ប្រជាពលរដ្ឋក្រីក្រមកពី៤ឃុំ និង១សង្កាត់ នៃខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ –នារសៀលថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងវត្តស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិ បាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ លោក DONG DING CHENG ប្រធានសមាគមសហគ្រិនចិនខេត្តជាំងស៊ូ ប្រទេសចិន នៅកម្ពុជា និងសហការី មន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សមាគមសហគ្រិនចិន ខេត្តជាំងស៊ូ នៅកម្ពុជា ផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១.០០០គ្រួសារ មកពី៤ឃុំ ក្នុងស្រុកព្រៃនប់ និង ១សង្កាត់ មកពីក្រុងព្រះសីហនុ ក្នុងនោះឃុំព្រៃនប់ ១៨០គ្រួសារ ឃុំអូរឧកញ៉ាហេង ១៨០គ្រួសារ ឃុំរាម ២៣០គ្រួសារ ឃុំបិតត្រាង ២៣០គ្រួសារ និង សង្កាត់លេខមួយ ក្រុងព្រះសីហនុ ១៨០គ្រួសារ   

   

លោក DONG DING CHENG   ប្រធានសមាគមសហគ្រិនចិន ខេត្តជាំងស៊ូ នៅកម្ពុជា មានប្រសាសន៍ថា សមាគមបានជួយបំពេញនូវរាល់សំណូមពរ និងជួយគ្នាក្នុងគ្រាលំបាក ដើម្បីលើកកម្ពស់រក្សាទំនាក់ទំនង កិច្ចសហការជាមួយប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរីកចម្រើន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសើរឡើងចូលរួមចំណែកក្នុងការងារមនុស្សធម៌ ។ 

លោកប្រធានតំណាងឱ្យសមាគមបានសំណូមពរ បងប្អូនទាំងអស់អាចចូលរួមធ្វើការជា មួយសហគ្រាសរបស់សមាគមផ្ទាល់ សមាគមសហគ្រិនយើងទទួលស្វាគមន៍យ៉ាងកក់ក្តៅពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ហើយសមាគមផ្តល់នូវលក្ខខណ្ឌការងារល្អប្រសើរ គ្មានភាពរើសអើង គោរពស្រឡាញ់ប្រៀបដូចគ្រួសារតែមួយ ។


 ឯកឧត្តម យន្ត មីន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោ     សញ្ចេតនាអាណិត ស្រឡាញ់ មេត្តា ករុណាដ៏ជ្រាលជ្រៅជាមួយគ្រួសារប្រជាពលរដ្ឋទាំងអស់ ព្រមទាំងថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសហគ្រិនចិន ខេត្តជាំងស៊ូ នៅកម្ពុជា និងសហការី ដែលបាននាំយកអំណោយមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ព្រមទាំងផ្តល់ឱកាសការងារចំពោះប្រជាជនយើង ។
   

ឯកឧត្តម ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក៏បានផ្តាំផ្ញើចំពោះប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់បញ្ហាសុខភាព អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការជំងឺឆ្លងនានា ចូលរួមគោរពច្បាប់ចរាចរណ៍ លុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សា ល្បែងស៊ីសងគ្រប់ប្រភេទ ដែលអាចបង្កឱ្យមានអសន្តិសុខក្នុងសង្គម ។

 សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រទាំង ១.០០០គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ឃីត១( មុង១ ក្រមា១ ភួយ១ សារុង១) មី ១កេស ត្រីខ ១យួរ និងថវិកាមួយចំនួន ៕ 

ដោយ ងូ សុមុនី