មន្រ្តី​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអះអាងថា ឆ្នាំ២០១៨នេះ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជាមាន​ការកើនឡើង

AKP ខេត្តសៀមរាប ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នាយកគ្រប់គ្រងទូទៅនៃអាកាសយាដ្ឋានអន្តរជាតិសៀមរាបអះអាងថា នៅឆ្នាំ២០១៨នេះ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមានាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សៀមរាប, និងអាកាសយានដ្ឋានក្រុង ព្រះសីហនុ គឺមាន​ការកើនឡើង២លាននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧។

ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​អាកាសយាដ្ឋានអន្តរជាតិសៀមរាប ក្នុងឱកាសអបអរសាទរទទួលជើងយន្តហោះបង្រ្គប់ចំនួនអ្នកដំណើរ១០លាននាក់ ដែលបានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សៀមរាប និងអាកាសយានដ្ឋានក្រុងព្រះសីហនុ កាលពីថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៨ លោក យ៉ាននីក អៃយើរី(Yannick Aillerie) នាយកគ្រប់គ្រងទូទៅនៃអាកាសយាដ្ឋានអន្តរជាតិសៀមរាប បានមាន​ប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សៀមរាប, និងអាកាសយានដ្ឋានក្រុងព្រះសីហនុ មានអ្នកដំណើរឆ្លងកាត់ចំនួន ១០លាននាក់ មានការកើនឡើងចំនួន ២លាននាក់ ធៀបនឹងឆ្នាំ២០១៧កន្លងមកសម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបតែមួយ គឺនៅក្នុង​ឆ្នាំ២០១៨នេះមាន​អ្នកដំណើរឆ្លងកាត់ចំនួនជាង៤លាននាក់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប​បានមាន​ប្រសាសន៍ថា ចំនួនអ្នកដំណើរឆ្លងកាតអាកាសយាដ្ឋានអន្តរជាតិទាំង​៣ ចំនួន ១០លាននាក់នេះ គឺបាន​   ​ ផ្តល់ការងារនិងប្រាក់ចំណូលជាច្រើន​ដល់​ប្រជាពលរដ្ឋកម្ពុជា ព្រោះ​ថា ក្នុង​ចំណោម​១០លាននាក់នេះ មួយភាគធំប្រហែលជាភ្ញៀវទេសចរបរទេសដែលបាន​មកកម្សាន្តនៅកម្ពុជា។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប​នៅ​ឆ្នាំ២០១៨នេះ នឹងទទួលបាន​ភ្ញៀវទេសចរអន្តរជាតិក្នុង​រង្វង់២លាន៦សែននាក់។អ្វីដែលអាជ្ញាធរកំពុងតែខិតខំធ្វើ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ គឺការពង្រឹងគុណភាពសេវាទាំង​នៅអាកាសយានដ្ឋាន និងនៅទីក្រុង ព្រមទាំងការរៀបចំគោលដៅទេសចរណ៍ថ្មីៗក្រៅពីអង្គរ គឺភ្ញៀវទេសចរអាចទៅទស្សនានៅសហគមន៍ទេសចរណ៍ផ្សេង ទៀតនៅក្នុងខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេសដែរ

ដោយឃុត សៅ