អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ រៀបចំពិធីអបអរសាទរ នៃការទទួលបានអ្នកដំណើរ ១០លាននាក់ ក្នុងឆ្នាំ២០១៨

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ — នារសៀលថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ បានរៀបចំពិធីអបអរសាទរនៃការទទួលបានអ្នកដំណើរ ១០លាននាក់ នៅ អាកាសយានដ្ឋានអន្តរជាតិកម្ពុជាក្នុងឆ្នាំ២០១៨ ដោយមានការចូលរួមពីឯកឧត្តម វ៉ាន់ ណូរ៉ាក់ អគ្គនាយកអាកាសយានដ្ឋានអន្តរជាតិកម្ពុជា។
ឯកឧត្តម វ៉ាន់ ណូរ៉ាក់ អគ្គនាយកអាកាសយានដ្ឋានអន្តរជាតិកម្ពុជា មានប្រសាសន៍ថា នេះជាពេលដ៏វិសេសវិសាល ដើម្បីអបអរសាទរនូវសករាជថ្មីភាពជាដៃគូសហការ របស់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ដែលបានបម្រើសេវាកម្មអ្នកដំណើរចំនួន ១០លាននាក់ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ ជាកំណត់ត្រាខ្ពស់ដំបូងបំផុត នៃការខិតខំប្រឹងប្រែងរយៈពេល ៥ឆ្នាំចុងក្រោយ។ ជាក់ស្តែងនៅឆ្នាំមុន មានអ្នកដំណើរឆ្លងកាត់ ៨លាននាក់ នេះជាជោគជ័យដ៏ធំធេង ដោយសារការតភ្ជាប់ រវាងព្រលានយន្តហោះទាំង៣ នៅកម្ពុជាក្រោមប្រព័ន្ធតែមួយ រួមចំណែកក្នុងការនាំអ្នកដំណើរ កាន់តែច្រើនមកកម្ពុជា។ នៅឆ្នាំ ១៩៩៥ ក្រុមហ៊ុនខេមបូឌា អ៊ែរផតត្រូវបានផ្តល់ការទុកចិត្ត ឱ្យអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានអ្នកដំណើរប្រហែល ៥០០.០០០នាក់ មានតិចជាង ២០ដង បើប្រៀបធៀបនឹងពេលបច្ចុប្បន្ន ។


ឯកឧត្តមបន្តថា ការតភ្ជាបកាន់តែប្រសើរឡើង ហើយកាន់តែជោគជ័យ ដែលយើង បានច្រ បាច់បញ្ចូលគ្នារវាងអាកាសយានដ្ឋានទាំង៣ ឱ្យក្លាយទៅជាសហគមន៍តែមួយ គឺមានអ្នកដំណើរ ១០លាននាក់ សម្រាប់អាកាសយានដ្ឋានទាំង៣ ដោយទំនាក់ទំនង ដ៏ជិតស្និទ្ធ និងរឹងមាំរវាងដៃគូពាក់ព័ន្ធរបស់អាកាសយានដ្ឋាននីមួយៗអស់រយៈពេលជាង ២៣ឆ្នាំចុងក្រោយនេះ យើងបានសហការបង្កើតស្តង់ដារ ជាពិសេសទំនាក់ទំនងសន្តិសុខ និងសុវត្ថិភាព ក៏ដូចជាការគាំពារបរិស្ថានផងដែរជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយ ប្រទេសកម្ពុជាជាគោលដៅសម្រាប់អ្នកដំណើរ។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិទាំង៣ កំពុងបម្រើសេវាកម្មជាង ៦០ គោលដៅ។ ព្រលានយន្តហោះមិនត្រឹមតែជាស្ថានីយធ្វើដំណើរ និងការមកដល់របស់ភ្ញៀវរាប់ទាំងអ្នករៀបចំប្រព័ន្ធផ្សេងៗនៅ Runways Aprons ផងដែរ។


លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរលើទីផ្សារទាំង១០ របស់ខេត្តព្រះសីហនុ មានចិន វៀតណាម អង់គ្លេស បារាំង អាម៉េរិក និងភ្ញៀវតំបន់អាស៊ាន មានការកើនឡើងខ្លាំង ពិសេសភ្ញៀវ ទេសចរចិន ភ្ញៀវខ្មែរក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរចូលតាមព្រលានអន្តរជាតិខេត្តព្រះសីហនុ មានជិត ៣សែននាក់។ ពាក់ព័ន្ធទៅនឹងការងារទេសចរណ៍ មន្ទីរបានរៀបចំផែនការយុទ្ធសាស្ត្រ ការគ្រប់គ្រងគុណភាព និងសុវត្ថិភាព ដោយមានការសហការពីស្ថាប័នពាក់ព័ន្ធ និងអាកាសចរណ៍ស៊ីវិល និងវិស័យឯកជន ក្រសួងបាន បើកកិច្ចប្រជុំជាមួយវិស័យឯកជនរាល់៣ខែម្ដង ពិសេសការផ្ដល់ធនធានសេវាកម្ម សុវត្ថិភាពតាមព្រលានយន្តហោះខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី