ខេត្តសៀមរាបប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ១២ធ្នូ

AKP សៀមរាប ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ –ខេត្តសៀមរាបបានប្រារព្ធទិវាជាតិលើកទី១២ នៃការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគុណខេត្ត ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត បណ្តាអង្គការសង្គមស៊ីវិល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និសិ្សត ក្រុមយុវជន កាយឫទ្ធយុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ១ពាន់នាក់

    

ទិវាជាតិនៃការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស បានប្ររព្ធឡើងកាលពីថ្ងៃចន្ទ ១០កើតខែមិគសិរ ឆ្នាំចសំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងសាលមហោស្រពស្នាមញញឹមអង្គរ ក្រុងសៀមរាប​នោះ ក៏មានដាក់បញ្ចាំងនូវកម្រងភាពយន្តឯកសារ ទាក់ទងការជួញដូរ កេងប្រវ័ញ្ច និងធ្វើអាជីវកម្មផ្លូវភេទតាមរយៈមេខ្យល់ ក្រុមអ្នករកស៊ីរត់ពន្ធមនុស្ស និងបានប្រើប្រាស់គ្រប់កលល្បិចបោកប្រាស់ទៅតាមគ្រប់រូបភាព ហើយកុមារមួយចំនួនត្រូវបានធ្លាក់ខ្លួនទៅក្នុងអំពើពេស្យាចារ ដោយរងនូវអំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសង ឬឪពុកម្តាយយកទៅលក់ ដើមី្បសងបំណុលគេ និងកុមារមួយចំនួនទៀតត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ ដែលត្រូវបានគេយកទៅលក់ និងកត្តាមួយចំនួនក៏ធ្វើឱ្យស្ត្រី និងកុមារងាយរងគ្រោះផងដែរ។

       

លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា ទិវាជាតិលើកទី១២ ប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ១២ធ្នូ ក្នុងគោលបំណងបង្ហាញអំពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូប ក្នុងការរួមគ្នា បង្ការ បង្រ្កាប ផ្តន្ទាទោស សង្រ្គោះ និងការពារ ដើមី្បកម្ពុជាគ្មានអំពើជួញដូរមនុស្ស។ ម៉្យាងទៀតរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ការលំបាក ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដើមី្បឱ្យប្រជាជនកម្ពុជា និង មនុស្សជាតិទទួលបានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និង ភាពសុខុដុមរមនា។

     

លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ឱ្យដឹងថា ទិវាជាតិនៃការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្សនេះដែរ ក៏បានផ្តោតសំខាន់ចំពោះបទល្មើស ការពរពោះជំនួស ដែលជាបទឧក្រិដ្ឋមួយក្នុងការជួញដូរទារក នាំចេញទៅក្រៅប្រទេស។ ម៉្យាងទៀត រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រការធ្វើទេសន្តរប្រវេសន៍ការងារស្របច្បាប់ សម្រាប់ជាជម្រើសក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គម។

លោកជំទាវរដ្ឋលេខាធិការ សង្ឃឹមជឿជាក់ថា ការបា្ររព្ធទិវានៅថៃ្ងនេះជាស្មារតីយល់ដឹងដ៏មានសារៈសំខាន់បំផុត ក្នុងការផ្សព្វផ្សាយជាសាធារណៈ បំផុសកិច្ចចូលរួមក្នុងការអនុវត្តច្បាប់ ស្តីអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តីនិងកុមារ ព្រមទាំងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ការគាំទ្រ បន្តសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដើម្បីអនុវត្តន៍ច្បាប់នេះ ឱ្យកាន់តែមានប្រសិទ្ធិភាពនិងជោគជ័យថែមទៀត ដើម្បីប្រជាជន និងប្រទេសជាតិយើង

ដោយ ហង្ស សៀក