គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រកាសឱ្យសាធារណជន ចូលរួមជិះកង់កម្សាន្ត ដើម្បីអបអរពិធីបើកសម្ពោធ វិមានឈ្នះ ឈ្នះ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ — គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសជូនដំណឹងជាសាធារណៈដល់ថា្នក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមជិះកង់កម្សាន្តឆ្ពោះទៅកាន់វិមានឈ្នះ-ឈ្នះ ទល់មុខ ពហុ កីឡដ្ឋានជាតិមរតកតេជោ តំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដោយនឹង​ជួបជុំគ្នានៅពហុកីឡដ្ឋានអូឡាំពិក ចាប់ម៉ោង៥ និង១៥ នាទីព្រឹក រួចចេញដំណើរម៉ោង​៦:០០ នាទីព្រឹកឆ្ពោះទៅវិមានឈ្នះ-ឈ្នះ។ ការចូលរួមជិះកង់កម្សាន្តនេះ គឺមានចម្ងាយផ្លូវប្រមាណ ២០គីឡូម៉ែត្រ ដោយអាចចូលរួមបានគ្រប់ប្រភេទកង់ទាំងអស់។គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជឿជាក់យ៉ាងមុតមាំថា មហាជននានានឹងបង្ហាញ​នូវស្មារតី និងឆន្ទៈខ្ពស់ក្នុងការចូលរួមអបអរសាទរពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងខួបលើក ទី២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា (១៩៩៨-២០១៨)។

តាមការគ្រោងទុក ក្រៅពីកីឡាជិះកង់នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំឱ្យមាន ប្រភេទកីឡាចំនួន១០ផ្សេងៗទៀត ដើម្បីចូលរួមអបអរសាទរវិមានឈ្នះ​ឈ្នះ ដែលមានដូចជា ប្រដាល់គុនខ្មែរ, កីឡាប្រណាំងកង់៨៥គីឡូម៉ែត្រ និង៣៥គីឡូម៉ែត្រ វាយកូនគោល, អុកចត្រង្គ, ចំបាប់បុរាណ, ការប្រកួតបុរសខ្លាំង (ឬលើកទម្ងន់), ប្រណាំង​រទេះគោ និងសេះ, រត់កម្សាន្ត៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ, យុទ្ធគុនចម្រុះ និងកីឡាកាយវប្បកម្ម ដោយប្រភេទកីឡាទាំងអស់នេះ​នឹងត្រូវប្រកួតនៅពហុកីឡដ្ឋាន​ជាតិ​មរតក តេជោ និងកីឡាវាយកូនគោល នៅទីលាន Garden City។

សូមបញ្ជាក់ថា វិមានឈ្នះ ឈ្នះ ស្ថិតនៅទល់មុខ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕