អ្នកតំណាង​រាស្រ្ត​មណ្ឌលសៀមរាប​អះអាងថា ផ្លូវ​ជា​ច្រើន​ខ្សែនៅ​ស្រុកក្រឡាញ់ ​ត្រូវ​បាន​សាងសង់ឡើងជាផ្លូវបេតុង ដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ

AKP សៀមរាប ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​មាន​ប្រសាសន៍ថា នៅ​ក្នុង​ឆ្នាំ២០១៨នេះ ជាពិសេសបន្ទាប់​ការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ​អាណត្ដិទី៦នេះ​រួចមក ផ្លូវ​ជាច្រើន​នៅ​ក្នុង​ស្រុកក្រឡាញ់ ត្រូវ​បាន​កែប្រែដូចជា ផ្លូវដី ស ដែលកន្លងមាន​ការ​លំបាកខ្លាំង​ ឥឡូវបាន​កសាងជាផ្លូវគ្រួសក្រហម និងផ្លូវមួយចំនួនទៀតពីមុនជាផ្លូវ​គ្រួស​ក្រហម បានសាងសង់ជាផ្លូវ​បេតុង​។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចាក់បេតុង១ខ្សែប្រវែង១.៥០០ម៉ែត្រ ជាអំ​ណោយ​របស់​ ​ឯក​ឧត្តម សៀង ណំា និង​ក្រុមគ្រួសារ ស្ថិតក្នុងភូមិផ្លាំង ឃុំស្រណាល ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តមបានបញ្ជាក់ថា ដើម្បី​បង្កភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​កន្លងមកនេះឯកឧត្តម​បាន​ចំណាយថវិកាផ្ទាល់ខ្លួន​រាប់លាន​ដុល្លារសម្រាប់ជួយធ្វើ​ផ្លូវ ប្រឡាយទឹក សាលារៀន មណ្ឌលសុខភាព​ និង​វិស័យ​ផ្សេង​ៗជាច្រើន​ទៀត​។
ឯកឧត្តម ទៀ សីហា​ អភិបាលខេត្តសៀមរាប​ដែលទើប​តែតាំងថ្មី​បានចាត់ទុក​ឯក​ឧត្តម សៀង ណាំ គឺ​ជាអ្នកតំណាង​រាស្រ្តមួយរូប ដែល​បាន​ជួយធ្វើ​ការ​អភិវឌ្ឍយ៉ាង​ខ្លាំង​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជាទូទាំង​ប្រទេសបាន​ដឹង និងគោរពស្រលាញ់គ្រប់ៗគ្នា ហើយសកម្មភាពដ៍ល្អ​ទាំង​នេះ គឺជាគំរូសម្រាប់ឯក​ឧត្តម​ និងយកទៅអនុវត្តន៍តាម។

ឯកឧត្តម ទៀ សីហា បានលើកឡើងថា ផ្លូវចាក់បេតុង​១ខ្សែប្រវែង១.៥០០ម៉ែត្រ ដែល​បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅ​ពេល​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​ ដែលបង្ហាញអំពីការ​អភិ​វ​ឌ្ឍ​ក្នុង​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ ដែលផ្លូវ​បេតុង​មួយខ្សែនេះ មិនត្រឹម​តែ​បម្រើផល​ប្រយោជន៍ ​សម្រាប់បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុងភូមិផ្លាំង​ប៉ុណ្ណោះទេ គឺបម្រើផលប្រយោជន៍​សម្រាប់ប្រជាជនទូទៅក្នុង​ស្រុក​ក្រឡាញ់នេះទាំងមូល។ ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា ផ្លូវមួយខ្សែនេះ នឹង​រួមចំណែក​យ៉ាង​សំខាន់ ​ក្នុងការបង្កលក្ខណៈងាយស្រួល ​សម្រាប់​ការ​ធ្វើដំណើរ​ទៅមក និងការដឹក​ជញ្ជូនដើម្បីប្រកបអាជីវកម្ម និងលើក​កម្ពស់​ជីវភាព​​​រស់នៅ និង កាត់​បន្ថយ​​ភាពក្រីក្រ​របស់​ប្រជាពល​រដ្ឋ​។ ឯកឧត្តមបានបន្ថែមថា ពោលគឺមានផ្លូវល្អ និងស្ពាន​ល្អ មាន​​ន័យ​ថា យើងមានច្រកសម្រាប់ផ្សារភ្ជាប់​សេដ្ឋកិច្ចកម្ពុជាទៅនឹងសេដ្ឋកិច្ចតំបន់ និង​ពិភពលោក ដូចទិស​ស្លោក​មួយថា “ទីណាមានផ្លូវ ទីនោះមានក្តីសង្ឃឹម”៕

ដោយ ឃុត សៅ