ទំហំទឹកប្រាក់វិនិយោគរបស់បារាំងនៅកម្ពុជាកើនដល់ជាង ១ពាន់លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ — ទំហំទឹកប្រាក់វិនិយោគរបស់បារាំងនៅកម្ពុជានាពេលបច្ចុប្បន្ន បានកើនដល់ជាង ១ពាន់លានដុល្លារអាម៉េរិកហើយ។ នេះបើតាមប្រសាសន៍សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយអនុ ប្រធាន​រដ្ឋសភា នៃសាធារណរដ្ឋបារាំង ឯកឧត្តម សីវ៉ង់ វ៉ាសឺម៉ង់ (Sylvain WASERMAN) នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះនៅវិមានរដ្ឋសភា។  ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបនោះថា សម្តេចចក្រីប្រធានរដ្ឋសភាបាន ហៅចំណងការទូតកម្ពុជា-បារំាងថាមានលក្ខណៈពិសេស ដែលបានកសាងឡើង ដោយអតីតប្រមុខដឹកនាំប្រទេសទាំងពីរតាំងពីឆ្នាំ១៩៥២ គឺ១ឆ្នាំមុនដែលកម្ពុជាបានប្រកាស ឯករាជ្យជាផ្លូវការរបស់ខ្លួន និងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈររហូតមកដល់សព្វថៃ្ង។
សម្តេចក៏បានជម្រាបជូនអនុប្រធានសភាបារាំងអំពីកិច្ចការសភាកម្ពុជា ក្នុងរយៈពេល ៥អាណត្តិកន្លងមកនេះ រដ្ឋសភាបានអនុម័តច្បាប់សរុប ៥២៣ច្បាប់ ក្នុងនោះមាន ៥៣ច្បាប់ ទាក់ទងនឹងគោលការណ៍សិទ្ធិមនុស្ស ហើយកាលពីសប្តាហ៍មុនរដ្ឋសភាបានធ្វើ វិសោធនកម្ម ច្បាប់ស្តីពី គណបក្សនយោបាយ ដោយអនុម័តនូវវិធានការនានា ដើម្បីពង្រឹងលទ្ធិប្រជាធិប តេយ្យ និងលំហនយោបាយឱ្យកាន់តែមានភាពទូលំទូលាយ។ឯកឧត្តម សីវ៉ង់ វ៉ាសឺម៉ង់ (Sylvain WASERMAN) អនុប្រធានរដ្ឋសភានៃសាធា រណរដ្ឋបារាំង បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-បារាំង ក្នុងនោះ ទំនាក់ទំនងរវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ ក៏កំពុងមានការរីកចម្រើនជាលំដាប់ ផងដែរ។ ឯកឧត្តមអនុប្រធានរដ្ឋសភាបានសម្តែងនូវការកោតសរសើរចំពោះកម្ពុជា ដែលនៅមានអ្នកនិ​យម​ប្រើប្រាស់ភាសាបារាំងច្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា កម្ពុជាក៏បាននាំចេញអង្ករច្រើនក្នុងលំដាប់ទី២ ទៅកាន់ប្រទេសបារាំង ប្រមាណជិត ៨ម៉ឺនតោនផងដែរ៕

ដោយ ប៉ាល់ សុង