ម្ចាស់មេដាយមាសពិភពលោកកីឡាកាយវប្បកម្ម វិលត្រឡប់មកដល់មាតុភូមិវិញ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ — ប្រតិភូ និងកីឡាករ សំបូរ សុភ័ណ្ឌ ដែលជាម្ចាស់មេដាយមាស ពិភពលោកនៅប្រទេសថៃ បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅក្នុង ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី១០ ឆ្នាំ២០១៨។ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងមន្ដ្រី ថ្នាក់ដឹកនាំសហព័ន្ធកីឡា កាយវប្បកម្មកម្ពុជាបានទៅទទួល ស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ម្ចាស់មេដាយមាសពិភព លោក រូបនេះ ក៏ដូចជាក្រុមប្រតិភូ។ម្ចាស់មេដាយមាស សំបូរ សុភ័ណ្ឌ បានសម្ដែងនូវភាពរីករាយជាខ្លាំង ដែលខ្លួនអាច​សម្រេចបំណងក្នុងការដណ្ដើមមេដាយមាសពិភពលោក បន្ទាប់ពីខ្លួនខិតខំប្រឹងប្រែងហ្វឹក ហាត់ជាច្រើនកន្លងមក។ សុភ័ណ្ឌ បានប្តេជ្ញាចិត្តថានឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីរក្សា នូវភាពខ្លាំង និងបន្ដដណ្ដើមមេដាយ ក្នុងព្រឹត្តិការណ៍អន្ដរ ជាតិធំៗជូនប្រទេសកម្ពុជា។គួរបញ្ជាក់ថា ក្នុងការប្រកួតនេះ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាបានបញ្ជូនកីឡាករ ជម្រើសជាតិរបស់ ខ្លួនចំនួន៥នាក់ ប៉ុន្តែមានតែកីឡាករ សំបូរ សុភ័ណ្ឌ ម្នាក់ប៉ុណ្ណោះដែល ដណ្តើមនូវភាពជោគជ័យដ៏ធំធេងយក មកជូនជាតិ៕

ដោយ ហេង ណាលីន