ក្រសួង​ទេសចរណ៍​ ជំរុញឱ្យស្ថានីយវិទ្យុ ​​ទូរទស្សន៍ផ្សព្វផ្សាយពិធីសម្ពោធវិមានឈ្នះ-ឈ្នះ​ និងឆ្លងឆ្នាំឱ្យបាន​គគ្រឹកគគ្រេង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ –មន្រ្ដីជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​ បានជំរុញឱ្យស្ថានីយវិទ្យុ​ ទូរទស្សន៍ទាំងអស់ចូលរួមផ្សព្វផ្សាយក្នុងពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងខួបលើកទី២០ នៃទិវានយោបាយឈ្នះ-ឈ្នះ ព្រមទាំងពិធីឆ្លងឆ្នាំសកលដែលគ្រោងធ្វើឡើងចុងឆ្នាំ២០១៨ខាងមុខនេះ ដើម្បីផ្សព្វផ្សាយ​ឱ្យ កាន់តែទូលំទូលាយទៅដល់ប្រជាពលរដ្ឋទាំងក្នុង​ និងក្រៅប្រទេស។

ក្នុងកិច្ចប្រជុំជាមួយបណ្តាស្ថានីយវិទ្យុ និងទូរទស្សន៍ កាលពីល្ងាចថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការគណ:រដ្ឋមន្រ្តី​ ឯកឧត្តម​ ជា​ បូរ៉ា​ រដ្ឋលេខាធិការក្រសួងទេ​សចរណ៍​ ​និង ជាអនុគណៈកម្មការរៀបចំសិល្បៈបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយត្រូវចូលរួមផ្សព្វផ្សាយ ក្នុងពិធី​នេះ​ ឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យ​ប្រជាពលរដ្ឋដែលមិនបានចូលរួមទាំងក្នុង​ និងក្រៅ​​ប្រទេសអាចបានទស្សនា​សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលើគ្រប់វិស័យនៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏​បានលើកទឹកចិត្ដដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមក្នុងការផ្សព្វផ្សាយ​នូវព្រឹត្ដការណ៍​ និងមានការសម្ដែង​សិល្បៈ វប្បធម៌ ប្រពៃណីខែ្មរ ស្របពេលដែលរាជរដ្ឋាភិបាល ប្រារព្ធធ្វើពិធីឆ្លងឆ្នាំសកលក្នុងពេលតែមួយដែលនឹងប្រារព្ធធ្វើឡើងនៅវិមានឈ្នះ ឈ្នះ ស្ថិត ក្នុងតំបន់អភិវឌ្ឍន៍លី យ៉ុងផាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្ដមបានបន្ថែមថា ការរៀបចំធ្វើពិធីសម្ពោធវិមានឈ្នះ ឈ្នះ នឹងត្រូវធ្វើឱ្យបាន ក្តិសមបំផុត សម្រាប់ជាមោទនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យសម្រេចបាននូវនយោបាយឈ្នះ ឈ្នះ ដោយការបញ្ចប់សង្គ្រាមស៊ីវិល រ៉ាំរ៉ៃជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជា

សូមបញ្ជាក់ថា​ វិមានឈ្នះ ឈ្នះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ លើទំហំផ្ទៃដី៨ហិតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងគោលបំណង រម្លឹ​កដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងក៏ជានិមិ្ដរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក ដែលនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕

ដោយ ចាន់ សុធីវង្ស