគោកស្ថិតក្នុង សង្កាត់បឹងកក់១ និងសង្កាត់បឹងកក់២ ក្នុងគម្រោងនឹងមានការរៀបចំដាក់ប្រព័ន្ធបណ្តាញលូ ក្នុងទំហំ ចន្លោះចាប់ពី ២ម៉ែត្រទី២,៥០ម៉ែត្រ ចម្ងាយប្រមាណជិត៧គីឡូម៉ែត្រ និងការដាក់លូប្រអប់ប្រវែង១,៥គីឡូម៉ែត្រ។ គម្រោងទាំង២នេះ គឺអាចធ្វើការរំដោះឬដោះ ស្រាយបញ្ហាជំនន់ទឹកភ្លៀង បានមួយភាគបន្ថែមទៀត នៅក្នុងតំបន់ខាងលើនេះ ហើយនេះជាចំណែកមួយនៃជំហ៊ានទី៤ នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ដែលនឹងត្រូវអនុវត្តន៍និងប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ៕

ដោយ សួស សំរិត