ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យផ្នែកពាក់ព័ន្ធពន្លឿនការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជុំវិញបរិវេណវិមានឈ្នះឈ្នះ សម្រាប់ត្រៀមសម្ពោធនៅថ្ងៃទី២៩ ធ្នូខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យផ្នែកពាក់ព័ន្ធពន្លឿន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជុំវិញបរិវេណវិមានឈ្នះឈ្នះឱ្យបានស្អាតសម្រាប់ត្រៀមដាក់ សម្ពោធជាផ្លូវការនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

 ឯកឧត្ដមអភិបាលរាជធានីបានថ្លែងកាលពីយប់ថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ថា  ក្នុងថ្ងៃសម្ពោធវិមានឈ្នះឈ្នះ មន្ទីរសុខាភិបាលរាជធានី ត្រូវត្រៀមរថយន្តសង្គ្រោះសម្រាប់ជួយសង្រ្គោះ ព្រោះនៅថ្ងៃនោះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនមកចូលរួមទស្សនាកម្សាន្តនៅវិមានឈ្នះ ឈ្នះនេះ។ ក្រៅពី ការហេដ្ឋារចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់សាធារណៈនោះ ឯកឧត្ដម បានរុញឱ្យមន្ទីរ សាធារណៈការត្រូវបង្កើនការតុបតែងលម្អ ដាក់ភ្លើងបំភ្លឺឱ្យបានច្រើននៅតាមដងផ្លូវក្នុងតំបន់ វិមានឈ្នះឈ្នះ ធ្វើយ៉ាងណាឱ្យមានសោភណភាពស្រស់ស្អាត ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ និងដាក់បង្គន់អនាម័យ។

ឯកឧត្តមបន្តថា ចំណែកអក្សរផ្ទាំងសិលាចារឹក ដែលបានឆ្លាក់រួច ត្រូវត្រៀម រៀបចំដាក់ តាំងបង្ហាញនៅតាមវិថីវិមានឈ្នះឈ្នះ នៅក្នុងតំបន់នោះឱ្យ បានច្រើន  ហើយបើកឱ្យ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនានូវសមិទ្ធផលនានា ដែលទទួលបាន ជោគជ័យ និងស្វែងរកសន្តិភាពជូនប្រទេសជាតិ ជូនប្រជាពលរដ្ឋ ពិសេស ភាពរីកចម្រើន លើគ្រប់វិស័យនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាឱ្យទីតាំងវិមានឈ្នះឈ្នះ មានសោភណភាព ស្រស់ស្អាត។

ឯកឧត្តមបន្តទៀតថា វិមានឈ្នះឈ្នះ តំណាងឱ្យវីរភាពរបស់សមមិត្ត ហ៊ុន សែន ដែលប្រថុយ ជីវិតធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម ដើម្បីសុំកម្លាំងភាគីមិត្ត ជួយផ្តួលរំលំ របបប្រល័យ ពូជសាសន៍ ប៉ុលពត។ មួយវិញទៀត ការសាងសង់វិមានឈ្នះឈ្នះ  គឺរម្លឹកដល់ គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ រួមជានិម្មិតរូប នៃសុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយបញ្ចប់សង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃជាច្រើន ទសវត្សរ៍កន្លងមក និងចាត់ទុកជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយ និងដើម្បីអបអរសាទរពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះឈ្នះ(ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)។

សូមបញ្ជាក់ថា វិមានឈ្នះឈ្នះ ចាប់ផ្តើមសាងសង់ ក្នុងខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំ ដី១៥ហិកតា មានកម្ពស់វិមាន ៥៤ម៉ែត្រ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ដោយ សួស សំរិត