សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត៥ធ្នូ ឆ្នាំ២០១៨

AKP ព្រះវិហារ ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ — សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត៥ធ្នូ ២០១៨ ក្រោមប្រធានបទ “អ្នកស្ម័គ្រចិត្តដើម្បីសហគមន៍យើង” ដោយមានការញ្ជើញចូលរួមពី លោក រ៉ាត់ សោភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ដ ថ្នាក់ដឹកនាំ​មន្ត្រី​សាខា មន្ត្រីប្រចាំការអនុសាខា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យជាំក្សាន្ត សរុបប្រមាណ ១២១ នាក់។  ពិធីនេះ ធ្វើឡើង នៅទីស្នាក់អនុសាខាកាក​បាទក្រហមកម្ពុជាស្រុកជាំក្សាន្ត កាលពីថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។

 លោក រ៉ាត់ សោភា បានមានប្រសាសន៍ថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើក កម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ដែលមានអាយុកាល១៥៥ឆ្នាំមកហើយ។ លោកបានបន្ដថា ទិវានេះបានផ្តោតលើ គុណតម្លៃនៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។លោកបានបន្ថែមថា ជាក់ស្តែងកាកបាទក្រហមកម្ពុជា បានពង្រឹង និងកំពុងពង្រីកកម្លាំងអ្នក ស្ម័គ្រចិត្តដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នក ងាយរងគ្រោះបំផុតឱ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។ជាមួយគ្នានេះដែរ ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំង៦០នាក់ លោកអនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ដព្រះវិហារក៏បានឧបត្ថម្ភម្នាក់ៗទទួលបានសាប៊ូ ១កញ្ចប់ និងថវិកាមួយចំនួន។ ចំណែកយុវជនកាកបាទក្រហមកម្ពុជាចំនួន៥០ នាក់ ម្នាក់ៗ សៀវភៅ២ ក្បាល ប៊ិច ១ ដើម និងថវិកាមួយចំនួនផងដែរ ៕

ដោយ ទិត ស្រ៊