អគ្គស្នងការដ្ឋាននគរបាលជាតិបើកវគ្គបណ្តុះបណ្តាលការគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន និងសន្តិសុខធនាគារ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ — ដើម្បីលើកកម្ពស់ក៏ដូចជាការពង្រឹងផ្នែកគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន និងសន្តិសុខ ធនាគារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របពេលដែលកំណើនអ្នកវិនិយោគបាននិង កំពុង បណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើន។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន និងសន្តិសុខធនាគារ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នង​ការរងនគរ​បាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ បានស្វាគមន៍ចំពោះសមាគម​ឧស្សា​ហ​កម្មសន្ដិសុខ នៃទីក្រុងសៀងហៃ ដែលបានមកធ្វើបទបង្ហាញស្ដីពីការគ្រប់គ្រងផ្នែកសន្ដិសុខ និងចែករំលែកបទពិសោធន៍ ដល់មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀម រាប, ខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីទទួល បានបទពិសោធន៍ថ្មីៗបន្ថែមទៀត លើការងារគ្រប់គ្រងសន្ដិសុខឯកជន។   ឯកឧត្តម ឧត្តម​សេនីយ៍ឯកបានបន្ដថា វិស័យសន្ដិសុខឯកជន បានរួមចំណែកក្នុងការថែរក្សាសន្ដិសុខ សុវត្ថិ ភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអរគុណដល់សមាគមឧស្សាហកម្មសន្ដិសុខ សៀងហៃ ដែលបានប្រគល់រថយន្ដមួយគ្រឿងជូននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បី ជួយដល់ការងារគ្រប់គ្រងសន្ដិសុខឯកជន ក្នុងការចូលរួមចំណែកថែរក្សា សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈរបស់កម្ពុជា។លោក ចាវ យានមីង (ZHAO YUANMING) អនុប្រធានប្រតិបត្តិ នៃសមាគមឧស្សាហ​កម្ម​សន្តិ​សុខសៀងហៃ បានលើកឡើងថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់ចិន ហើយចិននៅតែ បន្តជួយដល់កម្ពុជាជានិច្ច ជាក់ស្តែងដូចការផ្តល់វគ្គបណ្តុះបណ្តាលជំនាញការគ្រប់គ្រងផ្នែក សន្តិសុខឯកជន និងសន្តិសុខធនាគារនេះជាដើម។

សូមជម្រាបថា បច្ចុប្បន្ននេះភ្នាក់ងារសន្ដិសុខឯកជនទូទាំងប្រទេសកម្ពុជា មានចំនួន ២៦.៥៦៥នាក់ (ស្រី២.៣៨១នាក់) ក្នុងនោះ ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សរុបចំនួន​២៣៩ក្រុមហ៊ុន និងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន (មិនធ្វើសេវា​សន្ដិ​សុខឯកជន) មានចំនួន ១.៨៦៧គ្រឹះស្ថាន៕

ដោយ ចាន់ សុធីវង្ស