សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ — សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា​កាលពីរសៀលថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីពិភាក្សា និងអនុម័ត​លើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា របាយការណ៍សកម្មភាពឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩។ របាយការណ៍ចំណូល ចំណាយ ឆ្នាំ២០១៨ និងការព្យាករណ៍ ចំណូលថវិកានៅឆ្នាំ២០១៩ និងការស្នើសុំអនុម័តផែនការថវិកាសម្រាប់ចំណាយជា អាទិភាពនៅឆ្នាំ២០១៩។

តាមប្រភពពីកាកបាទក្រហមកម្ពុជាបាន​ឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានថ្លែងនូវការកោតសរសើរចំពោះ​ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ គណៈកម្មាធិ ការកណ្តាល​ និងមន្ត្រី​កាកបាទក្រហមកម្ពុជាទាំងអស់​គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹង ប្រែងបំពេញការងារមនុស្សធម៌ជួយដល់ប្រជាជនងាយរងគ្រោះបំផុត នៅទូទាំងប្រទេស ប្រកបដោយប្រសិទ្ធភាពខ្ពស់។


នាឱកាសនោះ ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ ក៏ជំរុញលើកទឹកចិត្តដល់យុវជន​ឱ្យបន្តអភិវឌ្ឍន៍ខ្លួន​ ខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ​ ឱ្យស័ក្តិសមជាយុវជនគំរូ​ ឈានមុខ​ ក្នុងការងារមិត្តអប់រំមិត្ត​ និងជួយការងារ​សង្គមនានា។

ជាមួយគ្នានោះ​ដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា​ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនជាតិ​ អន្តរជាតិទាំងអស់​ដែលផ្តល់ សេចក្តីទុកចិត្ត​ និងបរិច្ចាគធនធានជូនដល់កាកបាទក្រហមកម្ពុជា​ក្នុងទិវា​ពិភពលោក កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ឧសភា​ ជារៀងរាល់ឆ្នាំ​ និងក្នុងឱកាសផ្សេងៗ​ជាច្រើន ទៀត។ ជាពិសេសនោះ គឺព្រះរាជូបត្ថម្ភនូវព្រះទ្រព្យដ៏ឧត្តុង្គឧត្តមបំផុតរបស់​ ព្រះករុណា​ ព្រះមហាក្សត្រ​ និងសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ដែលកាកបាទ ក្រហមកម្ពុជា​បានយកទៅចាត់ចែងប្រកបដោយតម្លាភាព និងគណនេយ្យភាព៕

ដោយ​ សាយ សុន (រូបថត៖កាកបាទក្រហម)