ក្រសួងឧស្សាហកម្ម បណ្ដុះបណ្ដាលម្ចាស់អាជីវកម្មក្នុងការប្រើប្រាស់ថាមពលសូឡា ដើម្បីកាត់បន្ថយថ្លៃចំណាយ និងធានាដល់បរិស្ថានស្អាត

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ — ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយក្រសួងសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនថ្មីរបស់សាធារណរដ្ឋកូរ៉េ បានបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពដល់ម្ចាស់អាជីវ កម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម លើការប្រើប្រាស់ថាម​ពល​សូឡា ដើម្បីចូល​រួម​កាត់បន្ថយថ្លៃចំណាយ និងធានាឱ្យមានបរិស្ថានស្អាតនៅកម្ពុជា។

ក្នុងសិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលផ្នែកនវានុវត្ដន៍បែបអេកូធម្មជាតិសម្រាប់សហគ្រិនក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមដោយប្រើថាមពលសូឡា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ លោក វ៉ែន គៀហាក់ អគ្គនាយករង នៃអគ្គ នាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា ការបណ្ដុះ​បណ្ដាលនេះ ក្នុងគោលដៅបង្កើនសមត្ថភាពជូនដល់ម្ចាស់សហគ្រាស អាជីវកម្ម ដើម្បីឈ្វេង យល់អំពីអត្ថប្រយោជន៍នៃថាមពលកកើតឡើងវិញ តាមរយៈការដាក់ប្រព័ន្ធសូឡាទៅក្នុងខ្សែ​សង្វាក់ផលិតកម្ម សម្រាប់កាត់បន្ថយថ្លៃអគ្គិសនី និងការធ្វើអាជីវកម្មកាន់តែ មានប្រសិទ្ធភាព ព្រមទាំង​គិតគូរដល់បរិស្ថានបៃតង។ លោកបានលើកឡើងថា វិស័យសហគ្រាសធុនតូច និង មធ្យមដែលប្រើ​ថាមពលសូឡានេះមិនត្រឹមតែមានតម្លៃថោកសមរម្យប៉ុណ្ណោះទេ តែបានជួយ ទ្រទ្រង់ដល់បរិស្ថាន និងកាត់បន្ថយការពឹងផ្អែកទៅលើប្រភពអគ្គិសនីចេញពីប្រេងឥន្ធនៈ និង​ធ្យូង​ថ្ម ដែលមានផលប៉ះពាល់ដល់បរិស្ថាន។ លោកបានបន្ដថា តម្រូវការរបស់សហគ្រាសធុន​តូច និងមធ្យមនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែបង្កើតការងារផលិតផល សេវា​ កម្ម បម្រើប្រទេសជាតិនោះទេ តែថែមទាំងជា ឆ្អឹងខ្នងសេដ្ឋកិច្ច និងជាបណ្ដុំនៃនវានុវត្ដន៍ ឬគំនិតច្នៃប្រឌិតបង្កើតថ្មីថែមទៀត។ លោកបានអះអាងថា សហគ្រាសធុនតូច និងមធ្យមនៅ​កម្ពុជាមួយចំនួនធំ ពុំទាន់បានដឹងច្បាស់នូវ ឡើយ​អំពីអត្ថប្រយោជន៍ និងមានការបារម្ភ​លើ​ការវិនិយោគទៅលើការប្រើប្រាស់ប្រព័ន្ធថាមពលសូឡាក្នុងអាជីវកម្មរបស់ខ្លួន ខណៈប្រភព ថាម​ពលសូឡាគឺមានតម្លៃទាបបំផុត បើប្រៀបទៅនឹងប្រភពអគ្គិ​សនីចេញពីប្រេងឥន្ធនៈ និង​ធ្យូងថ្ម​នោះ។

លោកអគ្គនាយករងបានបន្ថែមទៀតថា សិក្ខាសាលានេះ គឺមានការចូលរួមពីម្ចាស់​អាជីវកម្ម សហគ្រាសធុនតូច និង​មធ្យមមកពីរាជធានី ខេត្ដ ដែលផ្ដោតលើការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពឱ្យក្លាយជាសហ​គ្រិន​ក្នុងអាជីវកម្មសូឡា តាមរយៈការកសាង និងរៀប​ចំគំរូ​អាជីវកម្ម សម្រាប់ទីផ្សារ ការសិក្សាអំពីបទ​ពិសោធន៍ល្អៗ ពីបណ្ដាក្រុមហ៊ុនសូឡាអន្ដរជាតិ ដែលមាន អ្នកជំនាញកម្ពុជា និងកូរ៉េធ្វើបទបង្ហាញ។

លោក Jinwood Jerry Jung អ្នកជំនាញផ្នែករៀបចំផែនការអភិវឌ្ឍន៍ថាមពលរបស់កូរ៉េ បានឱ្យ​ដឹង​ថា បច្ចុប្បន្ននេះ តម្រូវការទីផ្សារនៃការប្រើប្រាស់ថាមពលសូឡានៅកម្ពុជា កំពុងតែ បើក​យ៉ាងទូលាយ ហើយកូរ៉េ នឹងធ្វើការចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់​ទង​នឹងការប្រើប្រាស់ថាមពលសូឡានេះដល់ប្រជាជនកម្ពុជា ជាពិសេសសហគ្រាសធុនតូច និង​មធ្យម ដើម្បីដាក់បញ្ចូល​ក្នុង ដំណើរការអាជីវកម្មសម្រាប់រួមចំណែកកាត់បន្ថយការ​ចំណាយ​ច្រើន ខណៈការប្រើប្រាស់អគ្គិសនី គឺមានតម្លៃថ្លៃជាងថាមពលសូឡា៕

ដោយ អ៊ុន រិទ្ធី