សិក្ខាសាលាស្តីពី ការគណនាតម្លៃនៃការបញ្ជ្រាបយេនឌ័រ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

AKP កំពត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ — លោកជំទាវ ស៊ី សុវណ្ណ បុទុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការដឹកនាំ និងសម្របសម្រួលយេនឌ័រ នឹងការប្រែប្រួលអាកាសធាតុ នៃក្រសួងកិច្ចការនារី បានអញ្ជើញ ជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្ដីពី ការគណនាតម្លៃនៃការបញ្ជ្រាបយេនឌ័រ ដើម្បីបន្ស៉ាំ នឹងការប្រែប្រួលអាកាសធាតុ ក្នុងការលើកកម្ពស់ការទទួលបានទឹកស្អាត និងមានសុវត្ថិភាព និងការប្រមូលទិន្នន័យដើមគ្រាបែងចែកតាមភេទដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៨ នៅខេត្តកំពត។ 

អង្គសិក្ខាសាលានេះក្រោមការរៀបចំឡើងដោយក្រុមការងារបញ្ជ្រាបយេនឌ័រ ក្រសួងកិច្ចការនារីមានរយៈពេល២ថ្ងៃ និងមានអ្នកចូលរួមពីមន្ត្រីតំណាងអាជ្ញាធរខេត្ត និងស្រុកឃុំប្រជាពលរដ្ឋពាក់ព័ន្ធ សរុបចំនួន៦៤នាក់ក្នុងគោលបំណងពង្រឹង សមត្ថភាពលើ វិធីសាស្ត្រក្នុងការគណនានូវការចំណាយ និងអត្ថប្រយោជន៍សេដ្ឋកិច្ច នៃការបញ្រ្ជាបយេនឌ័រ ក្នុងការលើកកម្ពស់ នៃការទទួលបានទឹកស្អាត និងមានសុវត្ថិភាពនិងការប្រមូល ទិន្នន័យដើម គ្រាបែងចែកតាមភេទ ដែលបានចុះអង្កេតផ្ទាល់ កន្លងមកក្នុងឃុំគោលដៅចំនួន២ គឺឃុំតានី និងឃុំភ្នំកុង នៃស្រុកអង្គរជ័យខេត្តកំពត។

សូមបញ្ជាក់ថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុបានក្លាយជាគ្រោះមហន្តរាយមួយ ដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិ និងជាអាទិភាពរសើបសម្រាប់សកលលោកក្នុង សតវត្សរ៍ទី២១នេះ។ ខណៈដែល ភពផែនដីកាន់តែ កើនឡើងកំដៅ ផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុមានកម្រិតកាន់តែធ្ងន់ធ្ងរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងនិរន្តរភាពបរិស្ថានពិភពលោក។ ដូច្នេះហើយការប្រែប្រួលអាកាសធាតុត្រូវបានចាត់ទុក ជាបញ្ហាចម្បងដែលត្រូវដោះស្រាយតាមរយៈការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពសមស្របមួយ ដើម្បីឆ្លើយតបទាំងកម្រិតសកលលោក ថ្នាក់តំបន់និង ថ្នាក់ជាតិ។ ដើម្បីឆ្លើយតបជាបន្ទាន់សម្រាប់ផលប៉ះពាល់នៃបញ្ហាខាងលើនេះ គំនិតផ្តួចផ្តើម នានា ដែលមានការគិតគូរពីយេនឌ័រ ជាពិសេសការពង្រឹងភាពអង់អាច ផ្នែក សេដ្ឋកិច្ច ដល់ស្ត្រីមានភាពចាំបាច់សម្រាប់ប្រទេសកម្ពុជាយើងដែលគួរត្រូវតែបានតាក់តែង និងរៀបចំជាដំណើរការមួយដែលអាចជួយពួកគាត់ក្នុងការឆ្លើយតបទៅ នឹងផលប៉ះពាល់ ធ្ងន់ធ្ងរនៃការប្រែប្រួលអកាសធាតុនេះ។

បច្ចុប្បន្នទិន្នន័យសម្រាប់ផលប៉ះពាល់នៃគ្រោះមហន្តរាយនិងផលប៉ះពាល់ពីធម្មជាតិ មិនត្រូវបានបែងចែករវាងស្ត្រីនិងបុរសនោះទេ ដែលទាំងនេះវាមានការលំបាក សម្រាប់អ្នក តាក់តែងគោលនយោបាយ ក្នុងការរៀបចំសកម្មភាពសមស្របណាមួយ ដើម្បីកាត់បន្ថយ នូវផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ លើស្រ្តី បុរស កុមារ ចាស់ជរា និងជនមានពិការភាព។ លើសពីនេះទៀតនោះ ថែមទាំងមិនមានទិន្នន័យ ច្បាស់លាស់ ណាមួយបង្ហាញពីការចំណាយក្នុងការបញ្ជ្រាបយេនឌ័រ និងការវិភាគ រវាងការបញ្ជ្រាប យេនឌ័រក្នុងការបន្ស៉ាំនឹង ការប្រែប្រួលអាកាសធាតុផ្អែកលើ ទិដ្ឋភាពសេដ្ឋកិច្ចឡើយ។

លោកជំទាវ ស៊ីសុវណ្ណ បុទុម សង្ឃឹមថា តាមរយៈនៃអង្គសិក្ខាសាលានេះ នឹងទទួលបាន លទ្ធផលជាវិជ្ជមាន សម្រាប់ជាមូលដ្ឋានប្រើប្រាស់ក្នុងការវាស់វែង នូវប្រសិទ្ធភាពនៃការអនុវត្ត ការបញ្ជ្រាបយេនឌ័រក្នុងគម្រោងបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនានា៕

ដោយ ប្រាក់ លាង