អនុប្រធានសភាបារាំងប្រកាសត្រៀមតស៊ូមតិជួយដល់កម្ពុជារឿងសហភាពអឺរ៉ុបព្រមានដក ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ — បន្ទាប់ពីសហភាពអឺរ៉ុប(EU) បានប្រកាសបន្តនីតិវិធីរបស់ខ្លួនដើម្បីធ្វើការដកប្រព័ន្ធអនុគ្រោះ ពន្ធ​លើទំនិញគ្រប់មុខរបស់កម្ពុជាលើកលែងតែគ្រឿងសព្វាវុធ ហៅកាត់ថា(EBA) អនុប្រធាន សភាបារាំង បានប្រកាសថា សភាបារាំងបានត្រៀមក្រុមតស៊ូមតិ សម្រាប់ជួយផ្តល់មតិ​នៅ​ក្នុង​កិច្ចប្រជុំសហភាពអឺរ៉ុប ក្នុងគោលបំណងជួយដល់ប្រទេសកម្ពុជា។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបជាមួយគណៈប្រតិភូសភាបារាំង ដែលដឹកនាំ​ដោយឯកឧត្តម ស៊ីលវាំង វ៉ាសឺម៉ង់ (Sylvain WASERMAN)  អនុប្រធានសភាបារាំង កាល ពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និង ជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា ឯកឧត្តម ស៊ីលវាំង វ៉ាសឺម៉ង់ បានអះអាងថា សភាបារាំងនឹងត្រៀម​ក្រុម​តាមគណៈកម្មការនានា ដើម្បីជួយផ្តល់​​មតិនៅក្នុង​កិច្ចប្រជុំសហភាពអឺរ៉ុប ដើម្បីជួយដល់​កម្ពុជា ទាក់ទងនឹងការព្រមានដកអនុ​គ្រោះពន្ធ។ ឯកឧត្តមបានលើកឡើងថា អ្វីដែលកម្ពុជា​កំពុងធ្វើ​ហើយ គណៈប្រតិភូកម្ពុជាបកស្រាយ​ទៅនោះ បានលឺដល់សភាបារាំងហើយ។ ប៉ុន្តែអ្វី​ដែល​សំខាន់នោះ ប្រធានសហភាពអឺរ៉ុប នឹង​ត្រូវចប់អាណត្តិនៅខែមិថុនា ឆ្នាំ២០១៩ ខាងមុខ នេះ​ ហើយនឹងជំរុញពន្លឿន​រឿងEBAនេះ។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ក្រុមសភាបារាំងបានត្រៀមរួចហើយ ដើម្បីជួយតស៊ូមតិ នៅតាមសភានីមួយៗ នៅក្នុងកិច្ចប្រជុំរបស់សហភាពអឺរ៉ុប ហើយការ អញ្ជើញមកកម្ពុជារបស់ឯកឧត្ដមអនុប្រធានសភាបារាំងនេះ គឺដើម្បីផ្តល់ជាមតិ ឬជាអាវុធ សម្រាប់កម្ពុជា។ ប៉ុន្តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា មិនដែលទទួលយកការដាក់សម្ពាធពីខាងក្រៅទេ។ ឯកឧត្តមបានលើកឡើងថា កម្ពុជាមិន យក​អធិបតេយ្យភាព ឯករាជ្យជាតិទៅដូរនឹងជំនួយ និងសម្ពាធទេ។ ឯកឧត្តមបានបន្ថែថា  អ្វីដែលសហភាពអឺរ៉ុបត្រូវការនោះកម្ពុជាបានកំពុងតែធ្វើបណ្តើរៗហើយដូចជាការធ្វើ​វិសោធ​ន​ កម្មច្បាប់គណបក្សនយោបាយ ការធ្វើកំណែទម្រង់ច្បាប់ស្តីពីអង្គការក្រៅ​រដ្ឋាភិ​បាល សំណុំ​រឿង​នៅតុលាការរបស់សហជីពជាដើម។ ឯកឧត្តម ឈាង វុន បានបន្ថែមទៀថា អនុប្រធាន​សភាបារាំងលើកឡើងថា បារាំងគនឹងជួយកម្ពុជា ដើម្បីតស៊ូរឿងEBA ព្រោះបារាំង​យល់ឃើញ​ថា កម្ពុជាមិនដូចការចោទប្រកាន់៕

ដោយ ប៊ុនរិទ្ធ