កម្ពុជាដណ្តើមបានមេដាយ២៧គ្រឿងពីព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ — ក្រុមកីឡានិស្សិតនៃព្រះរាជាណាចក្រកម្ពុជាបានយកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធិ សរុប ចំនួន២៧គ្រឿង ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (19th ASEAN University Games 2018) នៅប្រទេសមីយ៉ាន់ម៉ា។    លោក មាស សារ៉េត មន្រ្តីនាយកដ្ឋានកីឡាសិស្ស និសិត្សនៃក្រសួងអប់រំយុវជន និងកីឡា ដែលកំពុងបំពេញបេសកកម្មនៅប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍មកថា ក្នុងចំណោម មេដាយសរុបចំនួន២៧វិញ្ញាសា ដែលអត្តពលិកកម្ពុជាដណ្តើមបាននោះ រួមមាន៖ មេដាយ មាស ៥, ប្រាក់១០ និងសំរឹទ្ធិ១២គ្រឿង ប៉ុន្តែការប្រកួត នៅមិន​ទាន់​បញ្ចប់នៅឡើយទេ ដែល នឹងត្រូបិទបញ្ចប់នាថ្ងៃទី២០ ខែធ្នូ​​ ​ឆ្នាំ២០១៨។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP តាមរយៈសារអេឡិចត្រូនិកពីប្រទេសមីយ៉ាន់ម៉ា លោក ឡាច ច័ន្ទដារ៉ា អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានឱ្យដឹងថា សម្រាប់ប្រភេទកីឡាការ៉ាតេបានបញ្ចប់ការប្រកួតទាំងស្រុងហើយ កាលពីម្សិលមិញ ដោយ ឈ្នះមេដាយសំរឹទ្ធិទាំង៣គ្រឿង លើវិញ្ញាសាប្រយុទ្ធឯកត្តជន នារីទម្ងន់៥០គីឡូក្រាម ដណ្តើម បានដោយកីឡាការិនី ឆន ស្រីភា, វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់៦៧គីឡូ ក្រាម ដោយ កីឡាករ លី រតនៈសម្បត្តិ និងវិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់៧៥គីឡូក្រាម ដោយ កីឡាករ កាក់ សីលាបញ្ញា។ លោកបានចាត់ទុកថា នេះជាជោគជ័យដែលការ៉ាតេកម្ពុជា​ដណ្តើមបានមេដាយ នៅក្នុងការចូល រួមជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍សាកលវិទ្យាល័យ កម្រិតអាស៊ាននេះ ដោយសារកីឡាករ កីឡាការិនីគឺជា និស្សិតមិនមែនជាកីឡាករ អាជីព កម្រិតខ្ពស់នោះទេ។

លោក អ៊ូ រតនា អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបាន​គូសបញ្ជាក់ពី​កន្លែង ប្រកួតមកកាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះថា ប្រភេទកីឡាវ៉ូវីណាមបានបញ្ចប់បេសក​កម្ម ដោយវ៉ូវីណាមកម្ពុជាឈ្នះមេដាយមាស៤, ប្រាក់៥ សំរឹទ្ធិ៨ ដោយដណ្តើម​បាន​ចំណាត់​ថ្នាក់លេខ២។ ប៉ុន្តែការឈ្នះមេដាយសរុបគឺកម្ពុជាទទួលបានលេខរៀងទី៨ ដោយបាន​ មេដាយ​សរុបចំនួន២៧ ក្នុងនោះមេដាយមាស៥ ប្រាក់១០ នឹងសំរឹទ្ធិ១២ ខណៈក្នុង ចំណោម ១១ប្រទេសគឺប្រទេសថៃឈរនៅលេខ១ ដោយមេដាយសរុប១៥២គ្រឿង និងម្ចាស់​ផ្ទះ មីយ៉ាន់ម៉ា ឈរនៅលេខ៤ ឈ្នះមេដាយសរុប៧៩គ្រឿង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០១៨នេះ ក្រសួងអប់រំ​យុវជន និងកីឡា បានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនី ចំនួន៧៧នាក់ ដោយមាន​កីឡាករ-កីឡាការិនី៤៩នាក់ និងគ្រូបង្វឹកចំនួន១២នាក់ អាជ្ញាកណ្ដាល៣នាក់ លើ៦ប្រភេទ កីឡា គឺអត្តពលកម្ម ហែលទឹក ការ៉ាតេ ប៉េតង់ វាយកូនឃ្លីលើតុ និងវ៉ូវីណាម៕

ដោយ ហេង ណាលីន