រដ្ឋបាលខេត្តព្រះសីហនុណែនាំឱ្យម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ត្រូវមានអាងប្រតិកម្ម ឬថាំងផ្លាកស្ទិក ដើម្បីបំលែង មុនបង្ហូរទឹកកខ្វក់ចូលសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ — រដ្ឋបាលខេត្តព្រះសីហនុបានចេញនូវវិធានការចំនួន២ ទី១ ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ប្រកបអាជីវកម្ម ត្រូវមានអាងប្រតិកម្ម ឬថាំងផ្លាកស្ទិក មុននឹងបង្ហូរទឹកកខ្វក់ចូលលូ ចេញទៅសមុទ្រ ។ ចំពោះវិធានការទី២ ចាប់បង្ខំឱ្យប្រជាពលរដ្ឋ ឬម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារត្រូវមានអាងប្រតិកម្ម ឬថាំងផ្លាកស្ទិក ប្រសិនមិនអនុវត្ដន៍ តាមការណែនាំរបស់រដ្ឋបាលខេត្តទេ នៅថ្ងៃទី២៨ ខែធ្នូខាងមុខ នឹងចាប់ផ្ដើមអនុវត្តន៍តាម ផ្លូវច្បាប់ជាធរមាន ដោយត្រូវផ្អាកអាជីវកម្មជាបណ្តោះ អាសន្ន។ នេះគឺជាការលើកឡើង របស់ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ    កាលពីព្រឹកថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា បើមានការចូលរួមពីប្រជាពលរដ្ឋ និងម្ចាស់ផ្ទះ សំណាក់ សណ្ឋាគារ បញ្ហាទឹកកខ្វក់នឹងត្រូវបានកាត់បន្ថយបានរហូតដល់៩៨ភាគរយ ដើម្បី​បរិស្ថាន​មឆ្នេរសមុទ្រ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនឡើង​នៅ​ខេត្តព្រះសីហនុ ជារៀងរាល់ឆ្នាំ។ ឯកឧត្តមអភិបាលខេត្ដបានបញ្ជាក់ថា ដោយសារកំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ មានការកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្ដែបញ្ហាទឹក កខ្វក់ក៍ជាកង្វល់របស់រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការឆ្នេរដែរ ក្នុងការដោះស្រាយទឹកកខ្វក់ ហូរចូលក្នុងសមុទ្រ ។

ឯកឧត្តមបានបន្តថា បច្ចុប្បន្នខេត្តព្រះ សីហនុ ក៏មានស្ថានីយបូមទឹកកខ្វក់ ៤កន្លែង ដែលអាជ្ញាធរខេត្ដកំពុងសិក្សាស្ថានីយនៅខាងមុខសាលាខេត្ត ដើម្បីបូមទឹកកខ្វក់បញ្ចៀស ចេញកុំឱ្យហូរចូលសមុទ្រ បង្កផលប៉ះពាល់ដល់តំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ដែលជា សមាជិកក្លិបឆ្នេរស្អាតលើពិភពលោក៕

ដោយ ងូ សុមុនី