មន្រ្តី​ជាន់ខ្ពស់ក្រសួង​សុខាភិបាល​អះអាងថា អត្រាស្លាប់របស់កុមារនៅកម្ពុជា នៅត្រឹមឆ្នាំ២០១៧មាន​ការថយចុះ

AKP សៀមរាប ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ — មន្រ្តី​ជាន់ខ្ពស់ក្រសួងសុខាភិបាលអះអាងថា កម្ពុជានឹងឈានទៅសម្រេចបានគោល ដៅកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកឱ្យចុះមកនៅត្រឹម១៤នាក់ ក្នុងចំណោម ទារកកើត រស់១០០០នាក់ នៅឆ្នាំ២០២០ ខណៈដែលនៅឆ្នាំ២០១៧ កន្លងមកនេះអត្រា ស្លាប់របស់កុមារ មានការថយចុះគួរឱ្យកត់សម្គាល់។  ថ្លែងបើកសិក្ខាសាលាប្រចាំឆ្នាំ ដើម្បីពិនិត្យឡើងវិញអំពីសុខភាពរបស់កុមារ និងវឌ្ឍនភាពនៃការអនុវត្តន៍ការថែទាំជាសារវន្តទារកទើបនឹងកើតនៅប្រទេសកម្ពុជា នៅ ព្រឹកថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ឯក​ឧត្តម ឈូ អ៊ីម៉េង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍ថា ក្រសួង​សុខាភិបាល បានដាក់ឱ្យប្រើប្រាស់នូវផែនការសកម្មភាព​រយៈពេល៥ឆ្នាំសម្រាប់ការថែទាំទារក ឆ្នាំ២០១៦-២០២០ ហើយចាប់តាំងពីពេលនោះ មកក្រុមការងារអនុវត្តន៍ការថែទាំទារក និងសមាហរណកម្មទទួលបន្ទុក ពិនិត្យព្យាបាល ជំងឺកុមារ នៃក្រសួងសុខាភិបាល ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈ មណ្ឌលជាតិគាំពារមាតា និងទារក បានបង្កើតគោលការណ៍ណែនាំជាតិជាច្រើន សម្រាប់ការអនុវត្តថែទាំសារវន្តទារកទើបនឹងកើត សមស្របទៅនឹងស្ថានភាព និងបរិបទជាក់ស្តែងនៃសេវាសុខាភិបាលក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ជាពិសេសកម្មវិធី សាស្រ្តសាមញ្ញៗមួយចំនួន ដែលបាននិងកំពុងអនុវត្តន៍យ៉ាងទូលំទូលាយ នៅតាម សេវាសុខាភិបាលមូលដ្ឋាននានាដូចជា ការថែទាំទារកទើបនឹងកើតភ្លាម ដោយការជូត សម្ងួតទារក ការដាក់ទារកឱ្យស្បែកប៉ះស្បែកម្តាយ ការគាបនិងកាត់ទងផ្ចិត នៅ ពេលជីពចរ ឈប់លោត ការជួយសង្គ្រោះទារកពេលកើតមកមិនដកដង្ហើម រួមទាំងអន្តរាគមន៍ផ្សេងៗទៀត ដែលធ្វើក្រោយពេលទារក បានបៅដោះម្តាយជាលើកដំបូងជាដើម។

ឯកឧត្តម​បន្តថា ការងារទាំងនេះបានធ្វើឱ្យអត្រាស្លាប់របស់កុមារអាយុ ក្រោម៥ឆ្នាំនៅកម្ពុជាបានថយចុះមកនៅ២៩នាក់ក្នុងចំណោមទារកកើតរស់១០០០នាក់ និងអត្រាស្លាប់របស់ទារកបានថយចុះមកនៅ១៥នាក់ ក្នុងចំណោមទារកកើតរស់១០០០នាក់ នៅឆ្នាំ២០១៧។ ប៉ុន្តែអត្រាថយចុះនេះ បើធៀបទៅនិង​ប្រទេសជិតខាង​កម្ពុជានៅតែមាន​ចំនួនច្រើនជាងគេនៅឡើយ ដូច្នេះការអន្តរាគមកាត់បន្ថយការស្លាប់របស់ទារកទើបនឹងកើត គឺជាអាទិភាពចាំបាច់សម្រាប់កាត់បន្ថយបន្ថែមទៀតនូវការស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ ដើម្បីសម្រចឱ្យបាននូវគោលដៅរបស់ក្រសួងសុខាភិបាល ដែលបានកំណត់សម្រាប់ ឆ្នាំ២០២០។ លើសពីនេះ ដើម្បីឱ្យការថែទាំសុខភាពកុមារនៅកម្ពុជា កាន់តែល្អប្រសើរឡើង ថែមទៀតនោះ នៅដើមឆ្នាំ២០១៨នេះក្រសួងសុខាភិបាល បានសហការជាមួយអង្គការ សុខភាពពិភពលោក ធ្វើការពិនិត្យឡើងវិញអំពីសេវាថែទាំសុខភាពកុមារ ដែលមានអាយុតិច ជាង៥ឆ្នាំ ក្នុងគោលបំណងពង្រឹងឡើងវិញនូវគុណភាពសេវាថែទាំទារកនៅកម្ពុជា៕

ដោយ ឃុត សៅ